ពលរដ្ឋ​តវ៉ា​ឲ្យ​ក្រុមហ៊ុនស្រាបៀរ​អង្គរ​ដក​ភាគហ៊ុន​ចេញ​ពី​គម្រោង​សាងសង់​ទំនប់​ដនសាហុង

អង្គការ​ផ្នែក​បរិស្ថាន ប្រជា​សហគមន៍ និង​ក្រុម​យុវជន​ប្រមាណ​ជាង ១០០​នាក់ នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ នេះ  បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​នេះ ដក​ភាគហ៊ុន​របស់​ខ្លួន​ចេញ​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) ក្នុង​ប្រទេស​ឡាវ ជា​បន្ទាន់។ ចំណែក​តំណាង​ក្រុមហ៊ុន​អះអាង​ថា ក្រុមហ៊ុន​ស្រាបៀរ​អង្គរ មិន​ជាប់​ទាក់ទង​នឹង​គម្រោង​នេះ​ទេ។

ក្រុម​អ្នក​តវ៉ា​អះអាង​ថា ក្រុមហ៊ុន​ស្រាបៀរ​អង្គរ មាន​ភាគហ៊ុន ៥០% នៅ​ក្នុង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ដែល​គម្រោង​នេះ​កំពុងតែ​ផ្ដល់​ផល​ប៉ះពាល់​ទៅ​លើ​ជីវចម្រុះ និង​ជីវភាព​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រធាន​ស្ដីទី​នៃ​យុវជន​ការពារ​សង្គម និង​បរិស្ថាន លោក ជុំ ហួត ថ្លែង​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ដែល​មាន​ចម្ងាយ​មិន​ដល់ ២​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា នឹង​ប៉ះពាល់​ដល់​ប្រជាជន​ដែល​រស់​នៅ​តាម​ដង​ទន្លេ ពិសេស​នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ ទន្លេ​មេគង្គ និង​បឹង​ទន្លេសាប។ លោក​ថា លោក ហ្គោ ណាន់ គៀស (Goh Nan kioh) អ្នក​ជំនួញ​ជនជាតិ​ម៉ាឡេស៊ី ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​មេហ្គា ហ្វើស (Mega First Corporation Berhad) និង​ជា​ម្ចាស់​ហ៊ុន​ស្រាបៀរ​អង្គរ ដែល​កំពុង​មាន​ប្រជាប្រិយភាព ត្រូវ​តែ​ដក​ភាគហ៊ុន ៥០% របស់​ខ្លួន​ចេញ​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ជា​បន្ទាន់៖ «»។

តំណាង​សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​រងគ្រោះ​ផ្ទាល់​ពី​ទំនប់​វារីអគ្គិសនី​ដនសាហុង លោក ផយ វណ្ណា ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​ការ​សាងសង់​កំពុង​ដល់​ដំណាក់កាល​បិទ​ទន្លេ​ដែល​ជា​ច្រក​ទឹក​សំខាន់​រវាង​ឡាវ និង​កម្ពុជា។ លោក​ថា បញ្ហា​នេះ​កំពុង​តែ​គំរាមកំហែង​ដល់​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម​នៅ​ក្នុង​តំបន់ ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ប្រជា​សហគមន៍៖ «»។

ក្រោយ​ការ​តវ៉ា​អស់​រយៈពេល​ជិត ២​ម៉ោង​មក តំណាង​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ លោក ឆេង លាភ បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ក្រុម​អ្នក​តវ៉ា។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​រូប​នេះ​អះអាង​ថា ក្រុមហ៊ុន​ស្រាបៀរ​អង្គរ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ទំនប់​នេះ​នោះ​ទេ៖ «»។

​រដ្ឋសភា​ប្រទេស​ឡាវ បាន​អនុម័ត​លើ​កិច្ច​ព្រមព្រៀង​យល់​ព្រម​ឲ្យ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ដែល​ចម្រូងចម្រាស​កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១៥។ រដ្ឋាភិបាល​ឡាវ សហការ​សាងសង់​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ប្រទេស​ម៉ាឡេស៊ី ឈ្មោះ​មេហ្គា ហ្វើស។

គម្រោង​ទំនប់​វារីអគ្គិសនី​ដនសាហុង ដែល​មាន​កម្លាំង​ផលិត​អគ្គិសនី​ចំនួន ២៦០​មេហ្គាវ៉ាត់​នេះ ជា​ផែនការ​របស់​រដ្ឋាភិបាល​ឡាវ ដើម្បី​ប្រែក្លាយ​ប្រទេស​ឡាវ ទៅ​ជា​ប្រភព​ថាមពល​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍។ ឡាវ រំពឹង​ថា នឹង​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​លក់​អគ្គិសនី​ទៅ​បណ្ដា​ប្រទេស​ជិត​ខាង។

ញត្តិ​ទាមទារ​របស់​សង្គម​ស៊ីវិល​នៅ​កម្ពុជា ប្រមាណ ៣០​ស្ថាប័ន ដែល​ជាក់​ជូន​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ នេះ បង្ហាញ​ថា គម្រោង​ដនសាហុង នេះ នឹង​ប៉ះពាល់​ដល់​កម្រិត​លំហូរ​ទឹក​ទន្លេ​មេគង្គ និង​បំផ្លាញ​ប្រព័ន្ធ​ផ្លាស់​ទី​របស់​ត្រី​នៅ​តាម​តំបន់​ទន្លេ​មេគង្គ​ក្រោម ព្រមទាំង​នឹង​ប៉ះពាល់​ដល់​ប្រជាជន​ជាង ៦០​លាន​នាក់ ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ឡាវ មាន​កម្ពុជា ថៃ និង វៀតណាម ដែល​នៅ​តំបន់​មេគង្គ​ក្រោម។ សង្គម​ស៊ីវិល​នៅ​តែ​ស្នើ​ឲ្យ​មានការ​អន្តរាគមន៍​បញ្ឈប់​ការងារ​សាងសង់​ទំនប់​ដនសាហុង ជា​បន្ទាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។