​ក្រោយ​តម្កល់​២០​លាន​រៀល និង​លិខិតឆ្លងដែន​២ លោក ហុង សុខ​ហួរ អាច​រួចខ្លួន​?

លោក ជូង ជូងី មេធាវី​លោក ហុង សុខហួរ​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស សម រង្ស៊ី ដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ព្រៃ​សរ បាន​តម្កល់​ប្រាក់​ចំនួន​២០​លាន​រៀល​និង​លិខិតឆ្លងដែន​ចំនួន​ពីរ​នៅ​តុលាការ​កំពូល ដើម្បី​ស្នើ​នៅក្រៅ​ឃុំ​។ បន្ទាប់ពី​ដាក់សំណើ លោក​ហុង សុខ​ហួរ ត្រូវបាន​តុលាការ​កំពូល​កោះហៅ​ទៅ​សាកសួរ​នៅ​ព្រឹក​នេះ ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។

​ក្រោយពី​បរាជ័យ​ក្នុងការ​ស្នើសុំ​នៅក្រៅ​ឃុំ នៅ​សាលាដំបូង​និង​សាលាឧទ្ធរណ៍ លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស សម រង្ស៊ី បាន​បន្ត​ស្នើ​ទៅ​តុលាការ​កំពូល ដើម្បី​សុំ​នៅក្រៅ​ឃុំ​។ ក្រៅពី​តម្កល់​ប្រាក់​២០​លាន​រៀល លោក ហុង សុខ​ហួរ ក៏បាន​តម្កល់​លិខិតឆ្លងដែន​ចំនួន​២ ផងដែរ គឺ​លិខិតឆ្លងដែន​បារាំង​និង​ខ្មែរ ដើម្បី​បញ្ជាក់ថា លោក​នឹង​មិនអាច​គេចខ្លួន​ទៅ​បរទេស​ឡើង ក្រោយពី​តុលាការ​ដោះលែង​។ នេះ​បើតាម​ការអះអាង​របស់​លោក ជូ​ង ជូ​ងី មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក មេធាវី​រូបនេះ បាន​បន្តថា ការស្នើសុំ​នៅក្រៅ​ឃុំ​នេះ កំពុងស្ថិត​ក្នុងការ​ពិចារណា​របស់​តុលាការ​កំពូល​នៅ​ឡើង​។ លោក​ថា តុលាការ​កំពូល​នឹង​សម្រេច​លើ​សំណើ​នេះ នៅ​ថ្ងៃទី​៤ ខែ​មិនា ឆ្នាំ​២០១៦ ។
​យ៉ាងណា​ក៏ដោយចុះ លោក ជូ​ង ជូ​ងី មិនអាច​បង្ហាញ​ពី​ក្តី​រំពឹងថា តុលាការ​កំពូល​នឹងធ្វើ​តាម​សំណើ​របស់លោក ហុង សុខ​ហួរ ឬក៏​បដិសេធ​នោះទេ ដោយ​លោក​អះអាងថា សេចក្តីសម្រេច​គឺជា​យុត្តាធិការ​របស់​តុលាការ ហើយ​មេធាវី ពុំមាន​សិទ្ធិ​វិនិច្ឆ័យ​ឡើយ​។ លោក​បញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ​ជា​មេធាវី ដូច្នេះ​ខ្ញុំ​មិនអាច​អះអាងថា​លោក ហុង សុខ​ហួរ គួរតែ​ត្រូវបាន​ដោះលែង​ឬ​យ៉ាងណា​នោះទេ ព្រោះនេះ​ជា​អំណាច​របស់​តុលាការ អ៊ីចឹង​ទុក្ខ​ឲ្យ​តុលាការ​ជា​អ្នក​វិនិច្ឆ័យ​ចុះ​»​។

​មេធាវី​ប្រចាំ​បក្សប្រឆាំង​រូបនេះ បាន​ប្រាប់​ពី​មូល​ហេតុថា ការសុំ​នៅក្រៅ​ឃុំ​នេះ ដោយសារតែ​លោក ហុង សុខ​ហួរ មាន​ជំងឺ​ប្រចាំកាយ  គឺ​ជំងឺលើសឈាម និង​ឈឺក្រពះ ព្រមទាំង​ផ្តា​យ​សាយ ផងដែរ​។ ម្យ៉ាងទៀត លោក ហុង សុខ​ហួរ មាន​តួនាទី​ខ្ពង់ខ្ពស់ ដែល​ត្រូវ​បម្រើ​ប្រទេសជាតិ ក្នុងនាម​លោក​ជា សមាជិក​ព្រឹទ្ធសភា​។

​សូមបញ្ជាក់ថា លោក ហុង សុខ​ហួ ត្រូវបាន​តុលាការ​ចោទ​ពី «​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ង្គ​ម​» និង​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​សរ កាលពី​ខែតុលា ឆ្នាំ​២០១៥ កន្លងទៅ​៕
 
អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​