ករណី​ឈ្មួញ​ចាក់ដី​លុប​ផ្លូវទឹក​បុរាណ​នៅ​ស្រុក​អង្គរបុរី មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​អង្គរបុរី ស្រុក​អង្គរបុរី បាន​ឲ្យ​ដឹងថា មាន​រថយន្ត​ដឹក​ដី​ជាច្រើន​គ្រឿង​កំពុង​ដឹក​អាចម៍ដី​មកចាក់​លុប​ប្រឡាយទឹក​ប្រវត្តិសាស្ត្រ​នៅ​ខាងក្រោយ​មណ្ឌល​សុខភាព​អង្គរបុរី ហើយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រការនេះ​ប្រជាពលរដ្ឋ​ឃុំ​អង្គរបុរី បាន​អំពាវនាវ​ឲ្យ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ចាក់ដី​លុប​ផ្លូវទឹក​បុរាណ​នោះ​ជាបន្ទាន់ ហើយ​ត្រូវ​វែកមុខ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ដែលជា​ប់​ពាក់ព័ន្ធ​ផងដែរ​។ ដោយហេតុថា បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ទេនោះ គឺ​ឈ្មួញ​ទាំងពីរ​ក្រុម​មិន​ហ៊ាន​ប្រជែង​គ្នា​ចាក់ដី​លុប​ផ្លូវទឹក​បុរាណ​នោះឡើយ​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​មណ្ឌល​សុខភាព​អង្គរបុរី ឃុំ​អង្គរបុរី បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ភូមិ អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ពីរ​ក្រុម​ចាក់ដី​លុប​ប្រឡាយទឹក​បុរាណ​យក​ធ្វើជា​កម្មសិទ្ធិឯកជន​។ អ្នកភូមិ​បាន​ឲ្យ​ដឹងថា ប្រឡាយទឹក​នេះ​ជា​ប្រឡាយ​ប្រវត្តិសាស្ត្រ​តាំងពី​បុរាណ​មក សម្រាប់​រំដោះ​ទឹក​នៅពេល​ភ្លៀង​ជន​លិច​ខ្លាំង ហើយ​បើ​គ្មាន​ប្រឡាយ​នេះ​ទេ​នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​អាច​បណ្ដាល​ឲ្យ​មានទឹក​ជន​លិច​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ជាមិនខាន​។ ថ្មីៗ​នេះ​មន្ត្រី​អាជ្ញាធរ​បាន​កោះហៅ​ម្ចាស់​គ្រឿងចក្រ​ទៅ​សាលាស្រុក​ដើម្បី​សួរនាំ​ផងដែរ ប៉ុន្តែ​ពេល​ក្រុម​ឈ្មួញ​ទាំងនោះ​ត្រឡប់​មកពី​សាលាស្រុក​វិញ បែរជា​ធ្វើ​សកម្មភាព​ចាក់ដី​លុប​ប្រឡាយទឹក​បុរាណ​នោះ​ដដែល​។

ប្រជាពលរដ្ឋ​បាន​រិះគន់ថា អាជ្ញាធរ​ស្រុក​អង្គរបុរី ហាក់​គ្មាន​ឆន្ទៈ​ក្នុងការ​ទប់ស្កាត់​បទល្មើស​នេះ​ទេ ហើយ​កំពុង​បណ្ដោយ​ឲ្យ​ឈ្មួញ​ពីរ​ក្រុម​សម្រុក​ចាក់ដី​លុប​ប្រឡាយ​បឹង​ប្រវត្តិសាស្ត្រ​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ជាបន្ទាន់​បំផុត និង​ចាត់វិធានការ​ទៅលើ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ដែល​ជាប់​ពាក់ព័ន្ធ​ផងដែរ​។ មន្ត្រីរាជការ​ក្នុងស្រុក​អង្គរបុរី ក៏បាន​លើកឡើង​ដែរ​ថា បើ​អាជ្ញាធរ​ខេត្តតាកែវ មិន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ ទីតាំង​ប្រឡាយទឹក​បុរាណ​ខាងក្រោយ​មណ្ឌល​សុខភាព​អង្គរបុរី ត្រូវ​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​ឈ្មួញ​ពីរ​ក្រុម​ក្នុងពេល​ឆាប់ៗ​នេះ​ជាមិនខាន​៕

photo_2016-01-19_15-21-48លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ