ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តក្រចេះ ៖ ហេតុការណ៍គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់​​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៦ ស្ថិត​នៅ​​ភូមិ​​មា​ក់​កណ្តាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល មាន​​ករណី​ឃាតកម្ម​យ៉ាងសាហាវ​ ខណៈ​​ជន​រងគ្រោះ​២​នាក់​ដែល​ជា​​កូនក្រមុំ និង​កូន​ក​ម្លោះ ​​បាន​បណ្តើរគ្នា​ទៅ​ងូតទឹកអណ្តូងនៅកណ្តាល​វាលស្រែ​មួយកន្លែង ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​លប​កាប់ប្រហា​រពួកគេ​ទាំង២នាក់ ដោយ​ហេតុ​ការណ៍នេះ គឺ​បន្ទាប់ពី​​​ពិធីក្រុងពលី ក្នុង​ថ្ងៃ​ចូល​រោង​ការរបស់ពួកគេទាំង២​​តែម្តង ។

ប្រភព​ឱ្យ​ដឹង​ថា នារី​ដែល​ស្លាប់​ឈ្មោះ​ម៉ុ​ន ស្រី​ញឹ​ប អាយុ​១៨​ឆ្នាំ (ជា​កូនក្រមុំ)​ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ​និង​បុរស​ជា​កូនកំលោះ​រង​របួសធ្ងន់​ឈ្មោះ​ឡើ​ក ឡើ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ស្នួល ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុនោះ​​ ជា​ថ្ងៃ​ដែល​ពួក​គេ​ទាំង​២​នាក់​ចូល​រោងការ ហើយ​បន្ទាប់​ពី​ពិធី​ក្រុង​ពលី​ចប់សព្វគ្រប់​ ក៏​បាន​​បណ្តើ​រ​គ្នា​​ទៅ​ងូតទឹក​អណ្តូង​​នៅ​ឯ​កណ្តាល​វាលស្រែ ក៏​ត្រូវ​ជន​មិន​ស្គាល់​​មុខធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ​ទាំង​២​​នាក់ បណ្តាល​ឱ្យ​កូនក្រមុំ​រយះ​មុខមាត់​របួស​រហូត​ដល់​ស្លាប់ និង​កូនកំលោះ​រង​របួស​ធ្ងន់ ហើយ​ជន​ដៃដល់​ក៏​គេចខ្លួន​​បាត់ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ ដោយ​មាន​តម្រុយ​ខ្លះ​ៗហើយ ពី​អត្តសញ្ញាណ​របស់​ឃាតករ ។