អ្នក​ជំនាញ៖ យន្តការ​ការទូត​នឹង​ពង្រឹង​ទំនាក់ទំនង​កម្ពុជា-​ថៃ​ប្រសើរ​ឡើង

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ថ្លែង​ថា យន្តការ​ចរចា​ដោយ​សន្តិសុខ​វិធី នឹង​ពង្រឹង​ទំនាក់ទំនង​កម្ពុជា-​ថៃ ប្រសើរ​ឡើង ខណៈ​ភាគី​ទាំង​ពីរ​ទើប​ផ្ដោះប្ដូរ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​ថ្នាក់​កំពូល។ អ្នក​ជំនាញ​ដែល​ជា​ជនជាតិ​ថៃ ស្រប​ពេល​នឹង​យន្តការ​នេះ ដោយ​យល់​ថា ភាគី​ទាំង​ពីរ​គួរ​ស្វែង​យល់​ពី​គ្នា​ឲ្យ​បាន​ច្រើន​ដើម្បី​ជៀសវាង​ការ​យល់​ខុស។

នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​សន្តិភាព លោក ពូ សុធារៈ លើក​ឡើង​ថា ការ​ជៀសវាង​ប្រើ​កម្លាំង​យោធា និង​ការ​ជជែក​គ្នា នឹង​ធ្វើ​ឲ្យ​ទំនាស់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា-​ថៃ ដោះស្រាយ​បាន​ដោយ​សន្តិវិធី។ លោក​បន្ត​ថា អ្នក​នយោបាយ​ដែល​យក​បញ្ហា​ទំនាស់​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ ដើម្បី​បំផុស​ចលនា​ជាតិ​និយម នឹង​អាច​កាច់​បំបាក់​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ខណៈ​ប្រទេស​ទាំង​ពីរ​វិវត្ត​ទៅ​រក​ភាព​វិជ្ជមាន៖ «»។

ការ​លើក​ឡើង​បែប​នេះ ក្រោយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ នៃ​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ មហា​ចក្រី សិរិនថន (MAHA CHAKRI SIRINDHORN) នៅ​ប្រទេស​កម្ពុជា។

អ្នក​ជំនាញ​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​ថៃ នៅ​កម្ពុជា និង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​ថៃ ជា​សញ្ញា​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​រីក​ចម្រើន។

យ៉ាង​ណា​ក៏ដោយ បញ្ហា​ព្រំដែន​កម្ពុជា-​ថៃ ពិសេស​បញ្ហា​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា និង​ថៃ នៅ​បន្ត​មិន​ទុក​ចិត្ត​គ្នា​លើ​ភាព​រឹងមាំ​នៃ​ចំណង​ការទូត។ បញ្ហា​ក្ដីក្ដាំ​ពាក់ព័ន្ធ​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា នៅ​តាម​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​ធ្វើ​ឲ្យ​ស្ថានការណ៍​តានតឹង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដោយ​បង្ក​ឲ្យ​មាន​ការ​ប្រើ​អាវុធ។

ស្ថានការណ៍​តានតឹង​រវាង​កម្ពុជា និង​ថៃ កើត​ឡើង​រាប់​ឆ្នាំ ជុំវិញ​ការ​អះអាង​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទ​ព្រះវិហារ។ ស្ថានការណ៍​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ក្រោយ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ដែល​ប្រកាស​ថា ទឹក​ដី​ដែល​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ស្ថិត​នៅ​ក្នុង​អធិបតេយ្យភាព​នៃ​ទឹកដី​កម្ពុជា។ ក៏ប៉ុន្តែ តុលាការ​យុត្តិធម៌​អន្តរជាតិ មិន​បញ្ជាក់​ឲ្យ​ច្បាស់​ថា តំបន់​ណា​នៃ​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា ជា​កម្មសិទ្ធិ​របស់​កម្ពុជា នោះ​ឡើយ។

អ្នក​កាសែត​ជនជាតិ​ថៃ ដែល​ធ្លាប់​ធ្វើការ​នៅ​ប្រទេស​កម្ពុជា លោក កាវី ចុងគិតតាវន (Kavi Chongkittavorn) មាន​ប្រសាសន៍​ថា ការ​យល់​ពី​គ្នា​មិនទាន់​ច្បាស់​រវាង​ប្រជាជន​កម្ពុជា និង​ថៃ ក៏​ជា​កត្តា​នាំ​ឲ្យ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ពីរ​នៅ​បន្ត​រ៉ាំរ៉ៃ។ លោក​សម្លឹង​ឃើញ​តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កីឡា អាច​បង្ខិត​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​មក​កៀក​គ្នា និង​ស្វែងយល់​ពី​គ្នា​បាន​ច្បាស់។

លោក​លើក​ករណី​ការ​ប្រកួត​កីឡា​មិត្តភាព​រវាង​ក្រុម​បុរីរ៉ាម យូណាយធីត (Buriram United) និង​ក្រុម​ខេមបូឌា អលស្តារ (Cambodia All Stars) ជា​សញ្ញា​បញ្ជាក់​ភាព​ជិតស្និទ្ធ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ដែល​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​សន្តិភាព​និយម​នៃ​ប្រទេស​ជិត​ខាង​គ្នា  ហើយ​លោក​ហៅ​ថៃ និង​កម្ពុជា ថា​ជា​បង​ប្អូន និង​ជា​មិត្តភ័ក្ដិ​នឹង​គ្នា៖ «ផ្នត់​គំនិត ជា​ការ​ពិត វា​ផ្លាស់ប្ដូរ​ទៅ​តាម​ពេល​វេលា ក៏ប៉ុន្តែ​អ្វី​ដែល​មិន​ទាន់​ផ្លាស់ប្ដូរ គឺ​ប្រជាជន​ថៃ របស់​យើង ដែល​នៅ​តែ​មាន​ទុទ្ទិដ្ឋិនិយម​មក​លើ​ប្រទេស​កម្ពុជា។ ប្រការ​នេះ​វា​មិន​ល្អ​ទេ ដូច្នេះ​ហើយ ទើប​ខ្ញុំ​សង្កត់ធ្ងន់​លើ​តួនាទី​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​អាច​ជួយ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​នេះ»។

​អ្នក​ជំនាញ​ក៏​ស្នើ​ឲ្យ​កម្ពុជា និង​ថៃ ជ្រើស​រើស​យក​អាស៊ាន ជា​អ្នក​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​តាម​ព្រំដែន។ លោក​បញ្ជាក់​ថា អាស៊ាន​អាច​លូកដៃ​ដោះស្រាយ​បញ្ហា​ឲ្យ​សមាជិក​របស់​ខ្លួន​លុះត្រាតែ​ភាគី​ជម្លោះ​ទាំង​ពីរ ព្រមព្រៀង​គ្នា​ទទួល​យក​យន្តការ​អាស៊ាន៖ «»។

​ភាគី​កម្ពុជា ធ្លាប់​ស្នើ​អាស៊ាន​ចូល​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ ក៏​ថៃ បដិសេធ​ច្រានចោល​សំណើ​នេះ ដោយ​ចង់​ដោះស្រាយ​ជម្លោះ​នេះ​ដោយ​យន្តការ​ទ្វេ​ភាគី។ អាស៊ាន​មាន​គោលការណ៍ មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ជា​សមាជិក​ប្រសើរ​បើ​គ្មាន​ការ​ស្នើ​សុំ។

យ៉ាង​ណា​ក៏ដោយ លោក សុធារៈ យល់​ថា យន្តការ​អន្តរជាតិ​នឹង​ជួយ​ពន្លឿន​ការ​ដោះស្រាយ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ឲ្យ​បាន​ឆាប់។ លោក​ថា ប្រសិនបើ​កម្ពុជា និង​ថៃ មាន​ជម្លោះ​វា​នឹង​ធ្វើ​ឲ្យ​អាប់​មុខ​អាប់​មាត់​ដល់​អាស៊ាន​ផង​ដែរ៖ «»។

​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ថៃ ជា​លើក​ដំបូង​ក្នុង​រយៈពេល ១២​ឆ្នាំ​ចុង​ក្រោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ ស្វែង​រក​ការ​វិនិយោគ​របស់​ថៃ។ ប្រទេស​កម្ពុជា ជា​ប្រភព​កម្លាំង​ពលកម្ម​របស់​ថៃ ដើម្បី​កម្ដៅ​ម៉ាស៊ីន​សេដ្ឋកិច្ច​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។