កម្មករ​រោងចក្រ​នៅ​សង្កាត់​កំបូល​ផ្អាក​តវ៉ា​ក្រោយ​មាន​ដំណោះស្រាយ​មួយ​ចំនួន

ក្រុម​កម្មករ​រោងចក្រ ក្លូប័ល អាប់ភើរែល (Global Apparel Limited) ដែល​មាន​ទីតាំង​នៅ​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ បាន​បំបែក​គ្នា​ផ្អាក​តវ៉ា​នៅ​បន្ទាប់ពី​ភាគី​ក្រុមហ៊ុន​យល់ព្រម​ផ្ដល់​ដំណោះស្រាយ​មួយ​ចំនួន បន្ទាប់​ពី​ពួកគេ​ចេញ​តវ៉ា ៣​ថ្ងៃ។ ការប្រជុំ​ស្វែង​រក​ដំណោះស្រាយ​នេះ ធ្វើ​នៅ​ក្រសួង​ការងារ នៅ​ទី​២៦ ខែ​កុម្ភៈ ដោយ​មាន​ភាគី​ក្រុមហ៊ុន និង​សហជីព តំណាង​កម្មករ ក្រោម​ការ​សម្របសម្រួល​របស់​មន្ត្រី​ក្រសួង​ការងារ។

ក្រោយ​ជួប​ចរចា​គ្នា​អស់​ជា​ច្រើន​ម៉ោង មន្ត្រី​សម្ព័ន្ធ​សហជីព​កម្ពុជា លោក ចន ធាង អះអាង​ថា ថ្វី​បើ​កម្មករ​ទាមទារ​លក្ខខណ្ឌ​ការងារ ១២​ចំណុច ប៉ុន្តែ​ជា​លទ្ធផល​ក្រោយ​ចរចា គឺ​សម្រេច​បាន​តែ​ពីរ​ចំណុច​សំខាន់ៗ​ប៉ុណ្ណោះ គឺ​ក្រុមហ៊ុន​ឯកភាព​ទទួល​យក​កម្មករ​ទាំង ៨៧​នាក់ ឲ្យ​បាន​ចូល​ធ្វើ​ការ​វិញ។

ចំណែក​ថ្ងៃ​ធ្វើ​កូដកម្ម​នោះ គឺ​ក្រុមហ៊ុន​រក្សា​ប្រាក់​រង្វាន់​ការងារ​ទៀត​ទាត់ ឬ​លុយ​ព្រីម​នៅ​ដដែល ប៉ុន្តែ​កាត់​ប្រាក់​លើកទឹកចិត្ត និង​កាត់​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើ​កូដកម្ម​ចំនួន​មួយ​ថ្ងៃ​កន្លះ។

មន្ត្រី​សហជីព​រូប​នេះ​បញ្ជាក់​ថា ក្រុម​កម្មករ​យល់ព្រម​ទទួល​យក​លទ្ធផល​ចរចា​នេះ ហើយ​យល់​ព្រម​ចូល​ធ្វើ​ការងារ​វិញ​ទាំង​អស់ នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ចំពោះ​លក្ខខណ្ឌ​ការងារ​នៅ​សេសសល់ នឹង​លើក​ទៅ​ចរចា​នៅ​ពេល​ក្រោយ៖ «»។

​ការ​ជួប​ប្រជុំ​ស្វែង​រក​ដំណោះស្រាយ​នេះ គឺ​បន្ទាប់ពី​ក្រុម​កម្មករ ក្លូប័ល អាប់ភើរែល ប្រមាណ​ជាង ១០០​នាក់ បាន​ឡើង​មក​តវ៉ា​នៅ​មុខ​ក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ហើយ​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត​បាន​ឈរ​តវ៉ា​បិទ​ផ្លូវ​នៅ​មុខ​ក្រុមហ៊ុន ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ដឹក​អីវ៉ាន់​ចេញ​ចូល។

​ក្រុម​កម្មករ​រោងចក្រ ក្លូប័ល អាប់ភើរែល បាន​ធ្វើ​កូដកម្ម​អហិង្សា ៣​ថ្ងៃ​ហើយ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ១២​ចំណុច រួម​មាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​កម្មករ​ចំនួន ៨៧​នាក់ ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​កាល​ពី​ពេល​ថ្មីៗ​នេះ និង​ស្នើ​ឲ្យ​ជួសជុល​បន្ទប់ទឹក​ឲ្យ​មាន​អនាម័យ ជួយ​ជួល​ឡាន​ដឹក​កម្មករ ព្រមទាំង​ក្រុមហ៊ុន​ត្រូវ​សហការ​ដោះស្រាយ​ជាមួយ​កម្មករ​ពេល​មាន​បញ្ហា ដោយ​គ្មាន​ការ​រើសអើង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែង​រក​ការ​ពន្យល់​ពី​ភាគី​ក្រុមហ៊ុន​បាន​ទេ ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។

ទោះបីជា​ទទួល​បាន​លទ្ធផល​ខ្លះ​ក្ដី កម្មការិនី ថល ធា រៀបរាប់​ថា ក្រុមហ៊ុន​ហាក់​មិន​ទាន់​មាន​ការ​អនុវត្ត​ឲ្យ​បាន​ល្អ​តាម​ច្បាប់​ការងារ​នៅ​ឡើយ ដូចជា​ករណី​បញ្ឈប់​កម្មករ​តាម​អំពើ​ចិត្ត។ កម្មការិនី​រូប​នេះ​ចង់​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត ដើម្បី​ជួយ​សម្រួល​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ៖ «»។

ទោះ​យ៉ាង​ណា​ក៏ដោយ ក្រោយ​ទទួល​បាន​ដំណោះស្រាយ​ខ្លះ គឺ​ក្រុម​កម្មករ​បាន​បំបែក​គ្នា​ផ្អាក​តវ៉ា ហើយ​ប្រកាស​ថា ប្រសិនបើ​លក្ខខណ្ឌ​ការងារ​សេសសល់​មួយ​ចំនួន​ទៀត​នៅ​តែ​មិន​មាន​ដំណោះស្រាយ គឺ​ក្រុម​កម្មករ​នឹង​បន្ត​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​អហិង្សា​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។