ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ខែត្រ​ក្រចេះ​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ

អាជ្ញាធរ​ខែត្រ​ក្រចេះ ដាក់​ឱសានវាទ​ឲ្យ​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ រស់​នៅ​ភូមិ​អូរសំពុង ឃុំ​ដំរីផុង ស្រុក​ឆ្លូង ខែត្រ​ក្រចេះ ចាកចេញ​ពី​ដី​ដែល​កំពុង​អាស្រ័យ​ផល​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។ អាជ្ញាធរ​បញ្ជាក់​ថា ដី​នោះ​នឹង​ត្រូវ​ផ្ដល់​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ ៩៩៨​គ្រួសារ​ផ្សេង​ទៀត​ដែល​អាជ្ញាធរ​បាន​ធ្វើ​អត្តសញ្ញាណកម្ម​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​វិធានការ​របស់​អាជ្ញាធរ​ខែត្រ​នេះ​ថា រំលោភ​សិទ្ធិ​ពលរដ្ឋ។

ពលរដ្ឋ​រស់​នៅ​ឃុំ​ដំរីផុង ស្រុក​ឆ្លូង ១០៤​គ្រួសារ បារម្ភ​ពី​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន បន្ទាប់​ពី​អាជ្ញាធរ​ខែត្រ​ក្រចេះ បាន​ចេញ​លិខិត​បណ្ដេញ​ពួកគាត់​ដោយ​មិន​ផ្ដល់​សំណង​ទូទាត់ ខណៈ​ពួកគាត់​បាន​កាន់កាប់​ដី​នៅ​តំបន់​នោះ​កាល​ពី​ឆ្នាំ​២០១១។

តំណាង​ពលរដ្ឋ លោក សន សុផាត រៀបរាប់​ថា អាជ្ញាធរ​ខែត្រ​គ្រោង​យក​គ្រឿងចក្រ​ឈូស​ឆាយ​ផល​ដំណាំ​ពលរដ្ឋ​ទាំង ១០៤​គ្រួសារ​ដែល​កំពុង​អាស្រ័យ​ផល។ លោក​ថា គ្រួសារ​លោក​មាន​ដី​ប្រភេទ​កសិកម្ម​ជិត ៣​ហិកតារ​គ្រប់គ្រង​តាំង​ពី​ឆ្នាំ​២០១១ មាន​ដំណាំ​ដំឡូង​មី និង​ស្វាយចន្ទី​ជាដើម។

លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខែត្រ និង​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​កាន់កាប់​ដីធ្លី​ស្រប​ច្បាប់​នៅ​តំបន់​នោះ៖ «ប្រជាពលរដ្ឋ​ពួក​ខ្ញុំ​កាល​ដែល​កាប់​រាន​ដាំ​ជា​ដី​ក្រុមហ៊ុន​ទេ ដល់​ពេល​ពួក​ខាង​ខ្ញុំ​កាប់​ស្រឡះ​បាន​ដាំ​ដំឡូង​ចាប់​ពី​ឆ្នាំ​២០១១ ដល់​បច្ចុប្បន្ន បែរ​ជា​ថា​ដី​ហ្នឹង​ទុក​ចែក​ឲ្យ​ពលរដ្ឋ ៩៩៨​ទៅ​វិញ»

​ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អភិបាលរង​ខែត្រ​ក្រចេះ ទទួល​បន្ទុក​ដោះស្រាយ​ជម្លោះ​ដីធ្លី លោក ខណ្ឌ ចំណាន បំភ្លឺ​ថា មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​លួច​ទន្ទ្រាន​ដីធ្លី ឋិត​ក្នុង​គម្រោង​ដី​សម្បទាន​សង្គម​កិច្ច​របស់​អាជ្ញាធរ​ផ្ដល់​ឲ្យ​ពលរដ្ឋ ៩៩៨​គ្រួសារ ជា​មុខសញ្ញា​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល។

លោក​បន្ត​ថា អាជ្ញាធរ​ត្រូវ​ការពារ​ក្រុម​ពលរដ្ឋ ៩៩៨​គ្រួសារ ដែល​អាជ្ញាធរ​ធ្លាប់​បែងចែក​ដី​ជូន​ពួកគាត់​ចំនួន ៦៤​ឡូត៍​ស្មើ​នឹង​ជាង ១០០​ហិកតារ​ដោយ​ស្រប​ច្បាប់។ លោក​ថា ប្រសិន​ពលរដ្ឋ​ដែល​ខ្វះខាត​ដីធ្លី​អាស្រ័យ​ផល ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​មក​អាជ្ញាធរ​ខែត្រ៖ «បាន​មើល​ឃើញ​ថា ៦៤​ឡូត៍​ត្រូវ​បាន​គេ​រារាំង​មុខ​សញ្ញា​ស្របច្បាប់​មិន​ឲ្យ​ធ្វើ នឹង​ធ្វើ​ឲ្យ​រៀបរយ​ក្រុម​គ្រួសារ​ក្នុង​មុខសញ្ញា​ទទួល​ដី ៩៩៨​ហ្នឹង»

​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ សាលា​ខែត្រ​ក្រចេះ បាន​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ដែល​ទៅ​កាប់​រាន​ដាំ​ដុះ​សង់​រោង ខ្ទម ក្រោយ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៥ ត្រូវ​បញ្ឈប់​ការ​ចូល​ទៅ​កាប់​រាន​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ជា​កំហិត។

ករណី​នេះ​ដែរ មន្ត្រី​សង្គម​ស៊ីវិល​កត់សម្គាល់​ថា គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​របស់​អាជ្ញាធរ​មិន​បាន​បិទ​ប្រកាស​ជា​តំបន់​ដី​សម្បទាន​សង្គមកិច្ច​ត្រង់​ចំណុច​ណា​មួយ​ឲ្យ​ជាក់លាក់​នោះ​ទេ។ លើស​ពី​នេះ អំឡុង​ពេល​ពលរដ្ឋ​ចំនួន ១០៤​គ្រួសារ កាប់​រាន​កាល​ពី​ឆ្នាំ​២០១១ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​ពុំ​ហាមឃាត់​ពលរដ្ឋ​រហូត​ពលរដ្ឋ​បាន​អាស្រ័យ​ផល​ជា​បន្តបន្ទាប់​ជាង ៤​ឆ្នាំ​កន្លង​មក ទើប​អាជ្ញាធរ​ហាមឃាត់។

មន្ត្រី​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ឌិន ខន្នី  រិះគន់​វិធានការ​របស់​អាជ្ញាធរ​ខែត្រ​នេះ​ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ​ផ្សេង​ទៀត ត្រូវ​បណ្ដេញ​ចេញ​ថា ពុំ​មែន​ជា​ដំណោះស្រាយ​ត្រឹមត្រូវ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ឡើយ ហើយ​ថែម​ទាំង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ទៀត​ផង។ លោក​ថា អាជ្ញាធរ​មិន​ត្រូវ​បណ្ដេញ​ពួកគាត់​ដោយ​បង្ខំ​ឡើយ ព្រោះ​អាច​ប៉ះពាល់​ជីវភាព​ពួកគាត់​ធ្ងន់ធ្ងរ បើ​អាជ្ញាធរ​យក​គ្រឿងចក្រ​ឈូស​ឆាយ​ផល​ដំណាំ​ពួកគាត់។

លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខែត្រ​ក្រចេះ​ ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ណា​ដែល​ធានា​មិន​ប៉ះពាល់​ដល់​ពលរដ្ឋ​ផ្សេង​ទៀត​ត្រូវ​បណ្ដេញ​ចេញ៖ «យល់​ឃើញ​ថា បើ​ទោះ​បី​ជា​គាត់​កាន់កាប់​យ៉ាង​ណា​អាជ្ញាធរ​គួរ​តែ​ដោះស្រាយ​ដោយ​សន្តិវិធី​ឲ្យ​ពួកគាត់ ទី​១ អាច​ផ្ដល់​ជា​សំណង ទី​២ អាច​រក​ដី​នៅ​កន្លែង​ណា​មួយ​ដើម្បី​ដោះដូរ»

​ពលរដ្ឋ​ចំនួន ៩៩៨​គ្រួសារ ត្រូវ​បាន​ក្រុមហ៊ុន​កាសូទីត បណ្ដេញ​ចេញ​កាល​ពី​ឆ្នាំ​២០០៧។ បន្ទាប់​មក​ក្រុម​ពលរដ្ឋ​ចំនួន ៩៩៨​គ្រួសារ បាន​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​ទៅ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​ទាំង​នោះ​កាល​ពី​ឆ្នាំ​២០១២។ អាជ្ញាធរ​ខេត្ត​បាន​ស្វែង​រក​ទីតាំង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​ចំនួន ៩៩៨​គ្រួសារ វគ្គ​១ ចាប់​ពី​ឆ្នាំ​២០១៣ ចំនួន ២៩១​គ្រួសារ នៅ​ខ្វះ ៧០៧​គ្រួសារ​ទៀត ហើយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​កសិកម្ម ៣​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។