ហេតុអ្វី​អូន​ដាច់ចិត្ត​ប្រមូល​ទ្រព្យសម្បត្តិ​ និង ​កូន​រត់ចោល​បង ?

Doliprane TVC

ខ្ញុំ​ជា​បុរស​ស្លូតបូត​ម្នាក់​ដើមឡើយ​រស់នៅ​ក្នុងភូមិ​មួយ​ប៉ុន្តែដោយសារតែ​ស្រឡាញ់​សិល្បៈ​ពិសេស ​ល្ខោនបាសាក់​ខ្ញុំ​ក៏​សម្រេចចិត្ត​ស្វែងរក​ការងារ​ក្នុង​វិស័យនេះ ។ ថ្ងៃមួយ​ខ្ញុំ​បាន​ជួប​នារី​ម្នាក់​គួរឱ្យ​រាប់ អាន ។ មិនយូរ​ប៉ុន្មាន​យើង​ក៏​ស្រឡាញ់គ្នា​ហើយ​នាំគ្នា​ស្វែងរក​ការងារ​ធ្វើ ។ បទពិសោធការងារ​បាន​ជួយ​ឱ្យ​ខ្ញុំ​មានមុខមាត់​និង​រកចំណូលបាន​ច្រើន​ហើយ​យើង​ក៏បាន​រៀបការ​និងមានកូន ។ បន្ទាប់ពី​សន្សំ​បាន​ប្រាក់​សមល្មម​ខ្ញុំ​ក៏​បើកហាង​កាហ្វេ​មួយ​ឱ្យ​ប្រពន្ធ​គ្រប់គ្រង ។ ចំណែក​ខ្ញុំ​ត្រូវ​បន្តការងារ​ហើយ​ប្រាក់ខែ​ខ្ញុំ​តែង​ឱ្យ​ប្រពន្ធ​ជា​អ្នក​ទុកដាក់នាង​តែង​ទិញ​មាស​ដើម្បី​ងាយ​ថែរក្សា​ទុកដាក់ ។ មិនយូរប៉ុន្មាន​ជីវភាព​យើង​ក៏បាន​ធូរធារប៉ុន្តែ​បញ្ហា​មិនល្អ​ក៏​ចាប់​កើតឡើង​ដោយ​ថ្ងៃ​មួយពេល​យើង​នាំគ្នា​ទៅ​ផ្សា​រទិញ​មាសនាង​សួរ​ខ្ញុំ​ថា​«​បង​មាន​យក​មាស​ប៉ុន្មាន​ជី​ចេញពី​កាបូប​ខ្ញុំ​អត់ ?»​ខ្ញុំ​ភ្ញាក់ផ្អើល​និង​ប្រាប់​នាង​ថា «​អត់​ទេ ! ម៉េច​ចឹ​ង ?» ។ នាង​ថា​«​មាស​ដែល​ដាក់​ក្នុង​កាបូប​បាត់អស់​ខ្លះ​ហើយ​» ។

ខ្ញុំ​ក៏​ចាត់ទុកថា​ប្រហែល​បាត់បង់​ដោយ​ប្រការ​ណាមួយ​ប៉ុន្តែ​បញ្ហា​ដដែលបាន​កើតឡើង​កាន់តែ​ញឹកញាប់​ហើយ​ពេលខ្លះ​ខ្ញុំ​ត្រូវ​អុជ​ធូប​និង​អារ​ដៃសម្រក់​ឈាម​ស្បថ​ចំពោះមុខ​ព្រះ​ព្រមទាំង​ម្តាយ​របស់​នាង​ដើម្បី​បញ្ជាក់​ពី​ភាព​ត្រង់​ស្មោះ ។ រឿងរ៉ាវ​មិនបាន​បញ្ចប់​ត្រឹមនេះ​ទេថ្ងៃមួយ​នាង​បាន​រត់ចោល​ខ្ញុំ​ព្រមទាំង​យក​កូន ​មាសប្រាក់​និង​របស់​មានតម្លៃ​ទៅជា​មួយ​ដោយមិន​ត្រឡប់ព្រោះតែ​ស្រឡាញ់​ ប្រពន្ធ​កូន​ខ្លាំងពេក​ពេលនោះ​ខ្ញុំ​ស្ទើរ​ឆ្កួត​ទៅហើយ ។​

ហេតុអ្វី​អូន​ដាច់ចិត្ត​ប្រមូល​ទ្រព្យសម្បត្តិ​ និង ​កូន​រត់ចោល​បង ?

​ឃើញ​សភាព​ទ្រុឌទ្រោម​នៃ​រាងកាយ​និង​ស្មារតី​ញាតិមិត្ត​ក៏​ណែ​នាំឱ្យ​ខ្ញុំ​ឡើងមក​ភ្នំពេញខ្ញុំ​ក៏​ធ្វើតាម​ពួកគេ​ហើយ​បច្ចុប្បន្ន​ខ្ញុំ​ស្នាក់នៅ​វត្ត​មួយ​ក្នុង​ក្រុងភ្នំពេញ ។ ថ្វីបើ​អារម្មណ៍​ស្ងប់​បន្តិចប៉ុន្តែ​ពេល​រាត្រី​មកដល់​ខ្ញុំ​ចេះតែ​នឹកឃើញ​ដល់​ប្រពន្ធ​-​កូន​និង​អាណិត​ខ្លួន​ខ្លាំងណាស់ ។ ខ្ញុំ​ត្រូវ​គេង​សម្រក់​ទឹកភ្នែក​ស្ទើរ​រាល់​រាត្រី​និង​ឆ្ងល់​ថា​ហេតុអ្វី​បញ្ហា​នេះ​កើង​ឡើង​ចំពោះ​ខ្ញុំ ? តើខ្ញុំ​គួរ​ធ្វើយ៉ាងណា​ដើម្បី​គេច​ផុតពី​អារម្មណ៍​វិលវល់​និង​ដើម្បី​កសាង​ជីវិត​ឡើងវិញ ?

​ចំពោះ​បុរស​មាន​វិបត្តិ​
​រឿងរ៉ាវ​របស់លោក​ក៏​ធ្លាប់​កើតមានឡើង​ចំពោះ​បុរស​មួយចំនួន​ដែរ ប៉ុន្តែ​មនុស្ស​ដូច​លោក​ក្នុង​សម័យនេះ​ប្រហែល​ជាមាន​តិច​ណាស់​ហើយមាន​អ្នកខ្លះ​បែក​គ្នា​មិនបាន​ប៉ុន្មាន​ផង​ក៏មាន​ប្រពន្ធ​មានកូន​ផ្សេងទៀត ។​ ​ជាដំបូង​«​ប្រជាប្រិយ​»​សុំ​ធ្វើការ​សន្និដ្ឋាន​អំពី​រឿងរ៉ាវ​របស់​គ្រួសារ​លោកពិសេស​ប្រពន្ធ​របស់លោក​អំពី​មូលហេតុ​ដែល​អាច​បណ្តាល​ឱ្យ​កើត​បញ្ហា​ធំប្រហែល​មកពី​គម្លាត​រវាង​លោក​និង​ប្រពន្ធ​-​កូន​ដោយ​លោក​ត្រូវ​ទៅធ្វើ​ការបាត់ៗ​រាល់ថ្ងៃ ហើយ​អ្វីដែល​គួរ​និយាយ​គឺ​ការទុកឱ្យ​ប្រពន្ធ​នៅផ្ទះ​លក់​កាហ្វេ​តែឯងដែល​ក្នុង​ហាង​កាហ្វេ​ជឿថា​មាន​បុរស​មួយចំនួន​ជា​ប្រភេទ​មនុស្ស​ឆក់​ឱកាស ដូច​ករណី​«​ឆ្មា​មិន​នៅ​កណ្តុរ​ឡើង​សោយរាជ្យ​» ។

មិន​ថា​ប្រពន្ធ​របស់លោក​ជា​មនុស្ស​បែបណា​ទេ​នៅពេល​ត្រូវបានបញ្ចុះបញ្ចូល​លួងលោម​ពី​បុរស​ដទៃ​គួបផ្សំ​នឹង​ស្ថានភាព​ប្តី​មិន​នៅ​រួម​នឹងកត្តា​បច្ចេកវិជ្ជា​ទំនាក់ទំនង​ទំនើប​ដូច​សម័យនេះ​យូរៗ​ទៅ​ប្រពន្ធ ​របស់លោក​អាច​នឹង​បាក់ចិត្ត​ប្រែគំនិត​និង​ឈានដល់​ការ​ក្បត់​ផិត​ដោយ​ស្ងាត់ៗ ។​ចំណែក​ករណី​បាត់​មាស​ពី​កាបូប​របស់​នាង​«​ប្រជាប្រិយ​»​គិតថាប្រហែល​មាន​ករណី​ដែល​នឹកស្មាន​មិន​ដល់​កើតឡើង​គឺថា​វា​ជា​ផ្នែក​មួយ​នៃគម្រោងការ​របស់​នាង​ពោលគឺ​នាង​ធ្វើ​ពុត​ជា​បាត់​មាស​ដើម្បី​ចោទប្រកាន់​លោក និងដើម្បី​មិនឱ្យ​អ្នកស្រុក​យល់ថា​នាង​ខុស ។ នាង​ធ្វើយ៉ាងណា​ឱ្យ​បញ្ហា​វិ​វ​ឌ្ឍ​ទៅរក​ភាពវឹកវរបំណង​ឈានទៅរក​ការ​បែប​បាក់ ។ ប៉ុន្តែ​ដោយសារតែ​ស្រឡាញ់​ប្រពន្ធ​-​កូន​ខ្លាំងពេកលោក​ក៏​នៅតែ​ថែរក្សា​គ្រួសារ​មួយ​នេះហើយ​ប្រការនេះ​ប្រហែលជា​ធ្វើឱ្យ​នាង​ខកចិត្តដូច្នេះ​នាង​ក៏​សម្រេច​ប្រើ​វិធី​ចុងក្រោយ​គឺ​ប្រមូល​ទ្រព្យ​ហើយ​នាំ​កូន​រត់ចោល​លោក​តែម្តង។នេះ​គ្រាន់តែ​ជាការ​យល់ឃើញ​របស់​«​ប្រជាប្រិយ​»​ ប៉ុណ្ណោះ ។​

​អំពី​សំណួរ​ដែលថា​«​តើ​ខ្ញុំ​គួរ​ធ្វើយ៉ាងណា​ដើម្បី​គេចផុត​ពី​អារម្មណ៍​វិលវល់​និងដើម្បី​កសាង​ជីវិត​ឡើងវិញ ?» ជឿថា​ប្រាកដ​ជាមាន​វិធី​ល្អ​សម្រាប់​លោក ។ លោក​ជា​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​វិស័យ​សិល្បៈ​និង​មាន​បទពិសោធ​ច្រើន​ក្នុង​វិស័យនេះដូច្នេះ​លោក​គួរតែ​ប្រើប្រាស់​ជំនាញ​របស់ខ្លួន​ឱ្យអស់​ពី​លទ្ធភាព​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះស្វែងរក​ប្រាក់​សម្រាប់បច្ចុប្បន្ន​និង​អនាគត ។ ទន្ទឹមនឹងនេះ​លោក​គួរ​ស៊ើប​អំពី​ស្ថានភាព​ប្រពន្ធឱ្យដឹងថា​តើ​នាង​មាន​ប្តី​ថ្មី​ឬ​នៅ ? ប្រសិនបើ​នាង​មាន​ប្តី​ថ្មី​នោះ​ការសន្និដ្ឋាន​ របស់​«​ប្រជាប្រិយ​»​ប្រាកដជា​ត្រឹមត្រូវ ហើយ​លោក​ក៏ត្រូវ​តែ​សុំ​លែងលះ​តាមច្បាប់ ។ ករណី​នាង​មិនទាន់មាន​ប្តី​ថ្មី​និង​នៅតែមាន​ភាព​ស្អាតស្អំ​នោះ​ឱកាស​ជួបជុំគ្នា​អាចមាន​ច្រើន ។

ដូច្នេះ​ទន្ទឹមនឹង​កសាង​កេរ្តិ៍ឈ្មោះ​និង​រក​ទ្រព្យ​លោក​ត្រូវ​រក្សា​ទំនាក់ទំនង​ជាមួយ​ប្រពន្ធ​កូនហើយ​ប្រាប់​នាង​អំពី​ភាពស្មោះត្រង់​របស់លោក​និង​ថា​លោក​នៅតែ​រង់ចាំ​នាង ។ នៅពេល​មាន​កេ​រិ៍្ត​ឈ្មោះ​ល្បីមានទ្រព្យ​និង​មានឱកាស​ល្អ​ជឿថា​លោកនឹង​អា​ចត​ភ្ជាប់​គ្រួសារ​បែកបាក់​មួយ​នេះ​បាន​ដូច​បំណង​មិន​ខាន ។ ​សូម​ជូនពរ​លោក​មាន​សំណាងល្អ​និង​ឆាប់​បាន​ជួបជុំ​គ្រួសារ​ជាថ្មី​ឡើងវិញ ៕​