សិស្ស​ស្រី​វិទ្យាល័យ​ឫស្សី​កែវ​២​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ និង​យុវជន​ម្នាក់​របួសធ្ងន់​ ដោយ​រថយន្ត​ដឹក​ដី​បុក​ទាំង​កំរោល​

​រសៀល​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ នៅ​ត្រង់​ចំណុច​ភូមិ​ស្វាយប៉ាក​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ប្ញ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ បង្ក​ដោយ​រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​ ម៉ាក​ HYUNDAI​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3D-3432​ បុក​ពេញទំហឹង​ទាំង​កំរោល​ទៅ​លើ​ទោចក្រយានយន្ត​១​គ្រឿង​ម៉ាក​ SUZUKI​ VIVA​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1L-0290​ ជិះ​គ្នា​៣​នាក់​ អូស​ក្នុង​ចម្ងាយ​រាប់​សិប​ម៉ែត្រ​ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ជា​សិស្ស​ស្រី​វិទ្យាល័យ​ឫស្សី​កែវ​២​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្រោម​កង់​រថយន្ត​ និង​យុវជន​ម្នាក់​ទៀត​ជា​អ្នក​ឌុ​ប​ ទទួល​រង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ដែរ​ ខណៈ​អ្នកបើកបរ​រថយន្ត​បង្ក​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ យុវតី​រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ មានឈ្មោះ​ ឡាន់​ ចរិយា​ អាយុ​១៦​ឆ្នាំ​ និង​ឈ្មោះ​ ចាន់​ សុ​ប៊ុ​ណ្ណា​រី​ អាយុ​១៦​ឆ្នាំ​ ជា​សិស្ស​វិទ្យាល័យ​ឫស្សី​កែវ​ ។​ រីឯ​យុវជន​ម្នាក់​ទៀត​ដែល​រង​របួសធ្ងន់​មានឈ្មោះ​ យ៉ា​ត​ ធា​រ៉ា​ អាយុ​១៩​ឆ្នាំ​ ។​ ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្ក​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ ពីព្រោះ​បាន​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​ ៕​ 

សិស្ស​ស្រី​វិទ្យាល័យ​ឫស្សី​កែវ​២​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ និង​យុវជន​ម្នាក់​របួសធ្ងន់​ ដោយ​រថយន្ត​ដឹក​ដី​បុក​ទាំង​កំរោល​

Related