កម្មករនិយោជិត ទទួលរងហានិភ័យ ការងារជាង ៣ម៉ឺននាក់ ក្នុងឆ្នាំ២០១៥

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់នៃ បេឡាជាតិរបប សន្ដិសុខសង្គម នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអះអាងថា ក្នុងឆ្នាំ២០១៥ កន្លងមកនេះ មានកម្មករ និយោជិតទទួលរង ហានិភ័យការងារចំនួន ៣០៩១៩នាក់ ក្នុងនោះបណ្ដាល ឲ្យស្លាប់ចំនួន ១៨១នាក់។ យោងតាមចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានកម្ពុជា (AKP)។

លោក អ៊ុក សមវិទ្យា នាយក បេឡាជាតិរបប សន្ដិសុខសង្គមថ្លែង ក្នុងកិច្ចប្រជុំបូកសរុប ការងារឆ្នាំ២០១៥ និងទិសដៅអនុវត្ដន៍ ការងារបន្ដឆ្នាំ២០១៦ នាទីស្ដីការក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈថា "ក្នុងចំណោមហានិភ័យទាំង នោះគឺមានគ្រោះថ្នាក់ការងារ ចំនួន ៣០២៨១នាក់ គ្រោះថ្នាក់នៅ កន្លែងធ្វើការមានចំនួន ២២៤៨៧នាក់ គ្រោះថ្នាក់នៅ ពេលធ្វើដំណើរ មានចំនួន៧៧៩១នាក់ របួសស្រាល ២៧៨០៤នាក់ របួសធ្ងន់២២៩៦នាក់ និងមិនមែនគ្រោះថ្នាក់ការងារ ចំនួន៧៩១នាក់ "។

លោកបានលើកឡើងថា បច្ចុប្បន្ននេះ បេឡាជាតិរបប សន្ដិសុខសង្គម បានដាក់ឱ្យដំណើរការរបប សន្ដិសុខសង្គមផ្នែក ហានិភ័យការងារ សម្រាប់បងប្អូនកម្មករ ហើយនៅដើមខែឧសភា ឆ្នាំ២០១៦ខាងមុខ នឹងចាប់ផ្ដើមដាក់ឱ្យអនុវត្ដន៍ របបថែទាំសុខភាព មួយបន្ថែមទៀតដែល នឹងផ្ដល់នូវអត្ថ ប្រយោជន៍យ៉ាង សំខាន់ដល់បងប្អូនកម្មករ និយោជិត ពេលមានគ្រោះថ្នាក់ការងារ ឬមានជំងឺ ឈឺស្កាត់ផ្សេងៗ ដែលផ្ដល់ សេវាធានារ៉ាប់រ៉ង២៤ម៉ោង លើ២៤ ម៉ោង ពិសេសការព្យាបាល ជំងឺដោយមិនគិតថ្លៃ។

លោកបានលើកឡើងទៀតថា រហូតមកដល់ពេលនេះ បេឡាជាតិរបបសន្ដិសុខសង្គម បានចុះ កិច្ចព្រមព្រៀងជាមួយ មូលដ្ឋានសុខាភិបាល សរុបចំនួន ៩៣កន្លែង ក្នុងនោះមន្ទីរពេទ្យរដ្ឋ ៩០កន្លែង រួមមាន មន្ទីរពេទ្យថ្នាក់ជាតិ នៅរាជធានីភ្នំពេញចំនួន ៤កន្លែង មន្ទីរពេទ្យបង្អែករាជធានី ខេត្ដចំនួន៦១កន្លែង មណ្ឌលសុខភាពរាជធានី ខេត្ដចំនួន២៥កន្លែង និងគ្លីនិកឯកជនចំនួន ៣កន្លែង។

លោក សេង សក្ដា អគ្គនាយកនៃ អគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ មានថ្លែងជំរុញឱ្យ បេឡាជាតិរបប សន្ដិសុខសង្គម ត្រូវបន្ដពង្រឹងការ អភិវឌ្ឍផ្នែកហានិភ័យ ការងារ ឱ្យបានកាន់តែ ល្អបន្ថែមទៀត ពិសេសបន្ដផ្សព្វផ្សាយ អំពីគោលការណ៍ និងអត្ថប្រយោជន៍ពាក់ ព័ន្ធនឹងការដាក់ឱ្យ អនុវត្ដន៍គោលនយោបាយ ស្ដីពីរបបថែទាំសុខភាព សម្រាប់ជនទាំងឡាយណា ដែល ស្ថិតនៅក្រោមបទប្បញ្ញត្ដិ នៃច្បាប់ស្ដីពីការងារដល់ ម្ចាស់សហគ្រាស គ្រឹះស្ថាន និងកម្មករ ឱ្យមកចុះ បញ្ជិកាជាសមាជិក ឱ្យបានច្រើន។

សូមបញ្ជាក់ថា គិតរហូតមកដល់ ដំណាច់ឆ្នាំ២០១៥ កន្លងមកនេះ បេឡាជាតិរបប សន្ដិសុខសង្គម បានពង្រីកវិសាលភាព ផ្នែកហានិភ័យការងារ គ្របដណ្ដប់នៅទូទាំង ប្រទេស និងបានចុះបញ្ជិកា សហគ្រាស គ្រឹះស្ថានសរុប ៧៧៩៦សហគ្រាស និងមានកម្មករ និយោជិតជាសមាជិកចំនួន ១០៧៧០៧៩នាក់៕