ព័ត៌មាន​ជាតិ &raquo បរិយាយថ្ងៃនេះ

រឿង​ខ្មែរ​មួយ​ក្រុម​តូច​លួច​ចូល​កាប់​ឈើ​គ្រញូង​ពី​ដី​ប្រទេស​ថៃ​...​ពេល​ខ្លះ​ត្រូវ​ទាហាន​ថៃ​បាញ់​ចោល​ក្នុង​ព្រៃ​...​ពេល​ខ្លះ​គេ​ដេញចាប់​បាន ជាប់គុក ជាប់ច្រវាក់​នៅ​ស្រុក​គេ​ទៅ​...​ពេល​ខ្លះ​គេ​ប្រាប់​ខ្មែរ​ថា ឱ្យ​ប្រដៅ​កូនចៅ​ផង​...ទប់ស្កាត់​ផង​...​។

រឿង​ទាហាន​បាញ់​ចោល​កណ្តាល​ព្រៃ​...​រឿង​ថៃ​ចាប់​បាន​...​ក៏​ត្រូវ​លេចឮ​ដល់​អាជ្ញាធរ​ខ្មែរ​តាម​ព្រំដែន​...​ស្រែក​ប្រកាស​រក​ជំនួយ​ផ្លូវច្បាប់​...​ស្រែ​កថា​ជួយ​ផង​...​សៀម​បាញ់​ខ្មែរ​ស្លាប់​ទៀត​ហើយ ។

ប៉ុន្តែ​ភាគច្រើន​នៃ​អំពើអាក្រក់​បាន​ទទួល​សុវត្ថិភាព​និង​បាន​ជោគជ័យ​សម្ងំ​ស្ងាត់ឈឹង​...​លើ​មុខរបរ​ចោរ​ដ៏​អាម៉ាស់​នេះ ។
ឈ្មួញ​ឈើ​គ្រញូង​មាន​ដុល្លារ​ទាំង​បាច់​ៗ​ប្រចាំការ​តាម​ព្រំដែន​...​ប្រគល់​ប្រាក់​ឱ្យ​មុន​...​ធ្វើ​ម៉េច​ឱ្យ​តែ​នាំ​យក​គ្រញូង​មក​វិញ​ដើម្បី​ទូទាត់​គ្នា​...​ហើយ​ថ្ងៃក្រោយ​ទៀត​...​មិន​ខ្វះ​ទេ​លុយ​សម្រាប់​ទិញ​...​ឱ្យ​តែ​ចេះ​យក​គ្រញូង​មក​ដល់​...រីឯ​សមត្ថកិច្ច​ខ្លះ​តាម​ព្រំដែន​ក៏​ត្រូវ​សង្ស័យ​ដុល្លារ​បិទ​មាត់ បិទ​ភ្នែក​ដែរ​...​ទប់​ពួក​ចោរ​អត់​បាន​ទេ​...​ធ្វើ​មិនដឹងមិនឮ​...​បាន​ស៊ីបាន​ចុក​...​បាន​បុក​ទំពារ​ជាមួយ​ចោរ​ឈ្មួញ​ឈើ​រាប់​ខែ រាប់​ឆ្នាំ​...​អាណា​ងាប់​ឯណា​ងាប់​ទៅ​...​ហេ ! ហេ !

ចំណែក​ក្រុម​អ្នក​សារព័ត៌មាន​តាម​ជាយ​ដែន​...​ឈឺក្បាល​វិលមុខ​គ្រប់​គ្នា​...​ដឹង​ច្បាស់​ថា​ច្រក​ទ្វារ​សម្ងាត់​មួយ​នេះ​...​ជា​ច្រក​ចោរ​...​ច្រក​ទ្វារ​ប្រមូលគ្នា​ទាំង​ហ្វូង​លួច​ចូល​កាប់​គ្រញូង​ប្រទេស​គេ​...​ឃើញ​ឈ្មួញ​ដឹក​គ្រញូង​ទាំង​ឡាន​ៗ​ជា​ផល​ចោរកម្ម​ឆ្លង​ដែន​...​អត់​ហ៊ាន​សរសេរ​...​អត់​ហ៊ាន​ផ្សាយ​ច្រើន​ទេ​...​ជួនកាល​ដាំ​ដើម​គ​...​ជួនកាល​អង្គុយ​មើល​រូបថត​ចោរ​ស្ពាយ​គ្រញូង​ទាំង​ខឹង​...

កាលណា​សរសេរ​ផ្សាយ​...​វា​ដូច​ជា​ហែកកេរ្តិ៍​...​ហែក​កិត្តិយស​ជាតិ​សាសន៍​ឯង​...​វះ​ដើមទ្រូង​ពូជសាសន៍​ឯង​ឱ្យ​គេមើលឃើញ​ថ្លើមខ្មៅ​...​ថ្លើម​ពាសមេឃ​...
មួយ​ក្រុម​តូច​សោះ​ឃុបឃិត​...​ប្រមូលគ្នា​ធ្វើ​ចោរលួច​ឆ្លង​ដែន​...​ជួនកាល​ម្ចាស់ផ្ទះ​អត់​ដឹង​ថា​មាន​ចោរ​ខ្មែរ​ចូល​លួច​សោះ​...​ដល់​យើង​ផ្សាយ​...​ដូច​ដាស់​ម្ចាស់ផ្ទះ​ឱ្យ​ក្រោក​...​ដូច​ហែក​ដើមទ្រូង​...​ហែក​បេះដូង​ពូជសាសន៍​ឯង​ឱ្យ​គេ​ដៀល​ត្បក​...

បើ​អីចឹង តើ​ត្រូវ​រក​វិធីសាស្ត្រ​ណា​កំចាត់ ? ឬ​មួយ​អាណា​លួច​អី​លួច​ទៅ​...​ស្រេច​តែ​វា ! ងាប់​រស់​...​មានបាន​...​ស្រេច​តែ​វា ?
                    អា​ឡេវ