ជនជាតិ​យួន​នៅតែ​អាច​ចូលមក​ប្រារព្ធ​ពិធី​សាសនា​លើ​ភ្នំ​បូកគោ​យ៉ាង​អនាធិបតេយ្យ​

ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត បាន​រិះគន់ថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​នេះ មិន​ចាត់វិធានការ​ទប់ស្កាត់​ជនជាតិ​យួន​ដែល​ចូលមក​ប្រារព្ធ​ពិធី​ផ្សេងៗ​តាមបែប​សាសនា​យួន​នៅលើ​ភ្នំ​បូកគោ​នោះទេ​។ ជាក់ស្តែង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅនេះ ជនជាតិ​យួន​ជាច្រើន​នាក់​នៅតែ​បន្ត​មក​ធ្វើ​ពិធី​សាសនា​ក្នុង​តំបន់​វាលស្រែ​៥០០​លើ​ភ្នំ​បូកគោ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ សមត្ថកិច្ច​នគរបាល​ខេត្តកំពត ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​ក្នុង​ខេត្ត​នេះ បណ្ដោយ​ឲ្យ​ជនជាតិ​យួន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វប្បធម៌​និង​ទំនៀមទម្លាប់​ខ្មែរ​។

​ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​កន្លងមក​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ក៏​ធ្លាប់បាន​កោះហៅ​រដ្ឋមន្ត្រីក្រសួង​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​និង​ដោះស្រាយ​ករណី​ដែល​ជនជាតិ​យួន​ចូលមក​ប្រារព្ធ​ពិធី​សាសនា​នៅលើ​ភ្នំ​បូកគោ​នោះដែរ​។ ក៏ប៉ុន្តែ​បច្ចុប្បន្ន​ក្រសួង​ធម្មការ ក៏ដូចជា​ក្រសួង​វប្បធម៌ ហាក់ដូចជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​ករណី​ភាពអនាធិបតេយ្យ​របស់​ជនជាតិ​យួន​ដែល​មក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​នៅលើ​ទឹកដី​ខ្មែរ​។ ជាងនេះទៅទៀត​នៅក្នុង​តំបន់​វាលស្រែ​៥០០​លើ​ភ្នំ​បូកគោ​នោះ ជួនកាល​ក្រុម​សន្តិសុខ​របស់​ក្រុមហ៊ុនមេ​ឈ្មួញ​យួន សុខ គង់ បាន​រារាំង​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៀតផង​។

​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា កំពុង​ធ្វែ​ស​ប្រហែស​ចំពោះ​បញ្ហា​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ហើយ​បណ្ដោយ​ឲ្យ​ជនជាតិ​យួន​ទាំង​ក្រុមៗ​ចូលមក​ប្រារព្ធ​ពិធី​បែប​សាសនា​យួន​នៅលើ​ភ្នំ​បូកគោ​យ៉ាង​គគ្រឹកគគ្រេង​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត បាន​រិះគន់ថា សព្វថ្ងៃនេះ​នៅ​តំបន់​វាលស្រែ​៥០០​លើ​ភ្នំ​បូកគោ មិន​ខុសពី​ទឹកដី​យួន​នោះទេ ព្រោះ​ជនជាតិ​យួន​អាច​ចូលមក​ប្រារព្ធ​ពិធី​សាសនា​និង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​។ ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​ពេលខ្លះ​ត្រូវបាន​សមត្ថកិច្ច​ក្រុមហ៊ុន​សុខាអូតែល មិន​អនុញ្ញាត​ឲ្យ​ចូលទៅ​តំបន់​វាលស្រែ​៥០០​ឡើយ ព្រោះ​ខ្លាច​ឃើញ​ជនជាតិ​យួន​សមាធិ​និង​ប្រារព្ធ​ពិធី​សាសនា​នៅ​ទីនោះ​។ លោក ខូ​យ ឃុន​ហួរ អភិបាល​ខេត្តកំពត គួរពិនិត្យមើល​បញ្ហា​នេះ​ខ្លះ​ផង ព្រោះ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅនេះ ជនជាតិ​យួន​ចូលមក​កាន់​តំបន់​វាលស្រែ​៥០០​លើ​ភ្នំ​បូកគោ​កាន់តែ​ច្រើនឡើងៗ​ហើយ​៕

12804056_1528150577480519_546647182_n