សមត្ថកិច្ចចាប់បានមេចែកចាយថ្នាំញៀនបាន២នាក់ បន្តចាប់បានអ្នកទូរសព្ទ័សុំទិញថ្នាំញៀនពីមេចែកចាយ២០នាក់ ទៀតក្នុងចំ ណោម៦០នាក់

ខេត្តកំពង់ឆ្នាំង៖ រឿងដែលនឹកស្មានមិនដល់អ្នកប្រើប្រាស់ថ្នាំញៀន២០នាក់ ក្នុងចំណោម៦០នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្នុងរយៈពេលតែ១២ម៉ោង បន្ទាប់ពីពួកគេបានទូរស័ព្ទមកសុំទិញថ្នាំពីមេចែកចាយថ្នាំញៀន២នាក់ ដែលសមត្ថកិច្ចបានចាប់ខ្លួន។ ករណីបង្ក្រាប និងចាប់ខ្លួនខាងលើនេះ បានធ្វើឡើងនៅរសៀល និងយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងទីក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ហើយសមត្ថកិច្ចបង្ហាញមុខពួកគេទាំង២២នាក់ និងវត្ថុតាងអោយអ្នកកាសែតថតរូបនៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈនេះ។

លោក ជុន ថារិទ្ធ ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសខេត្តបានអោយដឹងថា៖ ករណីដំបូងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ចាប់បានមេចែកចាយថ្នាំញៀន២នាក់ នៅម៉ោង១១ និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ នៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ដែលមាន៖ ១ឈ្មោះ យាន សុវណ្ណចិត្រា អាយុ២១ឆ្នាំ រស់នៅក្នុងភូមិកំពង់អូស សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ២.ឈ្មោះ លឹម សំបុណ្យ អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយដកហូតបានថ្នាំញៀនម៉ាទឹកកចំនួន៧កញ្ចប់តូច និងទូរស័ព្ទ២គ្រឿង។

បន្ទាប់មកចាប់ពីម៉ោង១២ថ្ងៃត្រង់ដល់ម៉ោង១២យប់ ថ្ងៃដដែល អ្នកប្រើប្រាស់ថ្នាំញៀនដែលជាម៉ូយរបស់មេចែកចាយ ថ្នាំញៀនទាំង ២នាក់ខាងលើ ចំនួន៦០នាក់បានទូរសព្ទ័មកសុំទិញថ្នាំញៀនជាបន្តបន្ទាប់ ហើយត្រូវបានសមត្ថកិច្ចសហការគ្នាស្ទាក់ចាប់បាន ជាបន្តបន្ទាប់ចំនួន២០នាក់ នៅក្នុងក្រុងកំពង់ឆ្នាំង ដែលពួកទាំងនោះ មានមកពីស្រុករលាប្អៀរចំនួន៥នាក់ ស្រុកជលគីរីចំនួន២នាក់ ខេត្តកំពង់ស្ពឺ១នាក់ និងនៅក្នុងក្រុងកំពង់ឆ្នាំងចំនួន១៨នាក់។
#វត្ថុតាងដែលសមត្ថកិច្ចដកហូតបានក្នុងករណីខាងលើនេះរួមមាន៖ ថ្នាំញៀនចំនួន៧កញ្ចប់តូច ទូរសព្ទ័ដៃ១០គ្រឿង ម៉ូតូ៨គ្រឿង លុយធ្នាក់១២ម៉ឺនរៀល ដាវនិងកាំបិតស្នៀត២ដើម ស្នាប់ដៃ១ និងសំភារះសំរាប់ជក់ថ្នាំញៀនមួយចំនួនទៀត។

លោក ជុន ថារិទ្ធ បានអោយដឹងទៀតថា៖ តាមការប្រជុំឯកភាពរបស់លោកស្នងការជាមួយ លោកព្រះរាជអាជ្ញាលាសា ដំបូង ខេត្ត គឺមេចែកចាយថ្នាំញៀន២នាក់ និងវត្ថុតាងត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត ផ្តន្ទាទោសតាមបញ្ញាត្តិច្បាប់។ ដោយឡែកអ្នកប្រើប្រាស់ថ្នាំញៀនទាំង២០នាក់ មួយចំនួនត្រូវបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿង ញៀន មួយចំនួនទៀតនិងធ្វើការ អប់រំដោយស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច។ ព្រោះថាបើយកពួកគេទាំងអស់ទៅដាក់ក្នុងពន្ធនាគារខេត្តគ្មានកន្លែងដាក់ទេ ម៉្យាងទៀតទោសនៃការប្រើប្រាស់ថ្នាំញៀនមានរយះពេលខ្លីតែប៉ុណ្ណោះនឹងត្រូវដោះលែងវិញហើយ និងបើគេបានជួបបងធំនៅ ក្នុងគុកពួកគេចេញមកវិញអាចនិងក្លាយជាអ្នកចែកចាយថ្នាំញៀនជាមិនខាន៕ រិទ្ធិ ជ័យ

KA-26-02-2016-23 KA-26-02-2016-28