ក្នុងឆ្នាំ២០១៥ ទូតខ្មែរនៅបរទេស បានជួយពលករិនីខ្មែរ ៥៧៣នាក់ ឲ្យបានវិលមក មាតុភូមិវិញ

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៥ នេះ ស្ថានទូត និងស្ថានកុងស៊ុល កម្ពុជាប្រចាំនៅបណ្តា ប្រទេសចំនួន៦ បានជួយអន្តរាគមន៍ ដល់ពលការិនី ខ្មែរចំនួន ៥៧៣នាក់ ដែលជួបបញ្ហា លំបាកក្នុងការងារ ចាញ់បោកមេខ្យល់ និងត្រូវប្តីធ្វើបាប ឲ្យបានវិលមក មាតុភូមិវិញ នេះបើយោងតាម សេចក្តីប្រកាស ព័ត៌មាន របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួង ការបរទេស ដែលជម្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅ រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៥ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ តាមរយៈស្ថានតំណាងកម្ពុជា បានជួយ ដោះស្រាយរាល់បញ្ហា ដែលកើតមានឡើង ចំពោះពលករកម្ពុជា ដែលទៅធ្វើការ នៅបរទេស ការរំលោភបំពានផ្សេងៗ ពីសំណាក់និយោជក មកលើពលករខ្មែរ ផ្ដល់ការគាំទ្រផ្នែកច្បាប់ (ផ្ដល់មេធាវី ពេលឡើងតុលាការ) ការទាមទារសំណងផ្សេងៗ ធ្វើទំនាក់ទំនង ជាមួយអាជ្ញាធរ មានសមត្ថកិច្ច ប្រទេសតាំងនៅ អោយជួយសំរួល ផ្តល់ប័ណ្ណការងារ និងទិដ្ឋាការស្នាក់នៅ ជូនពលករខ្មែរ  ជួយសង្គ្រោះ និងសំរួលការធ្វើ មាតុភូមិនិវត្តន៍ ជូនពលរដ្ឋខ្មែរ បានចំនួន ៥៧៣នាក់។

លោក ជុំ សុន្ទរី បានបញ្ជាក់ទៀតថា ក្នុងនោះ ស្រ្តីរងគ្រោះ ចំនួន ៨២នាក់ ពីប្រទេសចិន ពលការិនីចំនួន ៥៥នាក់ ពីប្រទេសម៉ាឡេស៊ី ពលករ ចំនួន ៤២៧ នាក់ ពីប្រទេសឥណ្ឌូណេស៊ី ពលរដ្ឋកម្ពុជា ចំនួន២នាក់ ពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ពលរដ្ឋកម្ពុជា ចំនួន៦នាក់ ពីប្រទេសប៉ាពូញ៉ូហ្គីណេ និងចំនួន ១នាក់ ពីប្រទេស អាហ្រ្វិកខាងត្បូង។

ជាមួយគ្នានេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុង សៀងហៃ ប្រទេសចិន បានសហការ ជាមួយ អាជ្ញាធរមានសមត្ថកិច្ច ទីក្រុងសៀង ហៃ អន្តរាគមន៍ជួយ ស្រ្តីខ្មែររងគ្រោះចំនួន ២រូប  ដែលត្រូវប្ដីធ្វើបាប ឲ្យបានវិលត្រឡប់ មកកម្ពុជាវិញផងដែរ។

ស្រ្តីខ្មែររងគ្រោះទាំង ២រូប ដែលត្រូវបាន អាជ្ញាធរកម្ពុជា ជួយអន្តរាគមន៍នោះ ទី១.ឈ្មោះ សន មេត្តា  អាយុ ២១ឆ្នាំ មានស្រុកកំណើតនៅ ខេត្តបាត់ដំបង បានទៅរស់នៅ ជាមួយ ប្ដីនៅខេត្តជាំងស៊ី ប្រទេសចិន តាំងពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣  និងបានមកស្ថាន អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុង សៀងហៃ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ សុំជួយឲ្យបាន ត្រឡប់មកកម្ពុជាវិញ ដោយសារត្រូវ ប្ដីធ្វើបាប, ឯស្រ្តីរងគ្រោះទី២.ឈ្មោះ លី ស្រីម៉ៅ  អាយុ ១៩ឆ្នាំ មានស្រុកកំណើត នៅខេត្តកណ្ដាល  បានទៅរស់នៅជាមួយ ប្ដីនៅខេត្តជាំងស៊ី ប្រទេសចិន តាំងពីថ្ងៃ៨ ខែវិច្ឆិកា ឆ្នាំ២០១៤ និងបានមកស្ថានអគ្គ កុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ  នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ សុំជួយ ឲ្យបានត្រឡប់មកកម្ពុជាវិញ ដោយសារត្រូវប្ដីធ្វើបាប។

កំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានអគ្គកុងស៊ុល បានផ្តល់កន្លែងស្នាក់នៅ និងការ ហូប-ចុក ជូន ស្រ្តីរងគ្រោះទាំង២រូប នេះនឹងមកដល់ អាកាសយានដ្ឋាន អន្តរជាតិសៀមរាប នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ០៣៖៣៥នាទី ទៀបភ្លឺ តាមជើងយន្តហោះ K៦ ៨៦១៕