តើ​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​ឈឺចង្កេះ​?

តើ​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​ឈឺចង្កេះ​?

ការ​ដែល​មនុស្ស​ម្នាក់​មាន​ការ​ប្រឈម​នឹង​ការ​ឈឺចង្កេះ​កាន់តែ​ខ្លាំង​នោះ​មានន័យ​ថា ឱកាស​នៃ​ការ​កើត​វា​ក៏​កាន់តែ​ខ្ពស់​ដែរ​។ ខាងក្រោម​នេះ​គឺជា​កត្តា​ប្រឈមមុខ​មួយចំនួន​ដែល​អ្នក​គួរតែ​យល់ដឹង​៖

​កត្តា​រាងកាយ និង​គ្រួសារ​
•​    ​អាយុ​វ័យ​កណ្តាល ឬ​អាយុ​ច្រើន​
•​    ​មនុស្ស​ប្រុស​
•​    ​គ្រួសារ​ធា្លប់មាន​ប្រវត្តិ​ឈឺចង្កេះ​
•​    ​ធ្លាប់​មាន​របួស​នៅ​ចង្កេះ​ពីមុនមក​
•​    ​កំពុង​មាន​ផ្ទៃពោះ ព្រោះតែ​សម្ពាធ​របស់​ទារក​ដាក់​លើ​ចង្កេះ​ខ្លាំង​
•​    ​កំពុង​មាន​តែ​ជិត​បាក់ឆ្អឹង​កង​ខ្នង​
•​    ​ធ្លាប់​វះកាត់​ខ្នង​កាលពីមុន​
•​    ​មាន​បញ្ហា​ឆ្អឹងខ្នង​តាំង​ពី​កំណើត​

​កត្តា​ដែល​អ្នក​អាច​ផ្លាស់ប្តូរ​បាន​ដោយ​ផ្លាស់ប្តូរ​របៀប​រស់នៅ​
•​    ​មិន​បាន​ហាត់ប្រាណ​ទៀងទាត់​
•​    ​ធ្វើ​ការងារ ឬ​សកម្មភាព​ទាំងឡាយណា​ដែល​ទាមទារ​ឲ្យ​អង្គុយ​រយៈពេល​យូរ​, លើ​ក​របស់​ធ្ងន់ៗ​, ឱន ឬ​រមួលខ្លួន​, ធ្វើ​ចលនា​ដដែលៗ ឬ​ស្ថិត​នៅ​កន្លែង​មាន​រំ​ញ័រ​ជាប់​យូរ​។
•​    ​អ្នក​ដែល​ជក់បារី​ទំនងជា​ឆាប់​ជួប​បញ្ហា​ឈឺចង្កេះ​ច្រើនជាង​អ្នក​មិន​ជក់​។
•​    ​ការ​ធាត់​ជ្រុល​ជាពិសេស​ការ​ដុះ​ក្បាលពោះ ប្រហែលជា​ត្រូវ​ដាក់​សម្ពាធ​ទៅលើ​ចង្កេះ​ខ្លាំង ប៉ុន្តែ​រឿង​នេះ​មិនទាន់​មាន​ការយល់ស្រប​ពេញលេញ​នៅឡើយ​ទេ​។ ការ​ធាត់​ជ្រុល​ច្រើន​តែ​មានន័យថា បុគ្គល​នោះ​មិនសូវ​ចេះ​ហាត់ប្រាណ​, ខ្សោយ​សាច់ដុំ និង​មិន​សូវ​មាន​ភាពបត់បែន​ច្រើន​ឡើយ ហេតុដូច្នេះ​ហើយ​វា​ងាយ​នឹង​ប្រឈម​នឹង​ឈឺចង្កេះ​ណាស់​។
•​    ​ជំហរ​មិនល្អ​៖ ការ​អង្គុយ​កោង​ខ្នង​ដោយ​ខ្លួនឯង​ប្រហែលជា​មិន​ធ្វើឲ្យ​ឈឺចង្កេះ​ទេ​។ ប៉ុន្តែ​ក្រោយពី​ខ្នង​នោះ​រង​សម្ពាធ ឬ​របួស​រួច ជំហរ​មិន​ត្រឹមត្រូវ​អាច​នឹង​ធ្វើឲ្យ​ការឈឺចាប់​កាន់តែ​ធ្ងន់​បាន​។ ចំពោះ​ជំហរ​ដ៏​ល្អ​វិញ​មានន័យថា ត្រចៀក​, ស្មា និង​សន្លាក់​ត្រគាក​ស្ថិតនៅ​បន្ទាត់​ត្រង់​ស្មើគ្នា​។ បើសិន​ជា​ជំហរ​បែប​នេះ​បង្ក​ឈឺចាប់​វិញ អ្នក​ប្រហែលជា​មាន​ជំងឺ​ណាមួយ​ផ្សេង​ហើយ​ដូចជា បញ្ហា​ទាក់ទង​នឹង​ទ្រនាប់​នៅ​ឆ្អឹងខ្នង ឬ​ឆ្អឹងខ្នង​ផ្ទាល់​។
•​    ​កំពុងតែ​ស្ត្រេ​ស​៖ ស្ត្រេ​ស និង​កត្តា​ផ្លូវចិត្ត​ផ្សេងៗ​ទៀត​ត្រូវបាន​គេ​ជឿ​ថា​ដើរតួនាទី​ដ៏​សំខាន់​ចំពោះ​ការ​ឈឺចង្កេះ ជាពិសេស​ការឈឺចាប់​រ៉ាំរ៉ៃ​តែម្តង​។ មាន​មនុស្ស​ច្រើនណាស់​មាន​បញ្ហា​តឹង​សាច់ដុំ​នៅ​ចង្កេះ​ដោយ​មិនដឹង​ខ្លួន​នៅ​ពេល​ពួកគេ​ស្ថិត​ក្នុង​អារម្មណ៍​តានតឹង​។

​កត្តា​ដែល​អ្នក​អាច​ផ្លាស់ប្តូរ​បាន​ដោយ​ការព្យាបាល​
•​    ​កំពុងតែ​មាន​បញ្ហា​បាក់​ទឹកចិត្ត​រយៈពេល​យូរ​
•​    ​កំពុង​ប្រើ​ថ្នាំ​រយៈពេល​យូរ ដែល​វា​ជា​ហេតុ​នាំ​ឲ្យ​ខ្សោយ​ឆ្អឹង​បាន ដូច​ជា​ថ្នាំ​សរសៃ (Corticosteroid)​។
•​    ​កំពុង​មាន​ជំងឺ​ធ្វើឲ្យ​ក្អក​រ៉ាំរ៉ៃ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។