ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ស្ថានីយ៍​ប្រេង​មួយ​កន្លែង បង្ក​រការ​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃ​ទី​២៧​កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច​មាត់ទន្លេ​ផ្សារ​ក្រោម ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ត្រូវ​បាន​ប្រជាពលរដ្ឋ​យក
បំពង់​​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ រួម​និង​រថយន្ត​របស់​ស្នងការ​នគរបាល​ខេត្ត​ជួយ​បាញ់​ទឹក​ទាន់​ពេលវេលា ។

ប្រភព​ឱ្យ​ដឹង​ថា ម្ចាស់​ស្ថានីយ​ប្រេង​ខាងលើ​មានឈ្មោះ​លឹ​ម យូ​អ៊ី ហៅ​តឿ អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​សង្កាត់​ខាងលើ ។ ប្រភព​ពី​ម្ចាស់​ស្ថានីយ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ គាត់​បាន​បូម​ប្រេង​ពី​ស៊ីទែន​រថយន្ត​ដាក់​ចូល​ក្នុង​ស៊ីទែន​របស់​ស្ថានីយ​បង្កប់​ក្នុង​ដី​ដោយ​ប្រើ​ម៉ូ​ទ័​រ​បូម​ប្រេង ខណៈ​ដែល​បូម​ប្រេង​អស់​ទៅ​ហើយ ក៏​ស្រាប់តែ​ទុ​ស្សេ​ខ្សែភ្លើង​ម៉ូ​ទ័​រ បណ្តាល​ឱ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ និង​ឆេះ​រាលដាល​សម្ភារ​លក់ដូរ​ពេញ​មុខ​ស្ថានីយ​តែ​ម្តង ។

សំណាង​ណាស់​អណ្តាតភ្លើង មិន​ឆេះ​រាលដាល​ដល់​ស៊ីទែន​ក្នុង​ដី​គ្រាន់តែ​ឆេះ​សម្ភារ​តាំង​លក់​ផ្នែក​ខាងលើ មាន​ប៊ីដុង និង​ធុង​ជ័រ ព្រម​ទាំង​សម្ភារ​ជា​ច្រើន​ទៀត ។ ក្នុង​ហេតុការណ៍​ខាងលើ​នេះ មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។