ទូត​កម្ពុជា​ប្រចាំ​នៅ​ឥណ្ឌូនេស៊ី​ប្រតិកម្ម​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​សហគមន៍​អាស៊ាន​

ភ្នំពេញ: ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ជា​តំណាង​អចិន្ត្រៃយ៍​ប្រចាំអាស៊ាន បាន​បញ្ចេញ​ប្រតិកម្ម​ជាមួយ​លោកស្រី នី​ណា ហា​ជី​ហ្គៀ​ន (NinaHachigian) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ សហគមន៍​អាស៊ាន ដែលបានលើកឡើង​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស និង​បាន​លូកដៃ​ចូលជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​។​

​នៅក្នុង​លិខិត​របស់លោក នង សាកល ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​ប្រទេសឥណ្ឌូនេស៊ី និង​ជា​តំណាង​អចិន្ត្រៃយ៍​ប្រចាំ​អាស៊ាន​ផ្ញើជូន​​លោកស្រី នី​ណា ហាជី​ហ្គៀ​ន ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ សហគមន៍​អាស៊ាន បាន​ឲ្យ​ដឹងថាយោងទៅលើ​ការលើកឡើង​របស់លោក​ស្រី​នី​ណា ហា​ជី​ហ្គៀ​ន ដែល​បាន​ថ្លែងកាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ទៅនឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា ហើយ​ត្រូវបាន​ដកស្រង់​នៅក្នុង​អត្ថបទ​ដែលមាន​ចំណងជើង​“​ប្រេសិតសហរដ្ឋអាមេរិក​និយាយថា សិទ្ធិ​ត្រូវបាន​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​”​ក្នុងកាសែត​ខេ​ម​បូ​ឌា​ដេលី កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ទាក់ទង​នឹងការលើកឡើង​នេះ លោក​សូ​ទាញ​ការចាប់អារម្មណ៍​ដូច​ខាង​​ក្រោមៈ​
១.​វា​ជា​ការពិត​ដែល​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បានលើកឡើង​ជាទូទៅ​ពីបញ្ហា​ប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​​ដោយ​មិន​លើក​ចំ​ពី​ប្រទេស​ណាមួយឡើយ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់​នាំ​អាស៊ានដទៃទៀត​ក៏បាន​ចែក​​រំលែក​ទស្សនៈ​របស់​ប្រធានាធិបតី​អាមេរិក​ផងដែរ​។ ២.ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​សហគមន៍​អាស៊ាន​តួនាទី​
សំខាន់បំផុត​របស់លោក​ជំទាវ គឺ​គ្រាន់តែ​ផ្តោតលើ​ការតាមដាន និង​ការ​លើ​កំពស់ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​សហរដ្ឋអាមេរិក និង​មិន​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​របស់​កម្ពុជា​ដោយ​របៀប​មិន​សមរម្យ​នោះឡើយ​។ ៣.​ច្បាប់​របស់​កម្ពុជាស្តីពី​អង្គការក្រៅរដ្ឋាភិបាល និង​សង្គម​ស៊ីវិល គឺ​ពុំ​មានបំណង​រឹតបន្តឹង​សេរីភាពរបស់​អង្គការក្រៅរដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ទេ​ប៉ុន្តែ​ធានា​ឲ្យ​មានការ​សម្រប​​សម្រួល​បានល្អ​ជាង​មុន នៃ​កិច្ចប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​មួយ​។ រហូតមកដល់ពេលនេះ នៅក្នុង​ចំណោម​អង្គការក្រៅរដ្ឋាភិបាល ក្នុងស្រុក និង​បរទេសរាប់ពាន់​អង្គការ មាន​អង្គការ​តែ​ជាង​១០០​ប៉ុណ្ណោះ ដែល​កំពុងតែធ្វើការ​លើផ្នែក​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ហើយនឹង​កំពុងធ្វើការ​រិះគន់​រាជរដ្ឋាភិបាលកម្ពុជា ដោយ​សេរី​ទាំង​នៅក្នុង​និង​នៅក្រៅ​ប្រទេស​។​

​ជាមួយគ្នានេះ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​នៅ​ទីក្រុង​ហ្សា​កាតា ក៏បាន​សូម​ឲ្យ​លោកស្រីនី​ណា ហា​ជី​ហ្គៀ​ន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​​ប្រចាំ សហគមន៍​អាស៊ានបំពេញភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ជាជាង​ធ្វើការ​រិះគន់​កម្ពុជា ដោយ​មិនសមរម្យ​៕​