លោក វ៉ា គឹមហុង ធ្វើ​មិនដឹងមិនឮ​រឿង​យួន​ឈូសឆាយ​កសាង​ផ្លូវ​លើដី​ខ្មែរ​នៅ​ស្រុក​ចន្ទ្រា

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា ត្រូវបាន​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រំដែន​រិះគន់ថា ធើ្វ​មិនដឹងមិនឮ​ចំពោះ​ករណី​ភាគី​យួន​ធ្វើ​ផ្លូវ​រំលោភ​ចូល​ដី​ខ្មែរ​នៅ​ភូមិ​គោក​តែ​ក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។ សកម្មជន​ព្រំដែន​បាន​លើកឡើងថា ក្រោយ​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ គឺ​លោក វ៉ា គឹមហុង គួរ​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ ដើម្បី​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតីរ​បស់​ភាគី​យួន​នៅតាម​ព្រំដែន​។ ផ្ទុយទៅវិញ​ក្នុងនាម​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន បែរជា​សម្ងំស្ងៀម​ទុក​ឲ្យ​យួន​ធ្វើ​ផ្លូវ​តាម​ព្រំដែន​ជា​ឯកតោភាគី​យ៉ាង​រលូន​។

​កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ក្នុងភូមិ​គោក​តែ​ក បាន​ឲ្យ​ដឹងថា ភាគី​យួន​បាន​ប្រើប្រាស់​គ្រឿងចក្រ​ឈូសឆាយ​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​ចូល​ទឹកដី​ខ្មែរ​ចាប់ពី​បង្គោល​លេខ​១៩៤​ដល់​១៩៨ ហើយ​គ្មាន​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ខ្មែរ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ចំណុច​ដែល​ភាគី​យួន​ធ្វើ​ផ្លូវ​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ គឺ​ក្នុង​តំបន់​ចំពុះទា​ជិត​បង្គោល​ព្រំដែន​លេខ​១៩៦ ហើយ​រហូតមក​ដល់ពេលនេះ​អាជ្ញាធរ​ឃុំ​ចន្ទ្រា អាជ្ញាធរ​ស្រុក​ចន្ទ្រា និង​អាជ្ញាធរ​ខេត្តស្វាយរៀង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ សូម្បីតែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​រក្សា​ភាពស្ងប់ស្ងាត់​ដែរ​បើទោះបី​យួន​កំពុង​បំពាន​លើ​កិច្ចព្រមព្រៀង​ព្រំដែន​រវាង​ប្រទេស​ទាំង​២​ក៏ដោយ​។

​ប្រជាកសិករ​ខ្មែរ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងភូមិ​គោក​តែ​ក ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ការដែល​ភាគី​យួន​ឈូសឆាយ​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​ចូល​ជ្រៅ​ក្នុង​ទឹកដី​ខ្មែរ​នោះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដីស្រែ​របស់​ពួកគាត់​រាប់រយ​ហិកតា​តាម​ព្រំដែន​។ ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក ជៀង អំ អភិបាលខេត្ត​ស្វាយរៀង ក៏ដូចជា​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ចាត់វិធានការ​ទប់ស្កាត់​អំពើ​រំលោភបំពាន​ពី​សំណាក់​ភាគី​យួន​។ ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ចន្ទ្រា បាន​ឲ្យ​ដឹង​ទៀតថា នៅ​ចំណុច​ក្បែរ​បង្គោល​លេខ​១៩៦​និង​បង្គោល​លេខ​១៩៨ ភាគី​យួន​ឈូសឆាយ​ចូលក្នុង​ទឹកដី​ខ្មែរ​យ៉ាងជ្រៅ ហើយ​អាចធ្វើ​ឲ្យ​ខ្មែរ​បាត់បង់​បូរណភាព​ទឹកដី​ចៀស​មិន​ផុត​ឡើយ ប្រសិនបើ​មិន​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេល​។ ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ចំពោះ​អំពើ​ឈ្លានពាន​របស់​យួន ហើយ​បណ្ដោយ​ឲ្យ​យួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​៕

blogger-image--439378318លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន 12747349_970004929751852_4709592131127165500_o 12768107_970004976418514_8981257079695798607_o 12768246_970004996418512_7645041658716309885_o