ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ​៖ ប្រជាពលរដ្ឋ​​​ជិត​​៤០០​​នាក់​​​រស់នៅ​ក្នុងសង្កាត់​ចោម​​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​​លើកគ្នា​​ទៅ​​​តវ៉ា​នៅ​មុខ​វត្ត​គោក​បញ្ជាន់ ដើម្បី​ទាមទារឱ្យ​​ព្រះ​ចៅអធិការ​វត្តខាងលើ ចុះ​ចេញពី​តំណែង​ជា​ចៅអធិការ​​ ដោយ​ពួក​គាត់​ចោទប្រកាន់​យ៉ាង​ចំ​ៗ​​ថា ព្រះ​ចៅ​អធិការ​វត្តរូប​នោះ បាន​លក់​ដី​ស្រះ​ទឹក​មួយ​​កន្លែង​ឈ្មោះ «ស្រះ​ព្រះ​ទន្លេ​» មាន​ទំហំ​ជាង​៤​ម៉ឺន​​ម៉ែត្រការ៉េ ទៅ​ឲ្យ​ឈ្មួញ​ស្ងាត់​ៗ​។

ហេតុ​ការ​ណ៍​នេះ​​បាន​កើតឡើង កាលពី​វេលា​ព្រឹក​​ថ្ងៃ​ទី​២៧ ​កុម្ភៈ ​២០១៦ ស្ថិត​នៅ​ចំណុច​ក្នុង​វត្ត​គោក​បញ្ជាន់ ​​ក្នុងភូមិ​ចោម​ចៅ សង្កាត់​​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ព្រះ​ចៅអធិការ​វត្ត​ដែលរងការចោទប្រកាន់​​ មានព្រះ​​នាម សេង ថន ត្រូវ​​ពលរដ្ឋចោទប្រកាន់​ថា​ បាន​លក់​ដីស្រះ​ទឹក​មួយ​​នោះ ដែល​មាន​ទំហំ​ប្រមាណ​ជាង​៤​ម៉ឺន​ម៉ែត្រការ៉េ ដោយ​លក់​ក្នុង​១​​ម៉ែត្រការ៉េតម្លៃ​១៦០​ដុល្លារ បើ​សរុប​តម្លៃ​ស្រះ​ទាំងមូល មាន​ចំនួន​ប្រមាណ​ជាង​៦​លាន​ដុល្លារ​ឯណោះ ។ ហើយ​មិនដឹង​ថា ​តើ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-សង្កាត់ និង​ខណ្ឌបានដឹង​រឿង​នេះ​ ឬ​អត់​នោះ​ឡើយ​។

ម្យ៉ាងទៀត ​ក៏​មិន​ទាន់​ដឹង​ថា តើ​ចៅអធិការ​វត្ត​ខាងលើបាន​លក់​​នោះ​មែន ឬ​មិនមែន​នៅឡើយ ព្រោះ​នៅ​ពេល​ដែល​មានការ​តវ៉ា​ពី
សំណាក់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​នោះ ចៅអធិការ​វត្ត​ខាងលើ​បានបំភ្លឺថា បែប​ណា​ឡើយ​ដោយ​ព្រះ​អង្គ បាន​បើកទ្វារ​កុដិ​ចេញ​ក្រៅ​មួយ​​ភ្លែត រួច​សួរ​ថា ​នរណា​ជួលឱ្យ​​​មក​តវ៉ា​នៅ​ទី​នេះ រួច​ព្រះ​អង្គបាន​ចូល​ទៅ​ក្នុង​កុដិ រួច​បិទទ្វារ​វិញ ​។

ដោយឡែក​ ប្រជាពលរដ្ឋ​បាន​និយាយ​ថា ព្រះ​ចៅអធិការ​វត្ត​រូប​នោះ ពិតជា​បាន​លក់​ស្រះ​ឈ្មោះ​ថា ស្រះ​ព្រះ​ទន្លេ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ខាង​មុខ​វត្ត ប៉ុន្តែ​ក្រៅរបង​វត្ត​ទេ ដែល​ជា​សម្បត្តិ​រួម​របស់​ពួក​គាត់ និង​ត្រូវ​បាន​ព្រះសង្ឃ​ចាត់​ទុក​ថា ជា​សម្បត្តិ​វត្ត ហើយ​ស្រះ​នេះ​បាន​បន្សល់​ទុកតាំងពី​បរម​បុរាណ​មកចាត់​ទុក​ថា​ ជា​ស្រះ​ប្រវត្តិសាស្ត្រ​ទៀត​ផង ព្រោះ​ឈ្មោះ​ស្រះ​ព្រះ​ទន្លេ​នោះ គឺ​មាន​មានការ​ពាក់ព័ន្ធ​ទៅ​និង​រឿងព្រេង​និ​ទា​ផង​ដែរ​ ។

​ពេល​នេះ​ពួក​គាត់​សុំ​ធ្វើការ​ប្រឆាំង​ដាច់ខាត ចំពោះ​ចៅអធិការ​វត្ត​ខាងលើ ដែល​ហ៊ាន​លក់ស្រះ​នេះ ហើយ​ក៏​ស្នើសុំ​ឲ្យ​ព្រះ​អង្គ​ចុះ​ចេញពី​តំ​ណែ​ក​ព្រះ​ចៅអធិការ​នេះ​តែ​ម្ដង ​ប្រសិនបើ​នៅ​តទៅ​ទៀត ក៏​ពួក​គាត់​ឈប់​គាំទ្រ​ដែរ ដោយឡែក​អាជ្ញាធរគ្រប់​លំដាប់ថ្នាក់​គួរពិនិត្យ​មើល​ពី​បញ្ហា​នេះ​ផង​ ។