អាមេរិក​ជំរុញ​អង្គការ​សហប្រជាជាតិ​ឲ្យ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េ​ខាង​ជើង

អាមេរិក​ជំរុញ​អង្គការ​សហប្រជាជាតិ​ឲ្យ​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េ​ខាង​ជើង

រ៉ុក្កែត​រយៈ​ចម្ងាយ​វែង​របស់​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​គេ​បាញ់​នៅ​ក្នុង​កន្លែង​បាញ់​រ៉ុក្កែត Sohae ប្រទេស​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦។

ស.រ.អា. និង​ក្រុម​សម្ព័ន្ធ​មិត្ត​របស់​អាមេរិកាំង​បាន​ជំរុញ​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ឱ្យ​ធ្វើការ​បោះឆ្នោត​យ៉ាង​ឆាប់រហ័ស​អំពី​សេចក្តី​ព្រាង​នៃ​សេចក្តី​សម្រេច​ចិត្ត​មួយ​ដើម្បី​ដាក់​ទណ្ឌកម្ម​ថែម​ទៀត​លើ​ប្រទេស​កូរ៉េ​ខាង​ជើង។ ​ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​អាច​ដាក់​ទំនិញ​ទាំង​អស់​ដែល​ត្រូវ​ដឹក​ជញ្ជូន​ចេញ​ពី​កូរ៉េ​ខាង​ជើង​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ និង​បញ្ឈប់​ការ​ដឹក​ចូល​ទំនិញ​ដែល​អាច​ត្រូវ​ប្រើប្រាស់​បាន​ក្នុង​វិស័យ​យោធា។

លោកស្រី​ Samantha Power ឯកអគ្គរដ្ឋទូត​ស.រ.អា.​ប្រចាំ​អ.ស.ប.​បាន​ដាក់​ស្នើ​សេចក្តី​សម្រេច​ចិត្ត​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្រោយ​មាន​កិច្ច​ចរចា​គ្នា​៧សប្តាហ៍​រវាង​ស.រ.អា. និង​ប្រទេស​ចិន​ដែល​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​កូរ៉េ​ខាង​ជើង។​

ដើម្បី​គូស​បញ្ជាក់​សមត្ថភាព​ខាង​ការពារ​បរមាណូ​របស់​ផង​ខ្លួន​ ក្រុម​យោធា​ស.រ.អា.​បាន​បាញ់​ពិសោធ​កាំជ្រួច​មីស៊ីល​មួយ​ពី​មូលដ្ឋាន​កងទ័ព​អាកាស​ Vandenburg ក្នុង​រដ្ឋ​ California កាល​ពី​យប់ថ្ងៃ​ព្រហស្បតិ៍ ដោយ​តម្រង់​ទៅ​រក​តំបន់​ជា​ទីដៅ​មួយ​នៅ​ជិត​ប្រជុំកោះ Marshall ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​មហាសមុទ្រ Pacific។

លោក Robert Work អនុ​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​ស.រ.អា.​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​មុន​ការ​បាញ់​បង្ហោះ​ពិសោធ​នោះ​ថា​ សមយុទ្ធ​នេះ​បាន​ត្រូវ​រចនា​ឡើង​ដើម្បី​បញ្ជាក់​អំពី​ការ​ប្រុងប្រៀប​របស់​ស.រ.អា.​ក្នុង​ការ​ទប់ទល់​នឹង​ក្រុម​អ្នក​ប្រជែង​នឹង​ខ្លួន។​

ដោយ​បាន​បញ្ជាក់​ថា​ ស.រ.អា.​បាន​ធ្វើ​ការ​បាញ់​បង្ហោះ​ពិសោធ​កាំជ្រួចមីស៊ីល​យ៉ាង​តិច​ណាស់​១៥​ដង​មក​ហើយ​ចាប់តាំង​ពី​ឆ្នាំ២០១១​មក លោក Work បាន​មាន​ប្រសាសន៍​ថា​ ការ​ពិសោធ​ទាំង​នេះ​ «ជា​សញ្ញា​មួយ​បង្ហាញ​ថា យើង​ប្រុងប្រៀប​ប្រើប្រាស់​អាវុធ​បរមាណូ​ក្នុង​ការ​ការពារ​ប្រទេស​យើង​ប្រសិន​បើ​ជា​ការ​ចាំ​បាច់»៕