​អ័រម៉ូន ដែលធ្វើឲ្យ មនុស្សស្រីធាត់

​អ័រម៉ូន ដែលធ្វើឲ្យ មនុស្សស្រីធាត់

​តើ​អ្នក​ធ្លាប់​មាន​អាការៈ សាំ​ចិត្តនឹង​ទម្ងន់​របស់​អ្នក​ដែរ​ទេ​? តើ​អ្នក​មាន​ព្យាយាម សម្រក​ទម្ងន់​ដែរ​ទេ​? តើ​អ្នក​ធ្លាប់​ឡើង​ទម្ងន់ មុនពេល ឬ​ក្រោយ​ពេល មក​រដូវ​ដែរ​ទេ​? បើសិនជា​អញ្ជឹង​មែន អ្នក​គួរតែ​ពិចារណា លើ​អ័រម៉ូន​ខ្លួនឯង​សិន​ទៅ​។ ស្ត្រី ទំនង​ជា​ងាយ​មាន​បញ្ហា អតុល្យភាព​អ័រម៉ូន ច្រើន​ជាង​បុរស ដែល​ជាហេតុ​នាំឲ្យ ការរំលាយ​អាហារ​យឺត ឃ្លាន​អាហារ​ខ្លាំង និង​ល្ហិតល្ហៃ​ក្នុង​ខ្លួន​។

​អ័រម៉ូន សុទ្ធតែ​មាន​ឥទ្ធិពល ទៅលើ​ស្ត្រី​គ្រប់​វ័យ​ទាំងអស់​។ វា​នឹង​ប៉ះពាល់​ទៅលើ ជីវិត​រស់នៅ​ប្រចាំថ្ងៃ និង​វដ្ត​ជីវសាស្ត្រ ប៉ុន្តែ តើ​អ័រម៉ូន​អ្វី​ខ្លះ​ទៅ ដែល​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ទៅ​?

​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​
​បើសិន​ជា​អ្នក​ដឹងថា មាន​បញ្ហា​នៅ​ក្រពេញ​ទី​រ៉ូ​អ៊ីត កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត និង​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​ចេញ​ច្រើន អ្នក​ន​ដឹងថា វា​អាច​ធ្វើឲ្យ​អ្នក ធាត់​ខ្លាំង​ប៉ុណ្ណា​ហើយ​។ ការ​ដែល​មាន​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​ច្រើន អាច​បណ្តាល​ឲ្យ​ស្រកទ​ម្ងន់ គេង​មិន​លក់ និង​ការរំលាយ​អាហារ​លឿន​។ ផ្ទុយទៅវិញ បើសិនជា​កង្វះ​អ័រម៉ូន​នេះ​វិញ វា​នឹង​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ អស់កម្លាំង ស្បែក​ស្ងួត ទល់​លាមក ប៉ះ​ត្រជាក់​មិនបាន និង​ធាត់​។ ការ​ធាត់ ច្រើន​តែ​បណ្តាលមកពី ការថយចុះ​នូវ​អត្រា នៃ​ការរំលាយ​អាហារ​ក្នុង​ខ្លួន ដែល​កើតឡើង​ពី អ័រម៉ូន​ទី​រ៉ូ​អ៊ីត​មាន​ចំនួន​តិច​។

​អ័រម៉ូន​អឹ​ស្ត្រូ​សែន​
​នេះ​គឺជា​អ័រម៉ូន​ភេទ របស់​មនុស្ស​ស្រី ហើយ​អ័រម៉ូន​នេះដែរ នឹង​ថយចុះ​ចំនួន​ខ្លាំង ក្នុងពេល​រាំងរដូវ និង​បណ្តាល​ឲ្យ​ធាត់ ជាពិសេស ការ​ធាត់​នៅ​ម្តុំ​ក្បាលពោះ និង​ចំហៀង​ក្បាលពោះ​តែម្តង​។ ប្រភព​ផ្សេង​មួយទៀត​នៃ​អ័រម៉ូន​នេះ គឺ​កោសិកា​ខ្លាញ់​តែម្តង ដែល​វា​នឹង​ទៅ​បំលែង កាឡូរី​ដែល​យើង​បាន​ញ៉ាំ ទៅ​ជា​ជាតិ​ខ្លាញ់​។ បើសិនជា​មិន​មាន​ការព្យាបាល​ទេ អ្នក​នឹង​ទៅ​ជា​មាន​បញ្ហា​ធាត់​ជ្រុល​។

​អ័រម៉ូន​ប្រូ​ហ្សេ​ស្តេ​រ៉ូន​
​អ័រម៉ូន​មួយ​នេះ មិន​ខុស​គ្នា​នឹង​អ័រម៉ូន​អឹ​ស្ត្រូ​សែន​ឡើយ គឺ​វា​នឹង​ថយចុះ​ខ្លាំង ក្នុងពេល​រាំងរដូវ និង​បង្ក​ជាការ​ធាត់​បាន​។ ការថយចុះ​អ័រម៉ូន​នេះ​ភ្លាមៗ អាច​បណ្តាល​ឲ្យ​ហើមពោះ និង​ចាល់​ជាតិ​ទឹក​ក្នុង​រាងកាយ​បាន​។ ក្រៅពីនេះ វា​នឹង​ធ្វើឲ្យ​មាន​អារម្មណ៍​ថា ខ្លួនឯង​ដូច​ជា​ធ្ងន់ អស់កម្លាំង និង​ញ៉ាំ​ឆាប់​ឆ្អែត​។ យក​ល្អ​គួរតែ​ចៀសវាង ការ​ញ៉ាំ​អាហា​រណា សម្បូរ​ជាតិ​សូ​ដ្យូ​ម​ច្រើន​។​

​អ័រម៉ូន​តេ​សស្តូ​ស្តេ​រ៉ូន​
​ចង្កោម​រោគសញ្ញា ជំងឺ​ពងទឹក​ច្រើន​ក្នុង​ក្រពេញ​អូ​វ៉ែ គឺ​ជា​ជំងឺ​អ័រម៉ូន​មួយ​ប្រភេទ ដែល​កើត​លើ​មនុស្ស​ស្រី​។ ជំងឺ​នេះ កើតឡើង​ដោយសារតែ មាន​ការផលិត​អ័រម៉ូន​តេ​សស្តូ​ស្តេ​រ៉ូន​ខ្ពស់ ដែល​អាច​នាំ​ឲ្យ​ដុះ​រោម​នៅមុខ កើតមុន រដូវ​មក​មិន​ទៀង មិន​អាច​មាន​កូន​បាន និង​ធាត់​។ អ័រម៉ូន​តេ​សស្តូ​ស្តេ​រ៉ូន ភាគច្រើន មាន​តែ​លើ​មនុស្ស​ប្រុស​ទេ ប៉ុន្តែ វា​ក៏​មាន​ក្នុង​ខ្លួន​មនុស្ស​ស្រី​ដែរ តែ​ចំនួន​តិចតួច​។

​អាំង​ស៊ុយ​លីន​
​អាំង​ស៊ុយ​លីន គឺជា​អ័រម៉ូន​មួយ ដែល​ផលិត​ចេញពី​កោសិកា Beta របស់​លំពែង​។ អ័រម៉ូន​នេះដែរ មាន​នាទី​គ្រប់គ្រង​ជាតិ​កាបូ​អ៊ី​ដ្រាត និង​ខ្លាញ់​ក្នុង​រាងកាយ​។ វា​ក៏​អនុញ្ញាតិ​ឲ្យ​រាងកាយ ប្រើប្រាស់​ជាតិ​គ្លុយកូស ដែល​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ត្រូវការ​ដែរ​។ ការ​កង្វះ​អ័រម៉ូន​មួយ​នេះ ក៏​ធ្វើឲ្យ​អ្នក មិន​អាច​មាន​កូន​បានដែរ​។ ផ្ទុយទៅវិញ ការ​ដែល​មាន​អ័រម៉ូន អាំង​ស៊ុយ​លីន​ខ្ពស់​ក្នុង​ឈាម បែរជា​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ទៅវិញ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។