តំណែងប្រធាន FIFA ក្នុងអណត្តិថ្មី ធ្លាក់ទៅលើលោក Infantino បេក្ខភាពមកពី UEFA

ហ្ស៊ូរីច,ស្វីស៖ បន្ទាប់ពីមានការផ្តើម បោះឆ្នោតជ្រើសតាំង ប្រធាន FIFA ថ្មី កាលពីថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ម្សិលមិញនេះ តំណែងប្រធានគ្រប់គ្រង FIFA ថ្មី បានទៅលើលោក Gianni Infantino និងជាអ្នកដែលបន្តវេនទីលោក Sepp Blatter ខណៈការគ្រប់គ្រងតាំងពីឆ្នាំ១៩៩៨ ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ថា ការបោះឆ្នោត ជ្រើសតាំងប្រធាន FIFA ថ្មីបានផ្តើមឡើង នៅក្រុង ហ្ស៊ូរីច ប្រទេសស្វីស ដែលចុងក្រោយ លទ្ធផលសម្រេច បានជ្រើសរើស យកលោក Gianni Infantino ធ្វើជាប្រធាន ។ ក៏ប៉ុន្តែមុនពេលឆ្នោត ចាប់ផ្តើម ក៏មានបេក្ខជន មួយរូបឈ្មោះ Tokyo Sexwale មកពីអាហ្រ្វិកខាងត្បូង ហើយជាបេក្ខជន ក្នុងចំណោម៥រូប ដែលឈរឈ្មោះ បានបង់ការប្រកួត ប្រជែងយកតំណែង ប្រធាននេះ ។

តាមលក្ខខ័ណ្ឌនៃការជ្រើសតាំង គណៈកម្មាធិការបាន សម្រេចទៅលើ ជ័យជម្នះ សម្លេងគាំទ្រ២/៣ ។

សម្រាប់លទ្ធផលនៃការបោះឆ្នោតនៅជុំទី១ លោក Infantino អគ្គលេខាធិការ UEFA ទទួលបានសម្លេង គាំទ្រ៨៨សំឡេង បន្ទាប់មកលោក Sheikh Salman ទទួលបាន ការគំាទ្រចំនួន៨៥ សំឡេង ដែលជាប្រធាន AFC ហើយព្រះអង្គម្ចាស់ របស់ប្រទេសហ្ស៊កដង់ Ali bin al-Hussein ទទួលបាន២៧សំឡេង និងអតីតនាយកប្រតិបត្តិ FIFA ជនជាតិបារាំង លោក Jereme Champagne ទទួលបាន៧សំឡេងប៉ុណ្ណោះ ។

ឆ្លងចូលដល់ការបោះឆ្នោតនៅជុំទី២ បេក្ខជន Infantino ទទួលបាន ១១៥សំឡេង ខណៈដែលលោក Salman ទទួលបាន៨៨សំឡេង ។

ផ្អែកតាមលទ្ធផលនេះ គណៈកម្មាធិការ នៃការបោះឆ្នោត សម្រេចជ្រើសតាំង លោក Infantino ជាប្រធាន FIFA ថ្មី គ្រប់គ្រងរហូត ដល់ការបោះឆ្នោត លើកក្រោយនៅក្នុង ឆ្នាំ២០១៩ខាងមុខ ៕

តំណែងប្រធាន FIFA ក្នុងអណត្តិថ្មី ធ្លាក់ទៅលើលោក Infantino បេក្ខភាពមកពី UEFA