មជ្ឈដ្ឋាន​នានា​គ្មាន​ជំនឿ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​បំផ្លាញ​ព្រៃឈើ​

ប្រតិបត្តិការ​របស់​គ​ណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុងការ​អនុវត្តតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់​ចេញ​ជា​លទ្ធផល​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​ដែល​បញ្ហា​នេះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ ពុំមាន​ជំនឿ​លើ​វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បានដាក់​ចេញ​កាលពី​ខែមករា ឆ្នាំ​២០១៦​នោះទេ​។ ដោយហេតុថា វិធានការ​ទប់ស្កាត់​ប​ទ​ល្មើស​បំផ្លាញ​ព្រៃឈើ គឺជា​រឿង​ដដែលៗ​ហើយ​ធាតុពិត​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​ដដែល​។

គួរ​រំលឹក​ដែរ​ថា កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​អង្គការ​(Forest Trends)​បាន​រកឃើញថា ព្រៃឈើ​ជា​មធ្យម​ជាង​២០០០​គីឡូម៉ែត្រ​ក្រឡា​ជា​រៀងរាល់ឆ្នាំ​ត្រូវបាន​បំផ្លាញ ដោយសារ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស​។ ម្យ៉ាងទៀត​លោក ហ៊ុន សែន មិនបាន​អនុវត្តន៍​តាម​ពាក្យសន្យា​របស់ខ្លួន​ចំពោះមុខ​ប្រជាពលរដ្ឋ​នៅឡើយ​ទេ ក្នុងខណៈដែល​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅតែ​កើតឡើង​យ៉ាង​មហន្តរាយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ បាន​លើកឡើងថា បទបញ្ជា​ឬ​អនុសាសន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែមាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​ខ្លី ហើយ​បន្ទាប់មក​បទល្មើស​រាល​ដាល​ខ្លាំង​ជាង​មុន​ទៅទៀត​។ សកម្មជន​ព្រៃឈើ​មួយចំនួន​បានបញ្ជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ក្នុងការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ពិតមែន​នោះ គួរតែ​ចាត់វិធានការ​លើ​ឈ្មួញ​ធំៗ​ដែល​រត់ពន្ធ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​។​

ទាក់ទង​ទៅនឹង​បញ្ហា​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​នោះដែរ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង បាន​ថ្លែងថា ការចាត់វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ត្រូវធ្វើឡើង​ក្នុង​ក្រម​ខណ្ឌ​ច្បាប់ ព្រោះ​បទបញ្ជា​ផ្ទាល់មាត់​របស់លោក ហ៊ុន សែន គឺ​ធ្វើ​ហួស​ច្បាប់​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បានបញ្ជាក់​ទៀតថា ត្រូវ​ស្រាវជ្រាវ​រក​មេខ្លោង ជួញដូរ បំផ្លាញ​ព្រៃឈើ ទើប​អាច​ទប់ស្កាត់​ការបំផ្លាញ​ព្រៃឈើ​។ ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក​មិនត្រូវ​បាន​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ថា្នក់​ក្រោម​យកចិត្តទុកដាក់​អនុវត្តន៍​តាម​នោះទេ​។ ជាក់ស្តែង​សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​រវៀង បាន​ឲ្យ​ដឹងថា ព្រៃឈើ​ទំហំ​ជិត​២០០០​ហិកតា​ក្នុង​សហគមន៍​ជាំ​ពេន ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក ហើយ​អាជ្ញាធរខេត្ត​ព្រះវិហារ និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​៕

images 311