លោក សុខ ឥសាន៖ ការអភិវឌ្ឍន៍​របស់ រាជរដ្ឋាភិបាល បានផ្ដល់​ផលប្រយោជន៍ ជាក់ស្ដែង​ជូន​ពលរដ្ឋ

ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាង ថា ការអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលដើម្បី ផលប្រយោជន៍ជាតិ និងប្រជាជនបានចេញ ជាលទ្ធផលជាក់ស្ដែង ហើយបានផ្ដល់ផលប្រយោជន៍ជាក់ស្ដែង ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មិនដូចជាការនិយាយ របស់មេបក្សប្រឆាំងនោះទេ។ ការអះអាងរបស់ លោកសុខ ឥសាន ដូចនេះ បន្ទាប់ពី ឯកឧត្ដមសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងរិះគន់នៅថ្ងៃនេះ ថា ការអភិវឌ្ឍន៍សព្វថ្ងៃ គឺជាការអភិវឌ្ឍន៍ក្លែងក្លាយ។

លោកសុខ ឥសាន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា "អញ្ចឹងការដែលគាត់និយាយនេះ ដូចខ្ញុំនិយាយអញ្ចឹង ថាគាត់ជាមេបក្សប្រឆាំង ពាក្យថាប្រឆាំងវាផ្ទុយ អញ្ចឹងទេ គេធ្វើបានច្រើន គាត់ថាអត់បានធ្វើ គេធ្វើជាក់ស្ដែង គាត់ថាមិនជាក់ស្ដែង អាហ្នឹងអាស្រ័យលើប្រជាពលរដ្ឋទេ ជាអ្នកវាយតំលៃ ជាអ្នកឲ្យតំលៃ ដល់ស្នាដៃ គុណសម្បត្ដិរបស់គណបក្សប្រជាជនកម្ពុជា យើងមិនសង្ឃឹមថា ទទួលបានគុណតំលៃពីឯកឧត្ដមសម រង្ស៊ី និងឯកឧត្ដមកឹម សុខា ជាមេបក្សប្រឆាំងនោះទេ"។    

ប្រធានគណបក្សប្រឆាំងឯកឧត្ដមសម រង្ស៊ី បានថ្លែងរិះគន់ ថា ការអភិវឌ្ឍន៍សព្វថ្ងៃនេះគឺជាការអភិវឌ្ឍន៍ក្លែងក្លាយ និងជាការអភិវឌ្ឍន៍សម្រាប់តែ មានអំណាចប៉ុណ្ណោះ។ ថ្លែងតាមរយៈវីឌីអូខនហ្វើរិនពីក្រៅប្រទេសក្នុងវេទិកាសកម្មជនមូលដ្ឋាន ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ ឯកឧត្ដមសម រង្ស៊ី បានរិះគន់ ថា"ឥឡូវនេះ អ្វីដែលគេហៅថាអភិវឌ្ឍន៍ គឺអភិវឌ្ឍន៍ក្លែងក្លាយ និងអភិវឌ្ឍន៍សម្រាប់តែអ្នកមានអំណាច អភិវឌ្ឍន៍សម្រាប់តែអ្នកមានលុយ អភិវឌ្ឍន៍សម្រាប់តែគ្នាគេ អភិវឌ្ឍន៍តែគ្រួសារគេ បក្សពួកគេមួយក្ដាប់តូច តែប្រជារាស្រ្ដជាអ្នករងគ្រោះ"។

ប្រធានគណបក្សសង្រ្គោះជាតិរូបនេះ បានលើកឡើង ថា ការអភិវឌ្ឍន៍ពិតប្រាកដ គឺអភិវឌ្ឍន៍សម្រាប់ប្រជារាស្រ្ដ អភិវឌ្ឍន៍ជួយប្រជារាស្រ្ដ អភិវឌ្ឍន៍សម្រាប់បម្រើប្រជារាស្រ្ដ អភិវឌ្ឍន៍សម្រាប់លើកស្ទួយប្រជារាស្រ្ដ ដែលខុសពីសព្វថ្ងៃ អភិឌ្ឍន៍ធ្វើបាបតែប្រជារាស្រ្ដ ដូច្នេះមិនមែនជាអភិវឌ្ឍន៍នោះទេ។ ជាមួយគ្នានេះ ឯកឧត្ដមសម រង្ស៊ី បានលើកឡើងបន្ដ ថា នៅពេលដែលគណបក្សសង្រ្គោះជាតិ ដឹកនាំប្រទេស នឹងរៀបចំប្រទេសឡើងវិញ រៀបចំឲ្យមានការអភិវឌ្ឍន៍ពិតប្រាកដដើម្បីជួយប្រជារាស្រ្ដ និងដើម្បីការពារប្រជារាស្រ្ដ៕

លោក សុខ ឥសាន៖ ការអភិវឌ្ឍន៍​របស់ រាជរដ្ឋាភិបាល បានផ្ដល់​ផលប្រយោជន៍ ជាក់ស្ដែង​ជូន​ពលរដ្ឋ

លោក សុខ ឥសាន៖ ការអភិវឌ្ឍន៍​របស់ រាជរដ្ឋាភិបាល បានផ្ដល់​ផលប្រយោជន៍ ជាក់ស្ដែង​ជូន​ពលរដ្ឋ