បេក្ខភាព​ប្រកួត​ប្រជែង​ទាំង​១៣​រូប​របស់ PNN ចាប់​ផ្ដើម​បទពិសោធន៍​ដំបូង​របស់​ខ្លួន​

សប្តាហ៍​នេះ បេក្ខភាព​ក្រួត​ប្រជែង​ទាំង​១៣​រូប បាន​ចាប់​ផ្ដើម​បទ​ពិសោធន៍​ដំបូង​របស់​ពួកគេ​ក្នុង​កម្មវិធី​ថ្មី​សន្លាង​មួយ ខណៈ​ពួកគេ​ទាំងអស់​ត្រូវ​រួបរួម​គ្នា​ជា​ក្រុម​មួយ​សម្រាប់​កម្មវិធី​ជីវិត​ពិត រៀបចំ​ដោយ​ស្ថានីយ​ទូរទស្សន៍ PNN ។​

 

កម្មវិធី​ជីវិត​ពិត​ថ្មី​សន្លាង​របស់ PNN ឈ្មោះ​ថា “មុខរបរ​ខ្ញុំ ឬ My Place” នឹង​ផ្ដោត​លើ​ការ​ប្រកួត​ប្រជែង​ក្នុង​លក្ខណៈ​សកម្មភាព​ការងារ​ជា​ក្រុម​របស់​បេក្ខជន-បេក្ខនារី​១៣​រូប រួម​គ្នា​បង្កើត​ភោជនីយដ្ឋាន​ថ្មី​មួយ​ដែល​អាច​ទទួល​អតិថិជន​បាន​រហូត​ដល់​ទៅ​៥០​នាក់​។​

 

បេក្ខភាព​ប្រកួត​ប្រជែង​ទាំង​១៣​រូប​របស់ PNN ចាប់​ផ្ដើម​បទពិសោធន៍​ដំបូង​របស់​ខ្លួន​

 

កាលពី​ថ្ងៃ​អង្គារ សប្តាហ៍​នេះ បេក្ខភាព​ប្រជែង​បាន​ចាប់ផ្ដើម​បទពិសោធន៍​របស់​ពួកគេ​នៅ​ឯ​ផ្ទះ​បាយ​ រៀប​ចំ​ឡើង​ក្នុង​ស្ទូឌីយ៉ូ​របស់ PNN បង្កើត​ឡើង​ជា​ពិសេស​បម្រើ​ឲ្យ​កម្មវិធី​ថ្មី​នេះ​ផ្ទាល់​តែម្តង​។ ជាមួយ​គ្នា​នេះ ពួកគេ​ទាំង​១៣​រូប ក៏​ទទួល​បាន​ការ​បណ្ដុះ​បណ្តាល​ជំនាញ​ឆុង​កាហ្វេ​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ផង​ដែរ​។​

 

មុន​នឹង​ឈាន​ដល់​ការ​បង្កើត​ចេញ​ជា​រូបរាង​នូវ​ភោជនីយដ្ឋាន​ពិត​ប្រាកដ​មួយ បេក្ខភាព​ប្រជែង​នឹង​ទទួល​បាន​ការបណ្តុះ​បណ្តា​រៀបចំឡើង​ជា​ពិសេស​។ ពួកគេ​នឹង​ត្រូវ​ប្រឈម​ជាមួយ​បញ្ហា​ជាច្រើន​ក្នុង​កម្មវិធី​ថ្មី​នេះ​។

 

ផ្ទុយ​ទៅ​នឹង​កម្មវិធី​ជីវិត​ពិត​ផ្សេង​ទៀត “មុខរបរ​ខ្ញុំ ឬ My Place” នឹង​ផ្តោត​សំខាន់​ទៅ​លើ​​ការ​អប់រំ​កម្រិត​ខ្ពស់​មួយ​សម្រាប់​បេក្ខជន-បេ​ក្ខ​នារី​។

 

សប្តាហ៍​ទី​មួយ​នៃ​កម្មវិធី ទស្សនិកជន​នឹង​បាន​ឃើញ​បេក្ខជន​ទាំង​អស់​ក្នុង​សកម្មភាព​ការងារ​ជាមួយ​មេ​ចុងភៅ​ក្នុងស្រុក អ្នក​គ្រប់គ្រង​ភោជនីយដ្ឋាន ក៏​ដូចជា​ទទួល​បាន​ការ​ប្រឹក្សា​យោបល់​ពី​អ្នក​ជំនាញ​ពាណិជ្ជកម្ម ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​របៀប​ចម្អិន​អាហារ និង​ឆុង​កាហ្វេ​ឲ្យមាន​រសជាតិ​ឆ្ងាញ់​។​

 

លោក Jimmy ផលិតករ​កម្មវិធី មុខ​របរ​ខ្មុំ បាន​លើកឡើង​ថា “​បេក្ខជន បេ​ក្ខ​នារី ពួក​យើង​ដែល​ត្រូវ​បាន​ជ្រើស​មក​ចូលរួម​ក្នុង​កម្មវិធី សុទ្ធសឹង​ជា​អ្នក​ចង់​រៀន និង​ចង់​ទទួល​បាន​ចំណេះដឹង​ពិតប្រាកដ​មួយ​សម្រាប់​ខ្លួនឯង​។ ពួកគេ​ទាំងអស់ នឹង​ត្រូវ​ធ្វើការ​ទាំងអស់​គ្នា ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​តាំងចិត្ត​ក្នុង​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្ពស់ ដើម្បី​ទទួល​បាន​រង្វាន់​រហូត​ដល់​ទៅ ៥​ពាន់​ដុល្លារ​ពី​កម្មវិធី​”។

 

បេក្ខភាព​ប្រកួត​ប្រជែង​ទាំង​១៣​រូប​របស់ PNN ចាប់​ផ្ដើម​បទពិសោធន៍​ដំបូង​របស់​ខ្លួន​

 

បេក្ខជន បេ​ក្ខ​នារី​សរុប ១៣​រូប ដែល​កំពុង​ចូលរួម​ក្នុង​កម្មវិធី មុខរបរ​ខ្ញុំ ឬ My Place របស់ PNN មាន​អាយុ​ចន្លោះ​ពី ១៩ ទៅ ៣៤​ឆ្នាំ​។ ក្នុង​ជុំ​ជម្រុះ​ដំបូង​នៃ​កម្មវិធី បេក្ខជន ឬ​បេ​ក្ខ​នារី​ម្នាក់ នឹង​ត្រូវ​ស្រក់​ទឹក​ភ្នែក បើទោះជា​មិន​ដឹង​ច្បាស់​ថា​ខ្លួន​ត្រូវ​ចាក​ចេញពី​កម្មវិធី ឬ​ក៏​បន្ត​ក្នុង​កម្មវិធី​យ៉ាង​ណា​ក្តី ខណៈ​បេក្ខជន បេ​ក្ខ​នារី​ម្នាក់​ទៀត នឹង​ត្រូវ​តស៊ូ​ជាមួយ​ក្រុម​ផលិត​កម្មវិធី​ផ្ទាល់​តែម្តង​។​

 

ផលិតករ​ខាង​លើ​បន្ត​ថា “​សម្រាប់​ក្រុម​ការងារ​ពួក​យើង ការ​វាយ​តម្លៃ និង​ជ្រើស​បេក្ខជន​ចូល​រួម​កម្មវិធី គឺ​អាស្រ័យ​ទៅ​លើ​អត្តចរិត និង​ជំនឿ​ចិត្ត​របស់​ពួកគេ​ផ្ទាល់ ដើម្បី​ចាប់​ផ្តើម​កម្មវិធី និង​ទទួល​បាន​ចំណេះដឹង​។ ដោយ​មាន​ការចូលរួម​ពី​បេក្ខជន បេ​ក្ខ​នារី​ជា​ច្រើន មើល​ទៅ​នឹង​កាន់តែ​គួរឲ្យ​ចាប់​អារម្មណ៍​ថា ជោគវាសនា​របស់​ពួកគេ​នឹង​ទៅ​ជា​យ៉ាងណា​។​”

 

កម្មវិធី​ជីវិត​ពិត​របស់ PNN នឹង​ចាក់​ផ្សាយ​ចាប់​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៦ ពី​ម៉ោង៨:០០​នាទី​យប់​តទៅ​។​

 

​ស្ថានីយទូរទស្សន៍ PNN បាន​កំពុង​បង្កើត​កម្មវិធី​ថ្មីៗ​ជាច្រើន ដើម្បី​ឆ្លើយតប​ទៅ​នឹង​បម្រាម​ចេញ​ផ្សាយ​ក្រសួង​ព័ត៌មាន​កាលពី​ពេល​ថ្មីៗ​។​ ក្រសួង​ព័ត៌មាន​បាន​តម្រូវ​ឲ្យ​គ្រប់​ស្ថានីយទូរទស្សន៍​ក្នុង​ស្រុក​ទាំងអស់​បញ្ឈប់​ការ​ចាក់​ផ្សាយ​កម្មវិធី ក៏​ដូចជា​ភាពយន្ត​បរទេស​ក្នុង​ម៉ោង​មាស​របស់ខ្លួន គឺ​ចន្លោះ​ពី​ម៉ោង ១៩ ដល់​ម៉ោង ២១​។​ ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក រាប់បញ្ចូល​ទាំង​ក្រុមហ៊ុន​ទូរទស្សន៍​ខ្សែកាប​ជាដើម ត្រូវតែ​គោរព​ជា​ដាច់ខាត​ដោយ​ត្រូវ​ចាក់ផ្សាយ​កម្មវិធី ឬ​ភាពយន្ត​ផលិត​ក្នុងស្រុក​៕

 

អត្ថបទ៖ ពាណិជ្ជកម្ម