ប្តីជាប្រធានជញ្ជីង ធ្វើឲ្យចែបុប្ជា អាចដឹកអង្ករ ច្រើនតោន ធ្វើឲ្យខូចស្ពានត្សឹបាសា

ភ្នំពេញ៖ ដោយសារតែប្តីខ្លួន ជាប្រធានជញ្ជីង ក្នុងខេត្តព្រៃវែង ទើបធ្វើឲ្យចែបុប្ជា ជាអ្នករកស៊ីអង្ករ ដ៏មានឥទ្ធិពលនៅ ក្នុងស្រុកពាមរក៌ ខេត្តព្រៃវែង មានលទ្ធភាព ដឹកអង្ករជាច្រើនតោនឆ្លងកាត់ច្រក និងជញ្ជីងជាច្រើន ដោយគ្មានសមត្ថកិច្ចអើពើ និងបណ្តាលឲ្យ ខូចស្ពានត្សឹបាសា ឬស្ពានអ្នកលឿង។

ប្រភពព័ត៌មានច្បាស់ការមួយ សុំមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ឲ្យដឹងថា «កាលពីមុនចែបុប្ជា ជាអ្នករកស៊ីស្រូវ ហើយឥឡូវជាអ្នករកស៊ីអង្ករ   ហើយមានប្តីម្នាក់ឈ្មោះ ឌឿន ដែលជាប្រធានជញ្ជីងក្នុងខេត្តព្រៃវែង ទើបអាចមានលទ្ធភាពដឹកអង្ករ ៦០ តោន ឆ្លងកាត់ច្រកចក្រី និង ជញ្ជីងជាច្រើន ដោយគ្មានសមត្ថកិច្ចអើពើឡើយ» ។

ប្រភពខាងលើបានបន្តថា «ចែបុប្ជា នេះមានអាយុនៅចន្លោះ ៤០ទៅ៥០ឆ្នាំតែប៉ុណ្ណោះ ជាអ្នករកស៊ីស្រូវអង្ករតាំងពីទសវត្ស៩០ មកម្លេះ  ហើយអង្ករដែលដឹក ឆ្លងកាត់ស្ពាន ត្សឹបាសា បំរុងយកទៅលក់នៅទល់ដែនថៃ ត្រង់ច្រកបឹងត្រកួន » ។

ប្រវត្តិរឿង៖   
អ្នកបើករថយន្ត ដឹកអង្ករ លើសចំណុះ ឡើងស្ពាន អ្នកលឿង រត់ទៅដល់ប្រទេសថៃ ដោយសុវត្ថិភាព
ភ្នំពេញ៖ អ្នកបើករថយន្តដឹកអង្ករ លើសចំណុះឡើង ស្ពានអ្នកលឿង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ បច្ចុប្បន្ននេះ បានរត់ទៅដល់ប្រទេសថៃ ដោយសុវត្ថិភាពហើយ។

ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក នួន ចំរ៉ុង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃ បានឲ្យដឹងថា អ្នកបើករថយន្តដឹកនាំ អង្ករប្រមាណជាង ៦០តោន រួមទាំងសំបករថយន្តផង ប្រហែលជាង ៧០តោននោះ នៅពេលបានទៅ ដល់ប្រទេសថៃហើយ ទាំងអ្នកបើកបរ និងរថយន្តដឹកអង្ករ។

លោក បានបន្តថា ម្ចាស់ក្រុមហ៊ុនដឹកអង្ករនោះ បានចុះកិច្ចសន្យាថា នឹងរួមជាមួយក្រុមហ៊ុនជប៉ុន ដែលបានធ្វើស្ពាននោះ ដោយជួសជុលកៅស៊ូ  ដែលបានខូច ដោយសារឡាននោះឡើងវិញ។ ក្រោយពេលពីបានធ្វើការសន្យា ជាមួយក្រុមហ៊ុនជប៉ុនរួចមក ក្រុមហ៊ុនជប៉ុនក៏បានធ្វើការដោះលែង ម្ចាស់ឡានឲ្យត្រឡប់ទៅផ្ទះវិញ ហើយអាជ្ញាធរមិនបានលូកដៃ ចូលក្នុងរឿងហ្នឹងទេ។

សូមបញ្ជាក់ថា រថយន្តដឹកអង្ករលើសចំណុះនេះ បានបើកឡានឡើងលើស្ពានអ្នកលឿង ស្រាបតែពេលកំពុងបើករថយន្ត ក៏បានដាច់កាឡេថយមកក្រោយ និងបណ្តាល ឲ្យមានការ របើកកៅស៊ូនៅលើស្ពាន ហើយបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៥ និងទិសដៅ សម្រាប់ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ បានបញ្ជាឲ្យតាមចាប់ អ្នកបើកបររថយន្តនេះឲ្យខាងតែបាន៕

ប្តីជាប្រធានជញ្ជីង ធ្វើឲ្យចែបុប្ជា អាចដឹកអង្ករ ច្រើនតោន ធ្វើឲ្យខូចស្ពានត្សឹបាសា

ប្តីជាប្រធានជញ្ជីង ធ្វើឲ្យចែបុប្ជា អាចដឹកអង្ករ ច្រើនតោន ធ្វើឲ្យខូចស្ពានត្សឹបាសា