គ្រូពេទ្យ​ជំនាញ​បារាំង-​ខ្មែរ​គ្រោង​ព្យាបាល​ជំងឺ​មាត់​និង​ក្រអូម​មាត់​ឆែប​នៅ​ខេត្ត​ពោធិ៍សាត់

ក្រុម​គ្រូពេទ្យ​ជំនាញ​វះកាត់​ក្រអូម​មាត់ និង​មាត់​ឆែប នៃ​អង្គការ​មួយ​របស់​ប្រទេស​បារាំង នឹង​សហការ​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​ខ្មែរ ដើម្បី​ប្រមូល​អ្នក​ជំងឺ​មាត់​ឆែប ឬ​ក្រអូម​មាត់​ឆែប​វះកាត់​នៅ​ចុង​ខែ​មេសា ឆ្នាំ​២០១៦។ មន្ត្រី​សុខាភិបាល​កម្ពុជា ស្វាគមន៍​ចំពោះ​បេសកកម្ម​នេះ បន្ទាប់​ពី​គ្រូពេទ្យ​សប្បុរសធម៌​អាមេរិក បញ្ចប់​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​ខេត្ត​ពោធិ៍សាត់។

ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ ហៅ​មន្ទីរពេទ្យ​បង្អែក​សំពៅមាស ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ថា បរិវេណ​នៃ​មន្ទីរពេទ្យ​នឹង​ក្លាយ​ជា​ទីតាំង​ទទួល​អ្នក​ជំងឺ​យ៉ាង​ច្រើន​លើក​ទី​២ សម្រាប់​ក្រុម​គ្រូពេទ្យ​បរទេស ពិនិត្យ និង​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ជូន​ពលរដ្ឋ​ខ្មែរ​មក​ពី​ទូទាំង​ប្រទេស។

ប្រធាន​មន្ទីរពេទ្យ លោក ច័ន្ទ សុខា មាន​ប្រសាសន៍​ថា ក្រោយ​អ្នក​ជំងឺ ៤,៧៦៨​នាក់ ទទួល​បាន​ការ​ព្យាបាល​ជំងឺ​ទូទៅ​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​រយៈ​ពេល ១០​ថ្ងៃ របស់​ក្រុម​គ្រូពេទ្យ​អាមេរិក-​ខ្មែរ ដែល​ទើប​បញ្ចប់​វគ្គ​នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦ មក​នោះ មាន​ក្រុម​គ្រូពេទ្យ​បារាំង នឹង​ចូល​ខ្លួន​មក​ពិគ្រោះ និង​វះកាត់​ជំងឺ​មាត់​ឆែប និង​ដុះ​សាច់​វិញ​ម្ដង គឺ​ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា៖ «ខ្ញុំ​គិត​ថា ជំងឺ​ប្រភេទ​នេះ​មាន​ភាគ​រយ​តិច ហើយ​យើង​ឃើញ​ថា មាន​អង្គការ​មួយ​ចំនួន​កំពុង​ឈរជើង​នៅ​មន្ទីរពេទ្យ​ជាតិ​នៅ​ភ្នំពេញ អ៊ីចឹង​ក៏​គេ​ព្យាបាល​បណ្ដើរៗ​ដែរ។ អ៊ីចឹង​យើង​អត់​ដឹង​ថា នឹង​មាន​ប៉ុន្មាន​ទេ ប៉ុន្តែ​យើង​នឹង​ព្យាយាម​រក​អ្នក​ជំងឺ​ឲ្យ​បាន​ច្រើន​ឲ្យ​គាត់ (គ្រូ​ពេទ្យ​បារាំង)»

លោក ច័ន្ទ សុខា បញ្ជាក់​ថា ក្រុម​គ្រូពេទ្យ​នឹង​ចាប់​ផ្ដើម​ទទួល​អ្នក​ជំងឺ​ពី​ម៉ោង ៧​កន្លះ​ព្រឹក រហូត​ដល់​ម៉ោង ៥​ល្ងាច។ អ្នក​ជំងឺ​អាច​មក​ពី​គ្រប់​ខេត្ត-​ក្រុង ព្រោះ​ការ​ទទួល​វះកាត់​មិន​កំណត់​ចំនួន​នោះ​ឡើយ។

អ្នក​ជំងឺ​ម្នាក់​រស់​នៅ​រាជធានី​ភ្នំពេញ គឺ​លោក សួស្ដី ទិត្យដា ថា លោក​ចាប់​អារម្មណ៍​នឹង​បេសកកម្ម​ព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​បរទេស ព្រោះ​ការ​ព្យាបាល​មាន​ជំនាញ​ត្រឹមត្រូវ ថ្នាំ​ល្អ និង​ប្រសិទ្ធភាព​ខ្ពស់។ សព្វថ្ងៃ​លោក​មាន​ជំងឺ​ជាប់​កាយ​ចំនួន​បី​មុខ គឺ​ជំងឺ​ភ្នែក ត្រចៀក និង​ជំងឺ​សាច់​ដុះ។

លោក​ថា លោក​នឹង​ទៅ​ពិគ្រោះ និង​វះកាត់​ជំងឺ​ដុះ​សាច់​របស់​លោក​នៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​នោះ៖ «ខ្ញុំ​ឈឺ​ខ្លួន​ឯង បើ​ខ្ញុំ​ព្យាបាល​តាម​គ្លីនិក​អស់​លុយ ហើយ​ខ្ញុំ​ខ្វះ​លុយ​លើ​ការ​វះកាត់ ដល់​អ៊ីចឹង​ខ្ញុំ​ឃើញ​មាន​ពេទ្យ​ពី​អាមេរិក មាន​ប្រសិទ្ធភាព​ខាង​ព្យាបាល​ជំងឺ។ តាំង​ពី RFA ផ្សាយ​មក​ខ្ញុំ​ចាប់​អារម្មណ៍​ខ្ញុំ​ចេះ​តែ​ដេញ​តាម ធ្វើ​ម៉េច​ឲ្យ​គាត់​មក​ពី​អាមេរិក ដល់​នេះ ហើយ​គាត់​ចុះ​ព្យាបាល​នៅ​ពោធិ៍សាត់ ខ្ញុំ​នឹង​ទៅ​បណ្ដោយ»

ប្រជាពលរដ្ឋ​កម្ពុជា​ខ្លះ ដែល​ធ្លាប់​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ពី​ក្រុម​គ្រូពេទ្យ​បរទេស​ឲ្យ​ដឹង​ថា ពួកគាត់​សុខចិត្ត​ស្កាត់​ពី​ទី​ឆ្ងាយ​ដើម្បី​ទៅ​ទទួល​សេវា​នេះ ព្រោះ​ការ​ពិនិត្យ និង​ព្យាបាល​របស់​គ្លីនិក​ឯកជន ឬ​មន្ទីរពេទ្យ​រដ្ឋ​មិន​សូវ​មាន​ប្រសិទ្ធភាព។ ពួកគាត់​ចង់​ឲ្យ​មាន​បេសកកម្ម​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ក្រីក្រ​ឲ្យ​បាន​ញឹកញាប់​នៅ​តាម​បណ្ដា​ខេត្ត​ឆ្ងាយៗ នៃ​ប្រទេស​កម្ពុជា។

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​ក្រុម​ពលរដ្ឋ​នេះ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ពោធិ៍សាត់ លោក ច័ន្ទ សុខា បញ្ជាក់​ថា ក្រុម​គ្រូពេទ្យ​បរទេស​ដែល​សហការ​ជាមួយ​គ្រូពេទ្យ​ខ្មែរ​បាន​ដាក់​កាល​វិភាគ​ព្យាបាល​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​ខេត្ត​នានា​ ជា​រៀង​រាល់​ឆ្នាំ។ ដូចជា​ក្រុម​គ្រូពេទ្យ​អាម៉េរិកាំង ដែល​ទើប​បញ្ចប់​ការងារ​សប្បុរសធម៌​ពី​ខេត្ត​ពោធិ៍សាត់ ទៅ​នេះ នៅ​ឆ្នាំ​ក្រោយ​នឹង​ធ្វើ​នៅ​ខេត្ត​សៀមរាប ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។