គំរូ​អាក្រក់​នៃ​ការ​បំពាន​ច្បាប់​ និង​ប្រមាថ​នាយក​រដ្ឋមន្ត្រី​ ក្នុង​ករណី​ដាក់​ឲ្យ​ចូល​និវត្តន៍​ និង​ដំឡើង​ឋានន្តរស័ក្តិ​ឯកឧត្តម​ ឈាង​ វុន​

​ឯកឧត្តម​ ឈាង​ វុន​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ បច្ចុប្បន្ន​មាន​អាយុ​៦៥​ឆ្នាំ​ ដែល​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នយោបាយ​ ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​ និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​ សហប្រតិបត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​(​គណៈកម្មការ​ទី​៥)​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​នោះ​ គឺ​ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​ ជា​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ហើយ​ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​តាំងពី​ឆ្នាំ​២០១១​មក​ម្ល៉េះ​ បើ​យោង​តាម​បញ្ញត្តិ​មាត្រា​៥៤​ កថាខណ្ឌ​ទី​១​ និង​កថាខណ្ឌ​ទី​២​នៃ​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចែង​ថា​ "​អ្នករាជការ​ទាំង​ពីរ​ភេទ​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​ជា​កំហិត​ពេល​ដល់​អាយុ​៥៥​ឆ្នាំ​ ។​ អាយុ​កំហិត​នេះ​អាច​រំកិល​ឡើង​ដល់​៦០​ឆ្នាំ​ បើ​លក្ខន្តិកៈ​ដោយឡែក​បាន​កំណត់​ ។​ "​ ។​ ប៉ុន្តែ​ជាក់ស្តែង​ ឯកឧត្តម​ ឈាង​ វុន​ មិន​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ឡើយ​នា​អំឡុង​ឆ្នាំ​២០១១​នោះ​ ខណៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​តាំងពី​អាយុ​៦០​ឆ្នាំ​មក​ម្ល៉េះ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១១/៧៩៥​ ចុះ​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១១​ ។​

​ដោយសារ​ឯកឧត្តម​ ឈាង​ វុន​ ជា​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ មិន​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​តាំងពី​ដល់​អាយុ​៦០​ឆ្នាំ​នា​ឆ្នាំ​២០១១​ ឲ្យ​ស្រប​តាម​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល​ និង​មិន​យក​គំរូ​ល្អ​តាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ចៅហ្វាយ​របស់​ខ្លួន​លើ​ការ​ចូល​និវត្តន៍​ដូច្នេះ​ហើយ​ ទើប​ឯកឧត្តម​រូប​នេះ​មានឱកាស​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ជា​ករណី​ពិសេស​ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៥​ មក​ជា​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៤/១២៨៣​ ចុះ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៤​ (Sic!)​ ។​

​បន្ទាប់​ពី​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នា​ឆ្នាំ​២០១៤​រួច​មក​ ទើប​ឯកឧត្តម​ ឈាង​ វុន​ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ជា​ផ្លូវការ​(​កំណត់​ថា​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១១​តទៅ​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៥/១២៥​ ចុះ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ (Resic!)​ ។​

​អនុលោម​តាម​ព័ស្តុតាង​ដូច​បាន​បង្ហាញ​ជូន​ខាងលើ​ មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ នេះ​គឺជា​គំរូ​អាក្រក់​បំផុត​នៃ​អំពើ​រំលោភ​បំពាន​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ការ​ប្រមាថ​ទៅ​លើ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ករណី​ដាក់​ឲ្យ​ចូល​និវត្តន៍​ និង​ដំឡើង​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ជូន​ឯកឧត្តម​ ឈាង​ វុន​ ជា​អាទិ៍​ ៖

១-​មិន​គោរព​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​
២-​មិន​យក​គំរូ​ត្រឹមត្រូវ​តាម​នាយក​រដ្ឋមន្ត្រី​ដែល​ជា​ចៅហ្វាយ​របស់​ខ្លួន​ ក្នុង​ការ​ដាក់​ឲ្យ​ចូល​និវត្ត​ន័​តាំងពី​មាន​អាយុ​៦០​ឆ្នាំ​ ។​
៣-​អាច​ជា​ការ​ប្រើ​ល្បិច​កល​ទុច្ចរិត​ពន្យារពេល​ការ​ដាក់​ឲ្យ​ចូល​និវត្តន៍​ ដើម្បី​ទទួល​បាន​ឱកាស​ដំឡើង​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ទាំង​ឥត​អៀនខ្មាស​ ។​
៤-​បង្ហាញ​អំពី​រូបភាព​គួរ​ឲ្យ​អស់សំណើច​ និង​គួរ​ឲ្យ​រិះគន់​ នៅ​ពេល​ដែល​ត្រូវ​ដល់​អាយុ​ចូល​និវត្តន៍​តាំងពី​ឆ្នាំ​២០១១​ ដំណាលគ្នា​នឹង​ការ​ដាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ឲ្យ​ចូល​និវត្តន៍​ (​ខុស​គ្នា​តែ​ខែ​)​ ប៉ុន្តែ​បែរជា​ទើប​ចេញ​ព្រះរាជក្រឹត្យ​ដាក់​ឯកឧត្តម​ ឈាង​ វុន​ ឲ្យ​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៥​ទៅ​វិញ​ ៕​

គំរូ​អាក្រក់​នៃ​ការ​បំពាន​ច្បាប់​ និង​ប្រមាថ​នាយក​រដ្ឋមន្ត្រី​ ក្នុង​ករណី​ដាក់​ឲ្យ​ចូល​និវត្តន៍​ និង​ដំឡើង​ឋានន្តរស័ក្តិ​ឯកឧត្តម​ ឈាង​ វុន​ គំរូ​អាក្រក់​នៃ​ការ​បំពាន​ច្បាប់​ និង​ប្រមាថ​នាយក​រដ្ឋមន្ត្រី​ ក្នុង​ករណី​ដាក់​ឲ្យ​ចូល​និវត្តន៍​ និង​ដំឡើង​ឋានន្តរស័ក្តិ​ឯកឧត្តម​ ឈាង​ វុន​គំរូ​អាក្រក់​នៃ​ការ​បំពាន​ច្បាប់​ និង​ប្រមាថ​នាយក​រដ្ឋមន្ត្រី​ ក្នុង​ករណី​ដាក់​ឲ្យ​ចូល​និវត្តន៍​ និង​ដំឡើង​ឋានន្តរស័ក្តិ​ឯកឧត្តម​ ឈាង​ វុន​

Related