បេសកកម្ម​ជួយ​សង្រ្គោះ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ

បេសកកម្ម​ជួយ​សង្រ្គោះ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ

ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​អង្គុយ​នៅ​ក្នុង​ជម្រក​បែកបាក់​នៅ​ក្នុង​ជំរុំ Rohingya IDP នៅ​ខាង​ក្រៅ​ក្រុង Sittwe រដ្ឋ Rakhine កាលពី​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥។

អង្គការ​មួយ​ដែលបាន​ទទួល​គុណសម្បត្តិ​ចំពោះ​ការ​ជួយ​សង្គ្រោះ​ជន​អន្តោប្រវេសន៍​១​ម៉ឺន​៣​ពាន់​នាក់​សមុទ្រ​មេឌីទែរ៉ាណេ​បាន​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​តែ​ចាប់​ដំណើរការ​បេសកកម្ម​ថ្មី​មួយ​នៅ​ដែន​ទឹក​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ដើម្បី​ជួយ​ដល់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីយ៉ា​ដែល​បាន​ទៅ​កាន់​សមុទ្រ​នានា​នៅ​ក្នុង​តំបន់​នោះ។ ប្រតិបត្តិការ​នៅ​ក្បែរ​ និង​នៅ​ក្នុង​សមុទ្រ Andaman នឹង​ត្រូវ​ប្រើប្រាស់​នាវា​មួយ​ និង​ម៉ាស៊ីន​ដ្រូន (drone) ដែល​ថត​បាន​ចម្ងាយឆ្ងាយ​ចំនួន​២ ដើម្បី​ស្វែងរក​ទូក​ដែល​ប្រហែល​ជា​ដឹកជញ្ជូន​ជន​ភៀស​ខ្លួន​ ឬ​ជន​អន្តោប្រវេសន៍។

លោក Martin Xuereb ប្រធាន​អង្គការ​ផ្តល់​ជំនួយ​ដល់​ជន​អន្តោប្រវេសន៍​នៅ​ឆ្នេរ​សមុទ្រ​បាន​ប្រាប់ VOA នៅ​ថ្ងៃ​សុក្រ​នេះ​ថា «មនុស្ស​ម្នា​មិន​សក្តិសម​នឹង​ស្លាប់​នៅ​ក្នុង​សមុទ្រនោះ​ទេ»។ ​

បេសកកម្ម​ដំបូង​បង្អស់​របស់​អង្គការ​នេះនៅ​ក្នុងតំបន់​អាស៊ីអាគ្នេយ៍​ដែល​មាន​រយៈពេល​យ៉ាង​តិច​ណាស់​ចំនួន​៤​សប្តាហ៍​ នឹង​ចាប់​ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៣​ខែមិនា ដោយ​ប្រើប្រាស់​នាវា​ជួយ​សង្រ្គោះ​ M.Y. Phoenix ដែល​មាន​ប្រវែង​៤០​ម៉ែត្រ ដោយ​សហការ​ជាមួយ​នឹង​ឆ្មាំ​សមុទ្រ​ក្នុង​តំបន់​ កងយោធា​ជើងទឹក​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។

លោក Xuereb អតីត​មេបញ្ជាការ​កងកម្លាំង Malta បាន​មាន​ប្រសាសន៍​ថា «យើង​នឹង​ធ្វើ​ការ​ប្រកប​ដោយ​តម្លាភាព​ជាមួយ​នឹង​ក្រុម​អាជ្ញាធរ។ ប្រសិន​បើ​តម្រូវការ​កើន​ឡើង​ យើង​នឹង​សហការ​គ្នា​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង»៕​