បេក្ខជន​បក្ស​សាធារណរដ្ឋ​ពីរ​នាក់​ព្រួត​គ្នា​បកអាក្រាត​លោក ដូ​ណា​ល់​ត្រាំ​

​ក្នុង​ការជជែក​ដេញដោល​ក្នុង​បក្ស​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ២៥ កុម្ភៈ បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក Marco Rubio និង​លោក Ted Cruz ចាប់ផ្តើម​ព្រួត​ដៃ​គ្នា​វាយប្រហារ​បេក្ខជន​នាំមុខគេ ដូ​ណា​ល់ ត្រាំ ខណៈដែល​ការបោះឆ្នោត​សំខាន់បំផុត​ចំនួន ១១​រដ្ឋ នៅ​ចាប់ផ្តើម​សប្តាហ៍​ក្រោយនេះ​។ អ្នកនយោបាយ​ទាំងពីរ​ព្យាយាម​យក​រឿងអាស្រូវ​និង​បញ្ហា​ក្តីក្តាំ​នានា​របស់​សេដ្ឋី​អចល​ទ្រព្យ​ខាងលើ​ពាក់ព័ន្ធ​ការជួល​ជន​អន្តោរ​ប្រវេសន៍ ការ​ស្នង​ទ្រព្យសម្បត្តិ​ពី​ឪពុកម្តាយ និង​ការបើក​ដំណើរការ​សាកលវិទ្យាល័យ​បោក​បញ្ឆោត​សិស្ស​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​បេក្ខជន​បក្ស​សាធារណរដ្ឋ​ពីររូប​គឺ​លោក Marco Rubio និង​លោក Ted Cruz បាន​សហការគ្នា​លើកយក​រឿងរ៉ាវ​ក្តីក្តាំ​ជាច្រើន​របស់លោក ដូ​ណា​ល់ ត្រាំ មក​វាយប្រហារ​ក្នុង​គោលបំណង​ទម្លាក់​ប្រជាប្រិយភាព​លោក​។​ការ​ព្រួត​គ្នា​របស់​បេក្ខជន​ទាំងពីរ​វាយប្រហារ​បេក្ខជន​នាំមុខ​ក្នុង​បក្ស​លោក ដូ​ណា​ល់ ត្រាំ កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ថ្ងៃ​បោះឆ្នោត​សំខាន់​តាម​បក្ស​នៅ​រដ្ឋ​ចំនួន​១១ ដែល​ក្នុងនោះ​មាន​ទាំង​រដ្ឋ​តិច​សាស​ផង​។

​ក្នុងពេល​ជជែក​ដេញដោល​គ្នា​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ លោក Marco Rubio ស្រាប់តែ​លើកយក​គោលជំហរ​ជារួម​របស់លោក ដូ​ណា​ល់ ត្រាំ ជុំវិញ​វិញ​បញ្ហា​ជនអន្តោប្រវេសន៍ និង​ភ្ជាប់​ជាមួយ​រឿងក្តី​កាល​អំឡុង​ឆ្នាំ ១៩៨០​ផង​។ លោក  Marco Rubio ថា លោក ដូ​ណា​ល់​ត្រាំ បាន​ជួល​ប្រជាជន​ប្រទេស​ដទៃ​ឲ្យ​ធ្វើ​ការងារ​ដែល​ប្រជាជន​អាមេរិក​គួរ​ធ្វើ​ក្នុង​គម្រោង​របស់លោក​ក​ន្ល​ង​មក​។ តាមពិតទៅ រឿងហេតុ​គឺ លោក ដូ​ណា​ល់ ត្រាំ រង​ការប្តឹងប្តល់​ព្រោះតែ​បាន​ជួល​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន​២០០​នាក់​ពី​ប្រទេស​ប៉ូឡូញ​ឲ្យ​មក​សាងសង់​អគារ​ខ្ពស់​របស់លោក​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ទសវត្សរ៍ ១៩៨០​នោះ​។ 

​ហើយ​ក្រៅពីនេះ លោក Marco Rubio  នេះ​ក៏បាន​លាតត្រដាង​ពី​បញ្ហា​អាស្រូវ​នៃ​សាកលវិទ្យាល័យ​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​រង​ការប្តឹងប្តល់​ដូចគ្នា​ដោយសារ​ការបោក​បញ្ឆោត​លុយ​សិស្ស​រាប់ពាន់​ដុល្លារ​ក្នុង​ឆ្នាំ ២០១៣ ។ រឿង​ក្តីក្តាំ​នេះ​នៅ​បន្ត​នៅឡើយ មកទល់​ពេល​បច្ចុប្បន្ននេះ​។​

​តែ​លោក ដូ​ណា​ល់ ត្រាំ បាន​ឆ្លើយតប​ភ្លាមៗ​ថា លោក គ្រាន់បើ​ជាង​លោក Marco Rubio ព្រោះ​លោក មាន​លុយ​ជួល​មនុស្ស​ច្រើន​រាប់រយ​នាក់ ខណៈដែល​លោក Marco Rubio មិនអាច​ជួល​មនុ​ស្សបាន​សូម្បីតែ​ម្នាក់​។ 

​ចំណែក​រឿង​មួយទៀត​គឺ លោក Marco Rubio បាន​រិះគន់​សេដ្ឋី​អចលនទ្រព្យ​ផងដែរ ថា កុំ​តែ​បានទ្រព្យ​ដែល​បន្សល់ទុក​ពី​ឪពុកម្តាយ​ជា​អ្នកមាន​ទេ កុំ​អី​លោក ដូ​ណា​ល់ ត្រាំ​ប្រហែល​ត្រឹម​ធ្វើជា​អ្នក​នាឡិការ​នៅ Manhattan ប៉ុណ្ណោះ​។

​ដោយឡែក​បេក្ខជន​ម្នាក់ទៀត​គឺ​លោក  Ted Cruz បាន​លើកយក​រឿង​មួយចំនួន​ពាក់ព័ន្ធ​ការផ្តល់​អំណោយ​ដល់​សមាជិក​បក្ស​ប្រជាធិបតេយ្យ​មាន​ទាំង​អតីត​ប្រធានាធិបតី ជី​មី កា​ទ័​រ (Jimmy Carter) អនុ​ប្រធានាធិបតី Joe Biden និង​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ផ្សេងទៀត​ផងដែរ​។ ទង្វើ​នេះ​វា​ប៉ះពាល់​គោលការណ៍​អភិរក្ស​នៃ​បក្ស​សាធារណរដ្ឋ​ផង​។ ប៉ុន្តែ​បេក្ខជន​ម្នាក់ទៀត​គឺ​លោក Ben Carson មិនបាន​ចូលរួម​វាយប្រហារ​លោក ដូ​ណា​ល់ ត្រាំ ទេ ហើយ​លោក​ក៏​ទទួលបាន​ការគាំទ្រ​តិច​ថែមទៀត​ក្នុងចំណោម​បេក្ខជន​បក្ស​សាធារណរដ្ឋ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​