គណបក្សប្រឆាំង នឹងធ្វើសន្និបាតលើកទី២ នៅថ្ងៃ២៦មីនា តែថ្ងៃសមាជធំ នឹងធ្វើក្រោយការ បោះឆ្នោតឃុំសង្កាត់

ភ្នំពេញៈ ឯកឧត្តម កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បានចូលរួមក្នុង “វេទិកាសកម្មជនមូលដ្ឋាន” ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។ ក្នុងឪកាសនោះ ឯកឧត្តម កឹម សុខា បានបញ្ជាក់ប្រាប់ក្រុមអ្នកគាំទ្រថា នៅថ្ងៃទី២៦ មីនា គណបក្សប្រឆាំង នឹងធ្វើសន្និបាតលើកទី២ ដោយសន្និបាតលើកទី១ គឺធ្លាប់ធ្វើឡើងកាលពីឆ្នាំ២០១៤ ក្រោយពីបក្សសិទ្ឋមនុស្ស និងបក្សសមរង្សីរូបរួមគ្នា បង្កើតជាគណបក្សសង្គ្រោះជាតិ។

ឯកឧត្តម កឹម សុខា បន្ថែមថា “៥ឆ្នាំម្តងយើងត្រូវធ្វើសមាជបក្ស ដូច ២ឆ្នាំម្តងយើងធ្វើសន្និបាត ចឹងសមាជធំធ្វើ នៅឆ្នាំ២០១៧ សន្និបាតនៅថ្ងៃទី២៦មីនា ដើម្បីពិនិត្យអនុវត្តន៍គោលនយោបាយ នឹងត្រូវមានការកែប្រែ សន្និបាត ថ្នាក់ជាតិមិនមែនជាសមាជ មានអ្នកចូលរួមរាប់ពាន់រាប់ម៉ឺននាក់ទេ គឺមានក្រុមប្រឹក្សាបក្ស ជាងតែ១០០០នាក់ ប៉ុណ្ណោះចូលរួមមន្រ្តីទាំងនេះ នឹងកែប្រែចំនុចខ្លះ ដើម្បីដាក់ផែនការបន្ត និងត្រៀមបោះឆ្នោតឃុំសង្កាត់២០១៧ បោះឆ្នោតឃុំសង្កាត់ហើយទើបយើងធ្វើសមាជថ្នាក់ជាតិ២០១៧ ពេលនោះ គឺអនុម័តរចនាសម្ព័ន្ឋបក្សមុន បោះឆ្នោតសកលឆ្នាំ២០១៨”៕