បទល្មើស​នេសាទ​កើនឡើង​បង្ហាញ​ពី​អសមត្ថភាព​របស់លោក អេង ជា​សាន

ក្រោយពេល​លោក អេង ជា​សាន ឡើងកាន់តំណែង​ជា​អគ្គនាយក​រដ្ឋបាល​ជល​ផល ជំនួស​លោក ណៅ ធួ​ក រួចមក​បទល្មើស​នេសាទ​ពុំមាន​ការថយចុះ​ទេ គឺ​មានតែ​កើនឡើង​ច្រើនជាង​មុន​ទៅទៀត​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។ ជាមួយគ្នានេះ​ការដែល​បទល្មើស​នេសាទ​នៅ​ឆ្នាំ​២០១៥​កើនឡើង​ច្រើនជាង​ឆ្នាំ​២០១៤ គឺជា​ភស្តុតាង​បង្ហាញថា លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ អសមត្ថភាព​ក្នុងការ​បំពេញការងារ​ទៅតាម​តួនាទី​របស់ខ្លួន​។ ប្រការនេះ​គួរ​ដល់​ពេលដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដក​មន្ត្រី​អសមត្ថភាព​ចេញពី​តំណែង ហើយ​ដាក់ជំនួស​ដោយ​មន្ត្រី​ដែលមាន​សមត្ថភាព​ធ្វើ​ការងារ​បម្រើ​ប្រទេសជាតិ​។

​តាមរយៈ​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការណ៍​វិស័យ​ជលផល​ឆ្នាំ​២០១៥ និង​ទិសដៅ​វិធានការ​ឆ្នាំ​២០១៦ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៥​ការបង្ក្រាប​បទល្មើស​ជ​ល​ផល​ជាក់ស្តែង​បាន​ចំនួន​៣៩៧៤​ករណី បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤​គឺមាន​ការកើនឡើង​២៨៨​ករណី​។ ទាក់ទង​នឹង​បញ្ហា​នេះ​មជ្ឈដ្ឋាន​មួយចំនួន​បាន​វាយតម្លៃ​ទុកជាមុន​ថា បទល្មើស​នេសាទ​ក្នុង​ឆ្នាំ​២០១៦​នឹងមាន​ការកើនឡើង​ច្រើនជាង​ឆ្នាំ​២០១៥​ទៅទៀត ព្រោះ​បច្ចុប្បន្ន​បទល្មើស​នេសាទ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​កំពង់ធំ​ជាដើម​។ មន្ត្រីរដ្ឋបាល​ជលផល​នៃ​បណ្ដា​ខេត្ត​ទាំងនេះ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះទេ គឺ​ពួកគេ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​។

​សូមបញ្ជាក់ថា​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វាយប្រហារ​ចំៗ​ទៅលើ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ដែលមាន​ភាពយឺតយ៉ាវ​និង​មិន​យកចិត្តទុកដាក់​ធ្វើ​ការងារ​។ ដោយសារតែ​លោក​រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន អសមត្ថភាព​បែបនេះហើយ​ទើប​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល អសមត្ថភាព​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ ហើយ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ក៏​អសមត្ថភាព​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ផងដែរ​។ ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​មជ្ឈដ្ឋាន​នានា បាន​អំពាវនាវ​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​មិនគួរ​ទុក​ឲ្យ​មន្ត្រី​ពុករលួយ​និង​អសមត្ថភាព​ធ្វើ​ការងារ​បន្តទៀត​ទេ ហើយ​គួរតែ​ផ្ដល់ឱកាស​ឲ្យ​មន្ត្រី​ស្អាតស្អំ​មាន​សមត្ថភាព​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​តាម​ស្ថានភាព​ជាក់ស្តែង​៕

15.01.27លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ST-0331លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល