សងសឹកជាមួយអ្នកប្រដាល់ថៃ Re Da ជំនួសមិត្តរួមក្លិប

ភ្នំពេញ:    ​ភ្នំពេញ​:​លើស​ង្វៀន​អប្សរា​រសៀល​ថ្ងៃទី​២៧​កុម្ភៈ​អ្នក​ប្រដាល់​កម្ពុជា​ សារឿន ចាន់​ក្លិប​សម្រែក​រាជសីហ៍​បាន​ប្រកាសឡើង​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ថៃ Re Da ។​

​    ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ធ្លាប់​ប្រកួត​ជាមួយ​មិត្ត​រួម​ក្លិប​របស់​សារឿន ចាន់​គឺ​ង៉ែត រដ្ឋា​ចំនួន ២ លើ​ដែល​លើក​ទី ១ ស្​ើ​ពិន្ទុ​គ្នា និង លើក​ទី ២​រដ្ឋា​ចាញ់​ដោយ​ពិន្ទុ ។​

​    ​សម្រាប់​ពេលនេះ​សារឿន ចាន់​បាន​ស្ម័គ្រចិត្ត​ឡើង​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​រូបនេះ​ ជំនួស​រដ្ឋា​។​តាមពិត​សារឿន ចាន់​មាន​សមត្ថ​ភាពមិន​លើសពី​រដ្ឋា​ទេ​តែ​អ្នក​ប្រដាល់​រូបនេះ​ចូលចិត្ត​ វាយប្រហារ​ភ្លាមៗ​ជាមួយនឹង​ស្នៀត​ពិសេសៗ​និង​ការ​វ៉ៃ​ប្ដូរ ។ កែង និង ជង្គង់​របស់គេ​វ៉ៃ​ចេញ​មាន​ប្រសិទ្ធិភាព​ណាស់ ។​

​    ​ការវាយប្រហារ​របស់​សារឿន ចាន់​មាន​ហេង និង ស៊យ​គឺ​បើ​គូប្រកួត​ធ្វេសប្រហែស ឬ ខ្សោយ​នោះ​ជ័យ​ជំ​នះ​នឹង​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​របស់គេ​តែបើ​គូប្រកួត​ ខ្លាំង​នោះ​គឺ​គេ​ជា​អ្នក​ស៊យ​ទៅវិញ ។ ចាំមើល​ការឡើង​វ៉ៃ​សងសឹក​នេះ​ សារឿន ចាន់​ធ្វើបាន​សម្រេច ឬទេ ឬក៏​មក​បន្ថែម​ស្ថិតិ​ឈ្នះ​ឲ្យ Re Da ?

​    ​ឡេះ តើក​ក្លិប​ពុទ្ធ សេរី​វង្ស​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Thai Ou Lek ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។​

​    ​ឡេះ តើក​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​មិនមាន​ស្នៀត​អ្វី​ច្បាស់លាស់​នោះទេ​តែ​ នៅលើ​សង្វៀន​គេ​មាន​សកម្ម​ភាព​រហូត​គឺ​វាយលុក​លើ​គូប្រកួត​ទោះបី​គេ​ដួល​ក៏​ គេ​ទាត់​ចេញ​ដែរ ។ ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​ឡេះ តើក​មិនសូវ​ជា​មានសំណាង​ល្អ​នោះទេ ។ ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​គេ​បរាជ័យ​ជា​ញឹកញាប់ ។​

​    ​សម្រាប់​អ្នក​ប្រដាល់​ថៃ Thai Ou Lek វិញ​គេ​មានចិត្ត​ត្រជាក់​ណាស់​គេ​វ៉ៃ​មិន​បំពាន​លើ​គូប្រកួត​ឡើយ​គឺ​គេ​ប្រើ ​ស្នៀត និង កលល្បិច​វាយប្រហារ​ដោយ​មិន​ប្រើ​កម្លាំងបាយ​សុទ្ធសាធ​នោះទេ ។ ចាំមើល​ការប្រកួត​មួយ​នេះ​ជ័យ​ជំនះ​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​ឡេះ តើក ឬ ក្នុង​កណ្ដាប់ដៃ Thai Ou Lek ?

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​លីន វិបុល​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​បូរ៉ា សុខ​ទិន​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ ២ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​    ​សែន រ៉ា​ដូ​ក្លិប​អប្សរា​គុន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រដា​ល់លឹម តក់​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប ។ នៅ  រតនា សមាគម​កីឡាប្រដាល់​ខេត្តកោះកុង​ប្រកួត​ជាមួយ​សាំង សាវ៉ា​ត់​ក្លិប​អេ​ភូ​ថង​កីឡា និង ឌី សំណាង​មកពី​ខេត្ត​កោះ​កុង​ដែរនោះ​ប្រកួត​ជាមួយ​ម៉ន ភក្ដី​ក្លិប​ការិយាល័យ​ទី ៥​កងទ័ពជើងគោក ។​
​    ​