អារ​ដើមឈើ ​សម្អាត​ចំការ រលំ​សង្កត់​ ខ្លួនឯង​ស្លាប់

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ នៅ​នឹង​កន្លែង​ ដោយសារ​ដើមឈើ ​រលំ​សង្កត់ កាលពី​រសៀល ​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៦ ស្ថិត​ក្នុង​ចំការ​មួយ​កន្លែង ​នៅ​ចំណុច​អូរ​ឃ្លៀង ភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន​។

បើ​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ម្ចាស់​ដី​កន្លែង​កើតហេតុ​នោះ នៅ​រសៀល​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​រួម​ជាមួយ​ប្រពន្ធ និង​កូនស្រី​ម្នាក់ បាន​ធ្វើ​ដំណើរ​ពី​ភូមិ​ដើម្បី​ទៅ​សម្អាត​ព្រៃ​ធ្វើ​ចំការ តែ​ខណៈ​កំពុង​អារ​ដើមឈើ​មិន​ប្រយ័ត្ន ក៏​ត្រូវ​រលំ​សង្កត់​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង​។

អធិការ​ស្រុក​សេ​សាន លោក អន សំអាត បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ នេះ​ថា ជន​រង​គ្រោះ​មានឈ្មោះ ម៉​ម កាំ​ង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន​។ លោក​អធិការ​បាន​បន្ត​ថា ជន​រង​គ្រោះ​បាន​ស្លាប់ ខណៈ​កាត់​រលំ​ដើមឈើ​នៅ​ក្នុង​ដីចំការ​របស់​ខ្លួន​។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី និង​កូន​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​ទៅ​សម្អាត​ព្រៃ​ដើម្បី​ធ្វើ​ចំការ ខណៈ​ទៅ​ដល់​ប្តី​របស់​គាត់​ក៏​បានកា​ន់រណា​យន្ត​ទៅ​កាត់​ដើមឈើ លុះ​ជិត​ដាច់ ដើមឈើ​ក៏​រមួល​វិល​ដួល​មក​សង្កត់​ត្រូវ​ក្បាល​ប្តី​របស់​គាត់​តែ​ម្តង​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំ​ភុ​ន បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​ជួយ​គាស់​កាត់​ដើមឈើ​យក​សព​ជន​រង​គ្រោះ​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​គ្រួសារ​សព​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិកំណើត​ខាងលើ​។

ទាក់ទិន​ករណី​នេះ សមត្ថកិច្ច​បាន​និយាយ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ឡើយ​ដែល​ករណី​បែប​នេះ​តែង​កើត​មាន​ជា​ញឹកញាប់​ផង​ដែរ នៅ​ក្នុង​នោះ​មាន​ជន​រង​គ្រោះ​ខ្លះ​ត្រូវ​ស្លាប់ និង​ខ្លះ​ទៀត​ត្រូវ​របួស​បាក់ជើង បាក់ដៃ​ពិការ​ក៏​មាន​ដែរ​។ សមត្ថកិច្ច​បន្ត​ថា កត្តា​កើតហេតុ​នេះ ដោយសារ​ជន​រង​គ្រោះ​មិន​ប្រុង​ប្រយ័ត្ន និង​មិន​ចេះ​សិក្សា​អំពី​ស្ថានភាព​ការ​ដួល​រលំ​ទៅ​ដំណេក​ខាង​ណា និង​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​យ៉ាងណា​ដើម្បី​ធានា​សុ​វត្តិភាព​ផ្ទាល់ខ្លួន ទើប​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ដល់​ខ្លួន​បែប​នេះ​៕

អារ​ដើមឈើ ​សម្អាត​ចំការ រលំ​សង្កត់​ ខ្លួនឯង​ស្លាប់
អារ​ដើមឈើ ​សម្អាត​ចំការ រលំ​សង្កត់​ ខ្លួនឯង​ស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត