អ្នក​ដាំ​តា​ង៉ែ​ន ​រីកមុខ​ដូច​គ្រាប់​ជីរ​

Doliprane TVC

​ប្រជាពលរដ្ឋ​នៅ​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង នា​រដូវ​កាល​នេះ​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ទទួល ផល​ពី​ដំណាំ​តា​ង៉ែ​ន​ប្រកបដោយ​ទឹកមុខ​ស្រស់ស្រាយ ។ ជាមួយគ្នា​នេះដែរ​កសិករ​យើង​បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយ​ឥតឧបមាដ្បិតអី​ផលដំណាំតា​ង៉ែ​ន​របស់​ពួកគាត់​បានទទួល​ទិន្នផល​ខ្ពស់ហើយ​ជាងនេះទៅទៀត​នោះ​តម្លៃរបស់​វា​ក៏​ខ្ពស់​ដែរ​ដែល​ធ្វើឱ្យ​អ្នក​ប្រកប​របរ​ដាំ​តា​ង៉ែ​ន​រីកមុខ​ដូច​គ្រាប់​ជី ។​
​បន្ទាប់ពី​បាន​អង្គុយលេង​ជាមួយ​កសិករ​អស់​រយៈពេល​ជិត ៣០ នាទី រួចមក អ្នកយកព័ត៌មាន​រប​ស់​យើង​ក៏បាន​សាកសួរ​អំពី​ការដាំដុះ​នៃ​ដំណាំ​តា​ង៉ែ​ន​នេះដោយ​ពួកគាត់​ជា​កសិករ​ចង់ឱ្យមាន​ការផ្សព្វផ្សាយ​អំពី​ផលដំណាំ​តា​ង៉ែ​ន​នេះ ឱ្យបាន​ដឹងឮ​ដល់​មហាជន ។

អ្នក​ដាំ​តា​ង៉ែ​ន ​រីកមុខ​ដូច​គ្រាប់​ជីរ​

អ្នក​ដាំ​តា​ង៉ែ​ន ​រីកមុខ​ដូច​គ្រាប់​ជីរ​

កសិករ​ម្នាក់​ឈ្មោះ ប៊ុន លី អាយុ ៣០ ឆ្នាំ មាន​ដើម កំណើត​នៅ​ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង បាន​និយាយថា​ចាប់តាំងពី​ដាំ​ដំណាំ តា​ង៉ែ​ន​នេះ​រហូត​ដល់ពេល​ប្រមូល​ផល​គឺ​ចំណាយពេល​ពី ៤ ឆ្នាំ ទៅ ៦ ឆ្នាំ ។ ការដាំ​ដំណាំ​តា​ង៉ែ​ន​នេះ​កសិករ​ភាគច្រើន​និយម​សាក​មែក​របស់​វា​មក​ដាំ​មិន​យក គ្រាប់​វា​មក​បណ្តុះ​កូន​នោះទេ ។ ដំណាំ​ប្រភេទ​នេះ​យើង​ត្រូវដាក់​ដាំ​វា​ឱ្យមាន​គម្លាត​គ្នា ពី ៦ ម៉ែត្រទៅ ៨ ម៉ែត្រ ​ក្នុង​មួយ​ដើម ។ បន្ទាប់ពី​បាន​ដាំ​ដុះ​រួចហើយ​យើង​ចាំ បាច់​ត្រូវមាន​ការថែទាំ​វា​ឱ្យ​បានល្អ ។ ដំណាំ​តា​ង៉ែ​ន​នេះ​ក៏​តម្រូវឱ្យ​យើង​ឧស្សាហ៍ ស្រោចស្រព​ទឹក​វា​ញឹកញាប់​ផងដែរ ។ ជាមួយគ្នានេះដែរ​ដំណាំ​តា​ង៉ែ​ន​ក៏​មិនត្រូវ​ការ ឱ្យមាន​ស្មៅ​នៅ​ជិត​វា​ច្រើនពេក​ដែរ បើកាលណា​មាន​ស្មៅ​ច្រើន​នៅក្បែរ​វា​នោះ គឺ​ដំណាំ​តា​ង៉ែ​ន​នេះ​មិនសូវ​បានទទួល​ទិន្នផល​ច្រើន​ឡើយ ។​

​លោក ប៊ុន លី បាន​រៀបរាប់​បន្តទៀតថា​«​តា​ង៉ែ​ន​មិន​ពិបាក​លក់​ដូច​ដំណាំ​ផ្សេងៗ​ទៀតឡើយ ឱ្យតែ​ដល់​រដូវ​កាល​វា​ផ្លែ​ហើយ​គឺមាន​ក្រុម​ឈ្មួញ​មក​ម៉ៅ​ដល់​ចម្ការ​យើង​តែម្តង ប៉ុន្តែ​សម្រាប់​តា​ង៉ែ​ន​របស់ខ្ញុំ​មិន​ម៉ៅ​ឱ្យ​ពួក​ឈ្មួញ​នោះទេ​គឺ​ខ្ញុំ ទុក​លក់​ឱ្យ​អតិថិជន​ដោយ​ខ្លួនឯង​ផ្ទាល់ ។ ដំណាំ​តា​ង៉ែ​ន​ក្នុង
​មួយ​ហិកតា​របើ​មាន​ផ្លែ​ល្អ​គឺអាច​ប្រមូលប្រាក់​បាន​ពី​ការលក់​ចាប់ពី ២០ លាន​រៀល ស្មើនឹង ៥.០០០ ដុល្លារ​ឡើងទៅ នេះ​សម្រាប់​ដំណាំ​តា​ង៉ែ​ន ១ ហិកតារ ដែលជា​ប្រភេទ​ដំណាំ​តា​ង៉ែ​ន​របស់ខ្ញុំ​នេះហើយ​ក្នុង​មួយឆ្នាំ យើង​អាច​ទទួលផល​ពី​វា​បានតែ​ម្តង​ទេ ។ បើ​យើង​និយាយ​ឱ្យបាន​លម្អិត​នោះ គឺ​ចាប់​ពីថ្ងៃ​វា​ចេញ​ផ្កា​រហូតដល់​អាច​បេះ​ផ្លែ​មាន​រយៈពេល​ចំនួន ៦ ខែ ២០ ថ្ងៃនោះ ។បើ​ដំណាំ​តា​ង៉ែ​ន​ដែលមាន​ការថែទាំ​បានល្អ​នោះ​ក្នុង​មួយ​ហិកតារ​អាច​ផ្តល់​ទិន្នផល​បាន​ពី ៤ តោន ទៅ ៦ តោន​» ។​

អ្នក​ដាំ​តា​ង៉ែ​ន ​រីកមុខ​ដូច​គ្រាប់​ជីរ​

​លោក ប៊ុន លី បាន​ប្រាប់​បន្តទៀតថា​«​ដំណាំ​នេះ​មួយឆ្នាំ​គឺ​វា​ចេញ​ផ្លែ​តែម្តង​ទេ អ្នកខ្លះ​គេ​ត្រូវ​ការឱ្យ​វា​ចេញ​ផ្លែ​នា​រដូវចូលឆ្នាំ​ចិន ឯ​អ្នក​ខ្លះទៀត ឱ្យ​វា​ចេញ​ផ្លែ​នៅ​រដូវចូលឆ្នាំ​ប្រពៃណី​ខ្មែរ ព្រោះ​កសិករ​គិតថា​រដូវ​បុណ្យទាន គឺ​ងាយស្រួល​នឹង​លក់​ចេញ​ជាពិសេស​បាន​តម្លៃ​ខ្ពស់​ទៀតផង ។ បើ​យើងចង់​ប្តូរ​ឱ្យ​វា​ចេញ​ផ្លែ​នៅ​ខែ​ផ្សេងទៀត​នោះ​គឺ​យើង​ត្រូវ​កំណត់​តាម​ដែល​យើង​ចង់បាន ពោលគឺ​យើង​ប្រើ​ថ្នាំ​ម្យ៉ាង​ដែល​ទិញ​មកពី​ប្រទេស​ថៃ​យកមក​លាយ​ជាមួយ​ទឹក ហើយ​ស្រោចស្រព​វា​បន្ទាប់មក​វា​នឹង​ចេញ​ផ្កា ។ បច្ចុប្បន្ន​ខ្ញុំ​មាន​ដំណាំ​តា​ង៉ែ​ន​ចំនួន ៧ ហិកតារ ។ និយាយ​ជារួម​ក្នុង​មួយឆ្នាំ​ខ្ញុំ​អាច​ប្រមូលបាន​ប្រាក់​ពី​ដំណាំ​តា​ង៉ែ​ន​នេះ​ចំនួន​ជាង ២៥.០០០ ដុល្លារ​» ៕ វឌ្ឍនៈ​