គណបក្ស​ហ៊្វុនស៊ិនប៉ិច​បដិសេធ​ការ​លើក​ឡើង​របស់​លោក ញឹក ប៊ុនឆៃ

គណបក្ស​ហ៊្វុនស៊ិនប៉ិច ចេញ​លិខិត​ច្រានចោល​ការ​លើក​ឡើង​របស់​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​អះអាង​ក្នុង​សមាជ​លើក​ដំបូង​របស់​គណបក្ស​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ នា​ខណ្ឌ​ជ្រោយចង្វារ ថា ក្រសួង​មហាផ្ទៃ បាន​សម្រេច​រំលាយ​សមាជ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ប្រារព្ធ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥ កន្លង​ទៅ ហើយ​ក្រសួង​មហាផ្ទៃ ក៏​ប្រគល់​ទីស្នាក់ការ​ចំនួន ២១ របស់​ហ៊្វុនស៊ិនប៉ិច នៅ​តាម​បណ្ដា​ខេត្ត ឱ្យ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​គ្រប់គ្រង​ផង​ដែរ។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ញឹក ប៊ុនឆៃ ថា ជា​ការ​បំផ្លើស​ភូត​កុហក ដើម្បី​ទាក់ទាញ​អ្នក​ចូលរួម​ប្រជុំ​សមាជ​ប៉ុណ្ណោះ ព្រោះ​ថា ពុំ​មាន​ឯកសារ​របស់​ក្រសួង​មហាផ្ទៃ បញ្ជាក់​ពី​សេចក្ដី​សម្រេច​ណា​មួយ​ដូច​ការ​លើក​ឡើង​របស់​លោក ញឹក ប៊ុនឆៃ នៅ​ក្នុង​សមាជ​របស់​ខ្លួន​នោះ​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា លោក ខៀវ សុភ័គ ក៏​ពុំ​ឃើញ​មាន​លិខិត​ណា​មួយ​របស់​ក្រសួង​មហាផ្ទៃ ដែល​លើក​ឡើង​ពី​បញ្ហា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នោះ​នៅ​ឡើយ។

លោក ញឹក ប៊ុនឆៃ ធ្លាប់​បញ្ជាក់​ថា លោក​នឹង​ប្ដឹង​គ្រប់គ្រង​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ ព្រោះ​សមាជ​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥ គឺ​ខុស​ច្បាប់​លក្ខន្តិកៈ​គណបក្ស។ លោក​ថា កាល​ណោះ​សមាជិក​ចូល​រួម​សមាជ​ភាគ​ច្រើន​លើសលុប គឺ​មក​ពី​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ ដែល​លើកដៃ​អនុម័ត​ជ្រើសរើស​សម្ដេច​ក្រុមព្រះ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

អ្នក​នយោបាយ​ដែល​មាន​និន្នាការ​រាជា​និយម គឺ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ បាន​ដាក់​ពាក្យ​ប្ដឹង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ដណ្ដើម​គ្រប់គ្រង​កេរ​មតក​នៅ​ក្នុង​គណបក្ស​ហ៊្វុនស៊ិចប៉ិច ដែល​ជា​ស្នាព្រះហស្ត​របស់​ព្រះ​បរម​រតនកោដ្ឋ នរោត្តម សីហនុ ដូចជា​ទីស្នាក់ការ​នៅ​តាម​ខេត្ត និង​ស្លាក​គណបក្ស​ជាដើម បន្ទាប់​ពី​អ្នក​នយោបាយ​ចាស់​វស្សា​ទាំង​ពីរ​បែក​បាក់​គ្នា​ម្ដង​ទៀត កាល​ពី​ដើម​ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។