ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពីលើ​ដល់​ក្រោម

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ទៅកាន់​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ត្រូវ​បើកភ្នែក​មើល​ឲ្យ​ឃើញ​អ្វីដែល​បំផ្លាញ​ផ្លូវថ្នល់ និង​សុវត្ថិភាព​សាធារណៈ ព្រោះ​ត្រូវ​ទទួលទោស​ដូចគ្នា​។ ការព្រមាន​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កើតឡើង​បន្ទាប់ពី​មាន​រថយន្ត​យី​ដុប​ដឹក​អង្ករ​ជាង​៧០​តោន​ឡើង​ស្ពាន​អ្នក​លឿង ហើយ​ដាច់​ក្រ​ឡេ​បណ្ដាល​ឲ្យ​រអិល​ថយក្រោយ របើក​កៅស៊ូ​ស្ពាន​។ ជាងនេះទៅទៀត​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​បង្កឡើង​ដោយ​រថយន្ត​ធំៗ​ដូចជា រថយន្ត​ដឹកទំនិញ ដឹក​អង្ករ និង​ដឹក​ដំឡូង​ជាដើម​។​

ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើនេះ មជ្ឈដ្ឋាន​មួយចំនួន​បាន​លើកឡើងថា ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ គឺជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​បង្ក​ឲ្យ​ខូច​ផ្លូវ បាក់​ស្ពាន និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​។ ក្នុងនោះ​លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ទទួលបន្ទុក​ជញ្ជីង​ថ្លឹង​រថយន្ត និង​បក្ខពួក គឺជា​អ្នកទទួលខុសត្រូវ​មិនអាច​ប្រកែក​យករួចខ្លួន​បានឡើយ​។ ដោយហេតុថា លោក លឹម ស៊ី​ដេ​នី​ន ជា​អ្នក​បណ្ដោយ​ឲ្យ​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​ក្រសួង​និង​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​តាម​បណ្ដា​ខេត្ត​នានា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ផលប្រយោជន៍ មិន​គិតពី​រឿង​ខូច​ផ្លូវ​ខូច​ស្ពាន​នោះទេ​។

​ប្រភពពី​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​មួយចំនួន​បាន​ឲ្យ​ដឹងថា មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​ក្រសួង​និង​បណ្ដា​ខេត្ត​នានា គិតតែ​ពី​រឿង​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​យកលុយ​ប៉ុណ្ណោះ ដោយ​មិនបាន​គិតគូរ​រឿង​រថយន្ត​ផ្ទុក​លើស​ទម្ងន់​បណ្ដាល​ឲ្យ​ខូច​ផ្លូវ​ឬ​បាក់​ស្ពាន​នោះទេ​។ អាច​និយាយបានថា រថយន្ត​ធុន​ធំ​ដឹកទំនិញ ដឹក​អង្ករ ដឹកឈើ និង​ដឹក​ដំឡូង​មី​លើស​ទម្ងន់​ជាដើម គឺជា​ប្រភព​ចំណូល​របស់លោក លឹម ស៊ី​ដេ​នី​ន និង​បក្ខពួក​តាំងពី​ថ្នាក់​ក្រសួង​ដល់​ថ្នាក់​ខេត្ត​។ សូម្បីតែ​រថយន្ត​តូចៗ​របស់​ប្រជាកសិករ​ដែល​ដឹក​កសិផល​ទៅ​លក់​នៅ​ទីផ្សារ ក៏ត្រូវ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ជំរិត​យកលុយ​តាមរបៀប​កុងត្រូលជជុះ​ដែរ​។

​ប្រជាពលរដ្ឋ​ទូទៅ​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការ​លើ​លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏ដូចជា​អគ្គនាយក​ទទួលបន្ទុក​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ក្រសួង​សាធារណការ​ជាបន្ទាន់​។ ដោយហេតុថា ពួកគេ​នេះហើយ​គឺជា​អ្នក​បណ្ដោយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​តាម​បណ្ដា​ខេត្ត​នានា តាមផ្លូវ​ជាតិ​នានា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​មិនដែល​បង្ក្រាប​ទៅលើ​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​នោះឡើយ​។ ជាក់ស្តែង​ករណី​រថយន្ត​ដឹក​អង្ករ​ជាង​៧០​តោន​បំផ្លាញ​ស្ពាន​អ្នក​លឿង​(​ស្ពាន​ហ្សឹ​បា​សា​) និង​រថយន្ត​ដឹក​ដំឡូង​មី​លើស​ទម្ងន់​បំផ្លាញ​ស្ពាន​ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ គឺជា​ភស្តុតាង​បង្ហាញថា ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ក្រោម​ការគ្រប់គ្រង​របស់លោក លឹម ស៊ី​ដេ​នី​ន និង​បក្ខពួក​គិតតែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​៕

12769400_1528125357483041_362155523_n​លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន a-car-over1-500x375 1915290_1802022190025283_4375107173902732326_n