សមត្ថកិច្ច​កំណត់​បាន​អត្តសញ្ញាណ​រថយន្ត​ដឹក​អង្ករ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ស្ពាន​អ្នកលឿង

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា សមត្ថកិច្ច​​កំណត់​បាន​​អត្តសញ្ញាណ​រថយន្ត​ដឹក​អង្ករ​លើស​ចំណុះ​ឡើង​ស្ពាន​អ្នក​លឿង​ហើយ។ ក្រុមហ៊ុន​នោះ​មាន​ម្ចាស់​ជា​ប្រពន្ធ​របស់​អនុ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ក្នុង​ខេត្ត​មួយ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ  នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ពេល​នេះ​ថា ក្រសួង​បាន​កំណត់​អត្តសញ្ញាណ​រថយន្ត ឈ្មោះ​ក្រុមហ៊ុន ម្ចាស់​ក្រុមហ៊ុន​រួចរាល់​អស់​ហើយ។ ប៉ុន្តែ​លោក​មិន​បង្ហើប​ឲ្យ​ដឹង​ថា តើ​ក្រុមហ៊ុន និង​ម្ចាស់​ក្រុមហ៊ុន​ឈ្មោះ​អ្វី​នោះ​ទេ?

លោក​បន្ត​ថា ក្រសួង​បាន​កំណត់​អត្តសញ្ញាណ​តាំង​ពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ម្សិលមិញ ប៉ុន្តែ​ក្រសួង​ទុក​ពេល​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ចេញ​មុខ​មក​សារភាព​កំហុស ហើយ​បើ​មិន​ដូច្នេះ​នឹង​មាន​ដីកា​ចេញ​ខ្លួន​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នោះ។

ករណី​ឡាន​ដឹក​ស្រូវ​លើស​ទម្ងន់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ស្ពាន​អ្នកលឿង ឬ​ស្ពាន​ត្សឹបាសា ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ បញ្ជា​ឲ្យ​ចាប់​ឡាន​នោះ​ឲ្យ​បាន ទោះ​ទៅ​ដល់​ទី​ណា​ក៏ដោយ។ លោក ហ៊ុន សែន ថែម​ទាំង​ស្ដី​បន្ទោស​ចំៗ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក ថា ក្រសួង​នេះ​ស្ពឹក​ស្រពន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។