អ្នកនាំពាក្យ ថា លោក ញឹក ប៊ុនឆៃ កំពុង​បង្ខូចឈ្មោះ​ក្រសួងមហាផ្ទៃ ព្រោះតែ​ចង់បាន​ទីស្នាក់ការ​បក្ស​

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស​ខ្មែររួបរួម​ជាតិ​លោក ញឹក ប៊ុនឆៃ បាន​អះអាងថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់លោក អាច​កាន់កាប់​ទីស្នាក់ការ​បក្ស​២១​ក្នុងចំណោម​២៥​រាជធានី​-​ខេត្ត ក្រោយពី​លោក​ទើបតែ​ទទួលបាន​លិខិត​ពី​ក្រសួងមហាផ្ទៃ ស្តីពី​ការយល់ព្រម​មោឃភាព​ស​មា​ជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥​។ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ថា លោក ញឹក ប៊ុនឆៃ កំពុង​បង្ខូចឈ្មោះ​ក្រសួងមហាផ្ទៃ ព្រោះតែ​ចង់បាន​ទីស្នាក់ការ​បក្ស​។​លោក​ថា លោក ញឹក ប៊ុនឆៃ គ្មាន​សិទ្ធិ​ទទួល​និង​កាន់កាប់​ទី​ស្នាក់​បក្ស​ទាំងនេះ​ទេ សូម្បី​តែមួយ​។​

​បញ្ហា​ចលនទ្រព្យ និង​អចលនទ្រព្យ រួមទាំង​ទីស្នាក់ការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅតែ​ជា​បញហា​ចម្រូងចម្រាសរ​វាង​លោក ញឹក ប៊ុនឆៃ និង​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្រោយពី​បែកបាក់​គ្នា​។ លោក ញឹក ប៊ុនឆៃ អះអាងថា លោក​ទើបតែ​ទទួលបាន​លិខិត​ពី​ក្រសួងមហាផ្ទៃ ស្តីពី​ការយល់ព្រម​មោឃភាព​ស​មា​ជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៥ ដើម្បី​ស្វាគមន៍​យាង​សម្តេច  ក្រុមព្រះ នរោត្តម រណឫទ្ធិ មក​ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច​វិញ​។ លោក​អះអាងថា តាម​ការសម្រេច​នេះ បក្ស​ខ្មែរ​រួបរួម​ជាតិ​របស់លោក អាច​កាន់កាប់​ទីស្នាក់ការ​បក្ស​២១​ក្នុងចំណោម​២៥​រាជធានី​-​ខេត្ត​។ លោក ញ៉េប ប៊ុនជិន ថា ការអះអាង​របស់លោក ញឹក ប៊ុនឆៃ នេះ គ្រាន់តែ​ជាការ​កុហក​បោកប្រាស់​អ្នកគាំទ្រ​ឲ្យ​ជឿទុកចិត្ត​ខ្លួន​ប៉ុណ្ណោះ ។ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនេះ មិន​ជឿថា ក្រសួងមហាផ្ទៃ​យល់ព្រម​តាម​សំណើរ​មោឃភាព​របស់លោក ញឹក ប៊ុនឆៃ ឡើយ ព្រោះ​ការធ្វើ​សមាជ​បក្ស​កាលពី​ឆ្នាំមុន​គឺ​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​ជា​លាយ​លក្ខ​អក្ស​ត្រឹមត្រូវ និង​គ្មាន​ចំណុច​ណា​ដែល​អាច​មោឃភាព​បានឡើយ​។​

​លោក ញ៉េប ប៊ុនជិន បាន​ចំអក​ទៅ​លោក ញឹក ប៊ុនឆៃ ថា កំពុងតែ​យកឈ្មោះ​ក្រសួងមហាផ្ទៃ​យកមក​លេងសើច​នឹង​បង្ខូច​កេ​រ្ត៍​ឈ្មោះ​ស្ថាប័នរដ្ឋ​ហើយ ព្រោះ​ចង់បាន​ទីស្នាក់ការ​បក្ស​ទាំងអស់​មកកាន់​កាប់​។​លោក​ចំអក​ទៀតថា លោក ញឹក ប៊ុនឆៃ គ្មាន​សិទ្ធិ​ទទួល​និង​កាន់កាប់​ទី​ស្នាក់​បក្ស​ទាំង​២១​នេះឡើយ សូម្បី​តែមួយ ព្រោះ​បក្ស​មិនបាន​ដេញ​លោក ញឹក ប៊ុនឆៃ ឡើយ តែ​ក្រុម​លោក ញឹក ប៊ុនឆៃ វិញ​ទេ​ដែលជា​អ្នកដើរ​ចេញពី​បក្ស​ដោយ​ខ្លួនឯង​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​លោក ញឹក ប៊ុនឆៃ និយាយ​ក្នុង​សមាជ​បក្ស​គាត់​នេះ គឺ​គាត់​កំពុង​យក​ក្រសួងមហាផ្ទៃ មក​មូល​បង្កាច់ បង្ខូចឈ្មោះ​ស្ថាប័នរដ្ឋ ដើម្បី​បំភាន់​ទាញ​ទឹកចិត្ត​សមាជិក សមាជិកា​ឲ្យ​គាំទ្រ​និង​ជឿទុកចិត្ត​លើ​ខ្លួន​។ ហើយ​ខ្ញុំ​បញ្ជាក់ថា​សមាជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​១៩ មករា​និង​ថ្ងៃទី​១២ មីនាឆ្នាំ​២០១៥ កន្លងមក ក្រសួងមហាផ្ទៃ​បានទទួល​ស្គាល់​ជា​លាយ​លក្ខ​អក្ស​ត្រឹមត្រូវ ដូច្នេះ​ខ្ញុំ​ជ​ថា ក្រសួងមហាផ្ទៃ​គ្មាន​ផ្លូវ​សម្រេច​តាម​សំណើ​រលោក ញឹក ប៊ុនឆៃ ឡើយ​។ ហើយក៏​គ្មាន​បុគ្គល និង​ក្រុម​ណា​អាចមក​ទាមទា​បែងចែក​ទ្រព្យសម្បត្តិ​បក្ស​បានដែរ ព្រោះ​បក្ស​មិនបាន​ដេញ​។​

​លោក ញ៉េប ប៊ុនជិន បញ្ជាក់ថា គណបក្ស​លោក មិនទាន់​បានឃើញ​លិខិត​យល់ព្រម​មោឃភាព​រប​ស់​ក្រសួងមហាផ្ទៃ​នៅឡើយ​ទេ ដោយ​លោក​ទាមទា​ឲ្យ​លោក ញឹក ប៊ុនឆៃ បង្ហាញ​លិខិត​ដែល​ខ្លួន​អះអាងថា ទទួលបាន​នោះមក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

​សារព័ត៌មាន​ថ្មីៗ​មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម ពី​អ្នកនាំពាក្យ​មន្ត្រី​ក្រសួងមហាផ្ទៃ ជុំវិញ​ការស្នើសុំ​មោឃភាព​សមាជ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​លោក ញឹក ប៊ុនឆៃ អះអាងថា ក្រសួង​យល់ព្រម​សំណើរ​នេះឡើយ​ទេ​។​

​គួរ​បញ្ជាក់ថា លោក ញឹក ប៊ុនឆៃ បានសម្រេច​ចាកចេញ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃទី​០៣ កុម្ភៈ ។​លោក ញឹក ប៊ុនឆៃ ធ្លាប់បាន​អះអាង​កន្លងមក​ថា ការដើរ​ចេញពី​បក្ស​នេះ ដោយសារតែ​លោក​មិន​ពេញ​ចិត្តនឹង​ការដឹកនាំ​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បាន​កៀបសង្កត់​មកលើ​ខ្លួន និង​មន្ត្រី​បក្ស​មួយចំនួនទៀត ។ លោក​ថា ទ្រង់ រណឫទ្ធិ បាន​បង្កើត​បក្សពួកនិយម ដឹកនាំ​បែប​អត្តនោម័ត ហើយ​បក្ស​គ្មាន​ការរីកចម្រើន​ទេ​ក្នុង​រយៈពេល​១​ឆ្នាំនេះ​។ លោក ញឹក ប៊ុនឆៃ អះអាងថា លោក​គ្មាន​ថ្ងៃ​នឹង​វិល​មក​រួបរួម​ជាមួយ​ស​ម្ដេច​ក្រុមព្រះ​ទៀតឡើយ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​