គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​រួមគ្នា​ជាមួយ​ប្រជាពលរដ្ឋ​ប្រឆាំងនឹង​ការជិះជាន់​

លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ពួតដៃគ្នា ប្រឆាំងនឹង​ភាពអយុត្តិធម៌​ក្នុងសង្គម ដើម្បី​ការពារ​ជនរងគ្រោះ បើទោះបីជា​ទង្វើ​ជិះជាន់​ទាំងនោះ មិនទាន់​ប៉ះពាល់​ដល់​ខ្លួន ឬ​គ្រួសារ​ខ្លួន​ក៏ដោយ​។ ការ​ថ្លែង​បែបនេះ ធ្វើឡើង​តាមរយៈ​ការភ្ជាប់​វីដេអូ ពី​ប្រទេស​បារាំង ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន ក្នុងភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ នេះ​។​

​លោក សម រង្ស៊ី ប្រធាន​បក្ស​សង្គ្រោះ​ជាតិ បាន​ជំរុញ​អ្នកគាំទ្រ​របស់ខ្លួន និង​ប្រជាពលរដ្ឋ​ខ្មែរ គប្បី​តាំងចិត្ត​យ៉ាង​ប្តូរផ្តាច់ ក្នុងការ​ការពារ​អំពើ​យុត្តិធម៌ ដោយ​រួមគ្នា​ប្រឆាំងនឹង​ការជិះជាន់​ពី​សំណាក់​អ្នកមាន​ទ្រព្យ និង​អំណាច​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា កុំ​ចាំ​ថា ទាល់តែ​យើង​រងគ្រោះ​បាន​យើង​ប្រកែក​តវ៉ា និង​រើបម្រះ​។ បើ​យើង​មិន​ចេញមក​ការពារ​ជនរងគ្រោះ ថ្ងៃ​ណាមួយ​អំពើ​អយុត្តិធម៌ នឹង​ធ្លាក់​មកលើ​រូបយើង​ដែរ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ពន្យល់ថា បើទោះបីជា​អំពើ​រំលោភបំពាន​ទាំងនោះ មិនទាន់​កើតឡើង​ដល់​ខ្លួន ឬ​គ្រួសារ​ខ្លួន​ក៏ពិតមែន តែ​ក្នុងនាម​ជា​អ្នក​ស្រឡាញ់​យុត្តិធម៌ ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​សាមគ្គី​គ្នា ដើម្បី​ប្រឆាំងនឹង​ការជិះជាន់​ទាំងនោះ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​កាលពី​ចុងខែ​មករា កន្លងមកនេះ​ថា គណបក្សប្រឆាំង​បែប​ប្រជាធិបតេយ្យ បានទទួល​ជ័យជំនះ ក្នុងការ​បោះឆ្នោត ក្នុង​៥​ប្រទេស គឺ ប្រទេស​ភូមា  ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ប្រទេស​អា​ហ្ស​ង់​ទីន  ប្រទេស​កាណាដា  និង កោះ​តៃវ៉ាន់  ហើយ​ក្នុងប្រទេស​ទាំង ៥ នោះ គណបក្សប្រឆាំង​បាន​ឡើងកាន់​អំណាច ខណៈ​គណបក្សកាន់អំណាច ក្លាយទៅជា​គណបក្សប្រឆាំង​វិញ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ពន្យល់ថា មានតែ​ការផ្លាស់ប្តូរ​អ្នកដឹកនាំ​បែបនេះ​ទេ ដែល​ធ្វើ​ឲ្យ​ប្រទេស​នីមួយៗ មាន​លក្ខណៈ​ជឿនលឿន​។ ដោយសារតែ​គ្មាន​ការផ្លាស់ប្តូរ​ក្នុង​រយៈពេល​ប្រមាណ​ជិត ៤០ ឆ្នាំ​មកហើយ បានជា​ប្រទេស​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​អន់ថយ​ជាងគេ ក្រីក្រ​ជាងគេ និង ផ្តាច់ការ​ជាងគេ ក្នុង​ពិភពលោក​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា ក្នុងចំណោម​គណបក្ស​ទាំង ៥ ដែល​ទើបតែ​ឈ្នះឆ្នោត​ថ្មីៗ​នេះ មាន​គណបក្ស ៣ ដែលជា​សមាជិក​នៃ​ចលនា​សេរីនិយម​អន្តរជាតិ ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​៕

12804793_1295151470502149_2237023775994085865_n 12745583_1295148353835794_5305293452045453085_n 12799271_1295148370502459_2746605714635832268_n 12800289_1295149840502312_534136750223244094_n