ប្រាសាទភ្នំដា​ មាន​វ័យ​ចំណាស់​

Doliprane TVC

​ប្រាសាទភ្នំដា​ជា​ប្រាសាទ​មួយ​ដែល​បាន​កសាងឡើង​នៅក្នុង​កំលុង​សតវត្សរ៍​ទី ៦និងទី ៧ មាន​ទីតាំង​ ស្ថិតនៅ​ក្នុងភូមិ​ព្រែ​កតា ផ ឃុំ​គោកធ្លក ស្រុក​អង្គរបុរី ខេត្តតាកែវ។ បច្ចុប្បន្នប្រាសាទភ្នំដា​ជា​ប្រាសាទ ​មួយ​ដែលមាន​វ័យ​ចំណាស់ និង ទ្រុឌទ្រោម​ណាស់​ទៅហើយ ។ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​តែងតែ​ចូលទៅ​ទស្សនា​ប្រាសាទ​នេះ​ជា​ហូរហែ ។ នៅរដូវវស្សា​ទេសភាព​នៅ​ទីនោះ​ហ៊ុមព័ទ្ធ​ទៅដោយ​ទឹក​ជុំវិញ​ដូចជាកោះ​មួយ​ដែល​ស្ថិតនៅ​ចំ​កណ្តាល​សមុទ្រ ។ ព្រៃឈើ​ពណ៌​បៃតង​ស្រស់បំព្រង អម​ទៅដោយ​សំឡេង​រៃ​យំ​រណ្តំ​នា​រដូវ​ស្លឹកឈើ​លាស់​ផង​នោះកាន់តែ​ធ្វើឱ្យ​ភ្ញៀវទេសចរ​ដែល​បាន​ទៅ​ទស្សនា​ឬ​ទៅ​កម្សាន្ត​នៅទីនេះ​មាន​ភាពសប្បាយ​រីករាយ​ថែម​មួយកម្រិត​ទៀត ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នោះ ជាពិសេស​អ្នក​ដែល​រស់នៅ​ជុំវិញ​ជើងភ្នំ​ដានេះ​មាន​ភាព​រួសរាយ​រាក់ទាក់​ចំពោះ​ភ្ញៀវទេសចរ​ដែល​បាន​ចូល ទៅ​ទស្សនា​នៅ​តំបន់​នោះ ។​

ប្រាសាទភ្នំដា​ មាន​វ័យ​ចំណាស់​

ប្រាសាទភ្នំដា​ មាន​វ័យ​ចំណាស់​

​លោក ជា សម្បត្តិ ប្រធានការិយាល័យ​វប្បធម៌​ស្រុក​អង្គរបុរី​បានឱ្យដឹងថា ប្រាសាទភ្នំដា​មាន​ចម្ងាយ​ប្រមាណ​ជា ១០២ គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ បើ គេ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ ២ និង​បត់​ចូល​តាម​ប្រាសាទនាងខ្មៅ​ឆ្ពោះទៅ ទិសខាងកើត​បន្ត​តាម​ផ្លូវលំ​តាម​បណ្តោយ​ផ្លូវលំ​នោះ​ក៏មាន​ប្រាសាទ​ជាច្រើន​ដូចជា ប្រាសាទភ្នំជីសូរ ប្រាសាទនាងខ្មៅ និង ប្រាសាទភ្នំ​តូច ជាដើម ។ គេ​អាចធ្វើដំណើរ​ទៅ​ប្រាសាទភ្នំដា​បាន​ដោយ​ងាយស្រួល​ដោយ​គ្រាន់តែ​ចេញដំណើរពី​ក្រុង​ដូន​កែវ​តាម​អូប័រ​ឆ្ពោះ​ទៅដល់​ប្រាសាទភ្នំដា​នោះ​តែម្តង ។ នៅ​រដូវប្រាំង គេ​អាចធ្វើ​ដំណើរ​បាន​ត្រឹម​សារមន្ទីរ​អង្គរបុរី​ហើយ​ទស្សនា​វត្ថុ​បុរាណ​នៅក្នុង​សារមន្ទីរ​រួចហើយ និង​បន្តដំណើរ​ដោយ​ជិះ​ម៉ូតូឌុប​ទៅ​ប្រាសាទភ្នំដា ។

ប្រាសាទភ្នំដា​ មាន​វ័យ​ចំណាស់​

ប្រាសាទភ្នំដា​ជា​ប្រាសាទ​មួយ​ដែល​ស្ថិតនៅលើ​កំពូលភ្នំ​ដា​នេះ​តែម្តង។នៅ​ទិស​ខាងលិច​នៃប្រាសាទ ភ្នំដា​មាន​ប្រាសាទតូច​មួយ​ដែលមាន​ឈ្មោះថា​ប្រាសាទ​អាស្រម​តា​ឥសី​មាន​កម្ពស់ ប្រមាណ​ជា ៨ ម៉ែត្រ ។ ប្រាសាទ​អាស្រម​តា​ឥសី​ជា​ប្រាសាទ​មួយ​មាន​អាយុកាល​ជាច្រើនសតវត្សរ៍​មកហើយ ។ នៅ​ខាងលិច​ប្រាសាទ​នេះ​ក៏មាន​ប្រាសាទតូច​មួយទៀត​មាន​ឈ្មោះថា ប្រាសាទ​នាង​ភ្នំ​បុរី​ជា​ភ្នំ​មួយ​ដែលមាន​ទីតាំង​ស្ថិតនៅ​ខាងត្បូង​ឆៀង​ខាងលិច​នៃ​ភ្នំ​ដា​និងជា​ទឹកដី​កំណើត ឬក៏​អាច​និយាយបានថា​ជា​ប្រវត្តិ​នៃ​ដើមកំណើត​របស់​ប្រទេស​កម្ពុជា​ក្នុងសម័យ​មហានគរ ដែល​កាលពីព្រេងនាយ​ទឹកដី​គោកធ្លក​ជា​មហាសមុទ្រ​ដ៏​ធំធេង​មិនមាន​មនុស្ស​ណា ម្នាក់​រស់នៅ​ឡើយ ។

ប្រាសាទភ្នំដា​ មាន​វ័យ​ចំណាស់​

កាលសម័យ​ថ្ងៃមួយ​មាន​ស្តេច​មួយ​ព្រះអង្គ​រសាត់អណ្តែត​តាម​កប៉ាល់ មក​កល់​នឹង​កោះ​មួយ​ដែល​បច្ចុប្បន្ន​មានឈ្មោះ​ថា ភ្នំ​បុរី ដែល​កាលពី​បុរាណ​គេ​ហៅថា កោះ​គោកធ្លក ។ នៅ​រាត្រី​មួយ​មាន​ធីតា​របស់​ស្តេច​នាគ​គឺ​ព្រះ​នាង លីវយី ឬ ហៅថា​នាង នាគ បាន​នាំ​បរិវារ​មកលេង​ឆ្នេរសមុទ្រ​នៃ​កោះ​គោកធ្លក​នេះ ។ ក្នុងពេលដែល​ធីតា​របស់​ស្តេច​នាគ គឺ​ព្រះ​នាង លីវយី កំពុងតែ​មុជទឹក​ប្រឡែង​គ្នា​លេង​ជាមួយ​បរិវារ​ព្រះថោង បាន​លបលួច​មើលឃើញ​ព្រះ​នាង​រួច​ក៏​ចាប់ចិត្ត​ស្រឡាញ់​នាង នាគ នោះ ។

ប្រាសាទភ្នំដា​ មាន​វ័យ​ចំណាស់​

ដោយ​សេចក្តីស្នេហា​របស់​នាង នាគ និង ព្រះថោង ដែលជា​មនុស្ស​ធម្មតា​នោះ លុះ ឈានដល់​ជីវិត​អាពាហ៍ពិពាហ៍​ក៏​ក្តៅក្រហាយ​ដល់​ពពួក​ទេវតា​នា​ឋាន​លើ​ពួក​ទេវតា​ខ្លាច នៅពេលដែល​ព្រះថោង និង នាង នាគ រៀបការ​ជាមួយគ្នា​ហើយ​ឈ្លោះប្រកែក​គ្នា​និង ខ្លា​ចនាង នាគ ខាំ​សម្លាប់ ព្រះថោង ដែលជា​មនុស្ស​ធម្មតា​ទេវតា​ក៏​ឱ្យ​ព្រះឥន្ទ​ទ្រង់​យាង ចុះមក​កោស​ធ្មេញ​នាង នាគ ដែលជា​សត្វ​នាគ​កុំឱ្យ​ថ្ងៃក្រោយ​មាន​ពិស​អាច​ខាំ​សម្លាប់ ព្រះថោង ដែលជា​ស្វាមី​របស់​ព្រះ​នាង ។ ហេតុដូចនេះ​ទើប​មាន​ពិធី​ធ្វើ​ធ្មេញ​បំពេញ លក្ខណ៍​ដល់​កូនប្រុស​ស្រី​នៅពេល​ដែលមាន​ពិធីមង្គលការ​ដែល​ក្លាយជា​ប្រពៃណី​ទំនៀម ទម្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នាពេល​បច្ចុប្បន្ន​នេះដែ​រ ។

ក្រោយមក​នៅពេល​ស្តេច ភុជង្គនាគ​ដែលជា​ព្រះបិតា​របស់​ព្រះ​នាង លីវយី បាន​រៀប​អាពាហ៍ពិពាហ៍​ឱ្យ​កូន​ចប់​រួច រាល់​ហើយ ព្រះ​នាង លីវយី ក៏​នាំ ព្រះថោង ជា​ស្វាមី​ទៅលេង​ព្រះបរមរាជវាំង​របស់​ខ្លួន ដោយ​នៅពេលនោះ​ដោយសារ ព្រះថោង ជា​មនុស្ស​លោកធម្មតា​មិនអាច​ហែល​ទឹកបាន​នាង នាគ ក៏​ឱ្យ ព្រះថោង តោង​ស្បៃ​ព្រះ​នាង ដើម្បី​មុជ​ចុះទៅ​ឋាន​របស់ខ្លួន​កុំឱ្យ ព្រះថោង មាន​ផល​លំបាក​នេះ​ក៏​ក្លាយជា​ទំនៀមទម្លាប់​របស់​ខ្មែរ​រហូតដល់​សព្វថ្ងៃ​ដែរ ។​​លោក ជា សម្បត្តិ ក៏បាន​ឱ្យដឹងទៀតថា ដោយសារ​តែមាន​ប្រវត្តិ​ច្រើន​រាប់មិនអស់ របស់​ប្រាសាទភ្នំដា​នេះ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ ជាពិសេស​ភ្ញៀវទេសចរ​បរទេស​ឱ្យ មក​ទស្សនា​យ៉ាងច្រើន​កុះករ​ជា​រៀងរាល់ថ្ងៃ​ហើយ​ជាពិសេស​ទៅទៀត​នោះ​មាន​សិស្ស​និស្សិត អ្នក​បុរាណ​វិទូ​ជាច្រើន​ចូលមក​ទស្សនា​និង​ស្រាវជ្រាវ​ប្រវត្តិ​នៃ​ទឹកដី​ដ៏​ចំណាស់​មួយ​នេះ ៕ នឿន​