ពលរដ្ឋ ស្នើស្ថាប័នពាក់ព័ន្ធ ដោះស្រាយបញ្ហាដីហុយ ចូលផ្ទះ និងបង្កឲ្យមានជំងឺ ផ្លូវដង្ហើម នៅចំណុច ស្ទឹងព្រែកអំបិល

កណ្តាល៖ ផ្លូវលំមួយខ្សែដែលមាន ប្រវែង១០.៥០គីឡូម៉ែត្រ បែកចេញ ពីផ្លូវជាតិលេខ២១បេ ត្រង់មន្ទីរឃុំព្រែកអំបិល ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានហុយទ្រឡោមយ៉ាងខ្លំាងនៅរដូវប្រាំង ក្នុងពេលរថយន្តនិងម៉ូតូបើកឆ្លងកាត់ម្តងៗ ។

ការហុយដីនេះ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ តាមបណ្តោយផ្លូវ ដែលស្របតាមស្ទឹង ព្រែកអំបិល រអ៊ូរទំាជាខ្លាំង ចំពោះសកម្មភាពនេះ ដោយធ្វើ ឲ្យ ក្មេងៗ និងអ្នករស់នៅ មានជំងឺផ្លូវដង្ហើមស្ទើរតែគ្រប់គ្នា។ ប៉ុន្តែទោះបីជា ពលរដ្ឋរអ៊ូរទាំយ៉ាងណាក៏ដោយ ក៏អាជ្ញាធរមូលដ្ឋាន មិនដែលយកចិត្តទុកដាក់ ដោះស្រាយ ស្នើទៅថ្នាក់លើ ឲ្យចុះមកដោះស្រាយ ជូនពលរដ្ឋ ដែលជាម្ចាស់ឆ្នោតឡើយ។ ជាងនេះមន្ត្រីសាធារណការខេត្តតែម្តង មិនដែលអើពើចុះ ត្រួតពិនិត្យសោះ។

ក្រុមប្រជាពលរដ្ឋ តាមដងផ្លូវ បានឲ្យដឹងថា ផ្លូវនេះ កាលពីមុនបានក្រាលគ្រួស ថ្មភ្នំល្អិតៗ ពេលនោះមិនមាន ដីហុយ ដូចសព្វថ្ងៃនេះទេ តែក្រោយមក មានការឈូសឆាយ ធ្វើសារជាថ្មី ដោយក្រាលគ្រួសក្រហម ធ្វើឲ្យមានសភាពហុយខ្លំាង នៅពេល រថយន្តបើកឆ្លងកាត់។ ជាពិសេស នៅពេលរដូវវស្សាហើយមានភ្លៀងធ្លាក់វិញ ផ្លូវនេះ កាន់តែមានសភាព កាន់តែយ៉ាប់យ៉ឺន ដោយសារមាន ភក់ស្អិតរអិល ពិបាកក្នុងការ ធ្វើដំណើរទៅវិញមក ដោយភក់ជាប់ស្អិត នៅនឹងកង់ឡាន-ម៉ូតូ ។

យ៉ាងណាក្តី សម្រាប់ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិបានស្នើសុំ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាជួយដោះស្រាយ ដោយសាងសង់ ផ្លូវនេះ ដាក់ក្រាលកៅស៊ូ ដើម្បីងាយស្រួល ដល់ពលរដ្ឋ ក្នុងភូមិធ្វើដំណើរ និងប្រកបរបចិញ្ចឹមជីវិតប្រចាំថ្ងៃ។ លើសពីនេះ ងាយស្រួលឲ្យកូនចៅ ទៅសាលារៀន កុំឲ្យពេលទៅដល់ សាលាសំលៀកបំពាក់ ប្រឡាក់សុទ្ធតែដី។

បើតាមមេឃុំព្រែកអំបិល ធ្លាប់បានឲ្យដឹងថា ផ្លូវនេះមានប្រវែង ១០.៥០គីឡូម៉ែត្រ ក្រោមគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាបនាដោយ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការនៃខេមរភូមិន្ទ ( ខ.ភ.ម) ដោយគ្រាន់ តែក្រាលគ្រួសក្រហមប៉ុណ្ណោះ។ ទាក់ទិនស្ថានភាពជាក់ស្តែង តាមដងផ្លូវវិញ គេសង្កេតឃើញថា ដំបូលផ្ទះ ប្រជាពលរដ្ឋសុទ្ធ តែមានដីជាប់ ចំណែករុក្ខជាតិវិញ ពណ៌សុទ្ធតែដី បាត់បង់ពណ៌ធម្មជាតិ៕