កងទ័ព​ជើង​ទឹក​ចិន​បញ្ចប់​បេសកកម្ម​៥​ថ្ងៃ​នៅ​កម្ពុជា

កងទ័ព​ជើង​ទឹក​នៃ​នាវាចម្បាំង​របស់​ប្រជាជន​ចិន បាន​ចាក​ចេញ​ពី​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ រួច​ហើយ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ បន្ទាប់​ពី​ធ្វើ​ទស្សនកិច្ច ៥​ថ្ងៃ​នៅ​កម្ពុជា ដើម្បី​រឹត​ចំណង​មិត្តភាព និង​បំពេញ​បេសកកម្ម​ផ្លាស់ប្ដូរ​បទពិសោធន៍​ការងារ​រវាង​កងទ័ព​ជើង​ទឹក​ទាំង​ពីរ​ប្រទេស​នៅ​លើ​លំហ​​សមុទ្រ។

​វត្តមាន​របស់​នាវា​ចម្បាំង​ចិន នៅ​កម្ពុជា ពេល​នេះ មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សាធារណៈ​ជនជាតិ និង​អន្តរជាតិ។

​ក្រោយ​បញ្ចប់​ទស្សនកិច្ច ឬ​បេសកកម្ម​រយៈពេល ៥​ថ្ងៃ​នៅ​កម្ពុជា និង​បាន​ចូល​ជួប​ថ្នាក់ដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ មេបញ្ជាការ​កងទ័ព​ជើងទឹក​កម្ពុជា និង​បាន​ចូលរួម​ហ្វឹកហាត់​ផ្លាស់ប្ដូរ​បទពិសោធន៍​រួម​គ្នា​ជាមួយ​កងទ័ព​ជើង​ទឹក​កម្ពុជា រួច​មក នាវា​ចម្បាំង ៣​គ្រឿង​របស់​កងទ័ព​ប្រជាជន​ចិន បាន​ចាក​ចេញ​ពី​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

នាវា​កងទ័ព​ប្រជាជន​ចិន ទាំង ៣​គ្រឿង មាន​ផ្ទុក​កង​ម៉ារីន​សរុប ៧៣៧​នាក់ និង​បាន​ហ្វឹកហាត់​ជាមួយ​ទាហាន​ជើង​ទឹក​កម្ពុជា មាន​ចំនួន​ជិត ១០០​នាក់។ កង​នាវាចម្បាំង​ចិន បាន​មក​ដល់​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ។

នាវា​ចម្បាំង​ចិន ៨៥៥ ២០១៦
នាវា​ចម្បាំង​ចិន នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ មុន​ចេញ​ដំណើរ​ទៅ​ប្រទេស​ខ្លួន​វិញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Den Ayuthyea

មេបញ្ជាការ​រង​កងទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម លោក រស់ វាសនា ដែល​បាន​មក​ជូន​ដំណើរ​នៃ​ការ​វិល​ត្រឡប់​របស់​កងទ័ព​នាវា​ចម្បាំង​ប្រទេស​ចិន​ទាំង ៣​គ្រឿង កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែ​កុម្ភៈ នា​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ។ លោក​បាន​បង្ហាញ​កាយវិការ​ស្និទ្ធស្នាល​ជាមួយ​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ចិន និង​ចាត់​ទុក​វត្តមាន​របស់​កង​នាវា​ចម្បាំង​ប្រជាជន​ចិន មក​កម្ពុជា ពេល​នេះ ថា​បាន​ផ្ដល់​នូវ​បទពិសោធន៍​បន្ថែម​ទៀត មក​ដល់​កងទ័ព​ជើង​ទឹក​កម្ពុជា ក្នុង​ការងារ​ទប់ស្កាត់​នូវ​បទល្មើស​ផ្សេងៗ ដែល​អាច​នឹង​កើត​មាន​នៅ​លើ​លំហ​សមុទ្រ​នា​ថ្ងៃ​ខាង​មុខ។

ទោះ​យ៉ាង​ណា លោក រស់ វាសនា មិន​បាន​បញ្ជាក់​លំអិត​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​កង​នាវា​ជើង​ទឹក​ចិន មក​កម្ពុជា ពេល​នេះ ខាង​ភាគី​ខាង​ភាគី​ចិន បាន​ផ្ដល់​ជំនួយ​ជា​សម្ភារៈ​មក​ដល់​កងទ័ព​ជើង​ទឹក​កម្ពុជា មាន​អ្វី​ខ្លះ និង​បាន​ពិភាក្សា​ទៅ​លើ​ការងារ​អ្វី​ខ្លះ​នោះ​ទេ។ ប៉ុន្តែ​លោក​ចាត់​ទុក​ការ​ហ្វឹកហាត់​រួម​គ្នា​រវាង​កងទ័ព​ជើង​ទឹក​កម្ពុជា-​ចិន ពេល​នេះ គឺ​ជា​កិច្ច​សហប្រតិបត្តិការ​ដ៏​ធំ​មួយ​ដើម្បី​បង្កើន​សមត្ថភាព និង​ការ​ត្រៀម​ខ្លួន​ទប់ស្កាត់​ពេល​មាន​ហេតុការណ៍​លិច​ទូក កាណូត ឬ​មាន​គ្រោះ​មហន្តរាយ​ផ្សេងៗ​កើត​ឡើង​នៅ​លើ​លំហ​សមុទ្រ​ជាដើម។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា វត្តមាន​របស់​កងទ័ព​ជើង​ទឹក​ប្រជាជន​ចិន មក​បំពេញ​ទស្សនកិច្ច ៥​ថ្ងៃ​នៅ​កម្ពុជា ថា​បាន​បន្ត​រឹត​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត។ ជាង​នេះ​ទៀត កងទ័ពជើងទឹក​កម្ពុជា-​ចិន ក៏​បាន​ដកស្រង់ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​ល្អៗ រួម​គ្នា ក្នុង​ការងារ​សង្គ្រោះ​គ្រោះ​មហន្តរាយ និង​ទប់ស្កាត់​នូវ​បទល្មើស​ផ្សេងៗ នៅ​លើ​លំហ​សមុទ្រ​ជាដើម៖ «វត្តមាន​កងទ័ព​ចិន មក​កម្ពុជា ពេល​នេះ គឺ​ដើម្បី​ពង្រឹង​មិត្តភាព និង​ដក​ស្រង់​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា ក្នុង​ការ​សង្គ្រោះ​បទល្មើស ឬ​គ្រោះ​អាសន្ន​ផ្សេងៗ ដែល​កើត​មាន​នៅ​លើ​លំហ​សមុទ្រ​នៅ​ពេល​ខាង​មុខ»

​ដំណើរ​ទស្សនកិច្ច​របស់​កង​នាវាចម្បាំង​ប្រជាជន​ចិន មក​កម្ពុជា និង​មាន​សកម្មភាព​ហ្វឹកហ្វឺន​រួមគ្នា​រវាង​កងទ័ព​ទាំង​ពីរ​ប្រទេស​ពេល​នេះ ធ្វើ​ឡើង​ស្រប​ពេល​ស្ថានការណ៍​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង កំពុង​ឡើង​កម្ដៅ និង​នៅ​គ្រា​ប្រទេស​ចិន បាន​បង្កើន​កម្លាំង​យោធា​ទៅ​កាន់​តំបន់​សមុទ្រ​ចិន​ខាងត្បូង។

​កង​នាវាចម្បាំង​ជើង​ទឹក​នៃ​កងទ័ព​ប្រជាជន​ចិន មក​បំពេញ​បេសកកម្ម ៥​ថ្ងៃ​នៅ​កម្ពុជា ពេល​នេះ ដឹកនាំ​ដោយ​មេបញ្ជាការ​ប្រចាំការ​សមុទ្រ​ចិន​ខាងត្បូង គឺ​លោក​ឧត្ដមនាវីទោ យូ ម៉ាន់ជាំង (Yu Manjiang)។ ពួកគេ​ក៏​បាន​ចូល​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ និង​មេបញ្ជាការ​កងទ័ពជើងទឹក លោក ទៀ វិញ ព្រមទាំង​មន្ត្រី​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។

បច្ចុប្បន្ន​នេះ ប្រទេស​ចិន គឺ​ជា​ប្រទេស​ម្ចាស់​ជំនួយ​ចម្បង​មក​លើ​វិស័យ​យោធា​កម្ពុជា ដោយ​បាន​ផ្ដល់​ជំនួយ​ផ្គត់ផ្គង់​សម្ភារៈ​យោធា​ដល់​កងទ័ព​កម្ពុជា ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ការ​សាងសង់​វិទ្យាស្ថាន​យោធា ការ​ផ្ដល់​ឧទ្ធម្ភាគចក្រ កាំភ្លើង និង​រថយន្ត​យោធា​ជា​ច្រើន​គ្រឿង ព្រមទាំង​ទទួល​យក​មន្ត្រី​យោធា​កម្ពុជា ជា​ច្រើន​នាក់​ទៅ​បណ្ដុះបណ្ដាល​នៅ​ប្រទេស​ចិន ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។