មនុស្ស​ពីរ​ពាន់​នាក់​នៅ​ខេត្ត​រតនគិរី​ប្រារព្ធ​ទិវា​ទីក្រុង​ស្អាត

សិស្សានុសិស្ស និស្សិត មន្ត្រី​រាជការ ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាង ២.០០០​នាក់​ជួប​ជុំ​គ្នា​ប្រារព្ធ​មីទីង​ផ្សព្វផ្សាយ​ទិវា​ទីក្រុង​ស្អាត និង​នាំ​គ្នា​រើស​សំរាម​នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី។ អ្នក​ចូល​រួម​លើក​ឡើង​ថា កម្មវិធី​មាន​គោលបំណង​បំផុស​សកម្មភាព​រក្សា​អនាម័យ និង​ការ​វេច​ខ្ចប់​សំរាម​បាន​ល្អ​ទាក់ទាញ​វិស័យ​ទេសចរណ៍។

ពាក្យ​ស្លោក "ទីក្រុង​ស្អាត សុខភាព​ល្អ" ទេសចរណ៍​មាន​កំណើន គឺ​ជា​ប្រធានបទ​សំខាន់​សម្រាប់​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​នៅ​ខេត្ត​រតនគិរី ក្នុង​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៤ និង​ទិវា​ជាតិ​យុវជន និង​ទីក្រុង​ស្អាត​លើក​ទី​១ សម្រាប់​ឆ្នាំ​២០១៦ នេះ។

សិស្សានុសិស្ស​និស្សិត មន្ត្រីរាជការ សង្គម​ស៊ីវិល​ជាង ២​ពាន់​នាក់ បាន​ជួបជុំ​គ្នា​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ នៅ​មន្ទីរ​វប្បធម៌​ខេត្ត​រតនគិរី ដើម្បី​ប្រារព្ធ​មីទីង​ផ្សព្វផ្សាយ​សារ​លោក​នាយករដ្ឋមន្ត្រី និង​បើក​យុទ្ធនាការ​រើស​សំរាម​សំអាត​អនាម័យ​បរិស្ថាន​នៅ​តាម​បណ្ដា​ផ្លូវ​នានា ក្នុង​ក្រុង​បានលុង។

យុវតី​សិស្ស​ថ្នាក់​ទី​១០ និង​ជា​សមាជិក​ក្រុម​កាកបាទក្រហម​ខេត្ត​ឈ្មោះ សៀង ស្រីណែត ថ្លែង​កត់សំគាល់​ថា សំរាម​នៅ​តែ​បន្សល់​រាយប៉ាយ​គ្រប់​ទីកន្លែង​នៅ​តាម​ផ្លូវ​សាធារណៈ មុខ​អគារ​លក់ដូរ​ទំនិញ អគារ​រដ្ឋបាល មន្ទីរ​អង្គភាព​ក្នុង​ខេត្ត និង​ជា​ពិសេស​ទីផ្សារ​នានា​ក្នុង​ខេត្ត​រតនគិរី។ យុវតី​ចាត់​ទុក​បញ្ហា​សំរាម​បង្ក​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​សោភណភាព​ទីក្រុង និង​វិស័យ​ទេសចរណ៍៖ «សំរាម​រាយប៉ាយ​ច្រើន។ ចង់​ឲ្យ​ប្រជាពលរដ្ឋ​លក់ដូរ​តាម​ផ្លូវ​វេច​ខ្ចប់​សំរាម​ទុក​ដាក់​ឲ្យ​បាន​ស្រួល។ ការ​ចូលរួម​នេះ​មាន​ប្រយោជន៍​ច្រើន​ណាស់​ក្នុង​សង្គម យើង​ធ្វើ​ឲ្យ​ទីក្រុង​ស្អាត​ពេល​ភ្ញៀវ​ទេសចរ​មក​ទាក់ទាញ​គេ​មក​ខេត្ត​យើង»

​ដូច​គ្នា​នេះ​ដែរ យុវជន​ជា​និស្សិត​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ និង​ជា​សមាជិក​សហភាព​សម្ព័ន្ធ​យុវជន​​​ខេត្ត​រតនគិរី ឈ្មោះ ឱក រតនវិសាល ចាត់​ទុក​ការ​សំអាត​សំរាម​គឺ​ជា​តួនាទី​របស់​ពលរដ្ឋ​ទាំង​អស់​គ្នា​ដែល​ត្រូវ​នាំគ្នា​យក​ចិត្ត​ទុក​ដាក់​បំបាត់​កាកសំណល់ និង​សំរាម​នៅ​គ្រប់​ទីកន្លែង។ យុវជន​កត់សំគាល់​ថា ​បច្ចុប្បន្ន​សំរាម​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះ​ចោល​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ និង​បង្ក​ផល​ប៉ះពាល់​​ដល់​សុខភាព និង​អនាម័យ ហេតុ​នេះ​សំរាម​គឺ​ជា​ប្រធានបទ​សំខាន់​ដែល​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​នាំ​​គ្នា​កែប្រែ​ទម្លាប់​វេច​ខ្ចប់ ឬ​ដាក់​សំរាម​ក្នុង​ធុង​ដើម្បី​ទីក្រុង​ស្អាត​មាន​អនាម័យ​ល្អ៖ «ជា​ការ​ចាំបាច់​ក្នុង​ការ​រើស​សំរាម​ដើម្បី​សំអាត​ទីក្រុង​យើង​ឲ្យ​បាន​ស្អាត ជា​ពិសេស​យើង​ប្រាប់​ដល់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ខេត្ត​ទាំង​អស់​ឲ្យ​គេ​យល់​ពី​អត្ថន័យ​ការ​សំអាត​បរិស្ថាន​ឲ្យ​បាន​ស្អាត​នៅ​​​មុខ​ផ្ទះ​ធ្វើ​អនាម័យ​ជាដើម»

​កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ អាជ្ញាធរ​សង្កាត់​បឹងកន្សែង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ដឹកនាំ​សិស្ស​​​និស្សិត​ជាង ៥០០​នាក់ រើស​សំរាម​នៅ​ជុំវិញ​តំបន់​ទេសចរណ៍​បឹងកន្សែង នៅ​កណ្ដាល​បេះដូង​ក្រុង​បានលុង។ ការ​ចុះ​សម្អាត​តំបន់​ទេសចរណ៍​នេះ ខណៈ​អ្នក​លក់​ដូរ​ចំណី​អាហារ​នៅ​តំបន់​នោះ​បាន​បោះចោល​កាក​សំណល់​រួម​មាន ថង់​ប្លាស្ទិក កំប៉ុង​ភេសជ្ជៈ ដប​ទឹក​សុទ្ធ និង​សំរាម​ដទៃ​ទៀត ទាំង​នៅ​ក្នុង​ទឹក​បឹង និង​នៅ​ក្នុង​បរិវេណ​មាត់​បឹង​នោះ​​ដោយ​គ្មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ បើ​ទោះបី​មាន​ធុង​សំរាម ឬ​ស្លាក​ណែនាំ​អំពី​ការ​រក្សា​អនាម័យ​​បរិស្ថាន ឬ​ស្លាក​ហាម​បោះចោល​សំរាម​ណា​ក៏ដោយ។ អ្នក​លក់ដូរ និង​ភ្ញៀវទេសចរ​មួយ​ចំនួន​ហាក់​​នៅ​មិន​ទាន់​យល់​អំពី​ការ​ជួយ​គ្នា​ថែរក្សា​បរិស្ថាន និង​អនាម័យ​នៅ​ឡើយ។

​ចៅ​សង្កាត់​រង​ទី​១ នៃ​សង្កាត់​បឹងកន្សែង លោក ចាន់ សារុន ចាត់​ទុក​ការ​ផ្សព្វផ្សាយ​ទិវា​ទីក្រុង​ស្អាត​ឆ្នាំ​នេះ និង​យុទ្ធនាការ​រើស​សំរាម​នៅ​តាម​ទី​សាធារណៈ គឺ​ដើម្បី​ដាស់​ស្មារតី​ប្រជាពលរដ្ឋ​អ្នក​លក់​ដូរ និង​អាជីវករ​នៅ​តាម​ទីផ្សារ​ផ្ទះ​លក់​ទំនិញ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​សំអាត​លំនៅឋាន កន្លែង​លក់ដូរ និង​ចូល​រួម​ថែរក្សា​ទី​សាធារណៈ កុំ​ឲ្យ​មាន​សំរាម​បន្សល់​ចោល​ដូច​មុន​ទៀត។ លើស​ពី​នេះ​ទៀត លោក​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​ចូលរួម​ទាំ​អស់​គ្នា​ដើម្បី​ទីក្រុង​​ស្អាត៖ «ខ្ញុំ​សង្កេត​ឃើញ​ថា កន្លង​មក​ពាក់ព័ន្ធ​ការ​ភ្ញាក់​រលឹក​របស់​បងប្អូន​យើង​ហាក់​ដូច​ជា​មិន​សូវ​យកចិត្តទុកដាក់។ ដូច្នេះ​ហើយ​ក្នុង​នាម​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ យើង​ខ្ញុំ​តែងតែ​រៀបចំ​ផ្សព្វផ្សាយ និង​ធ្វើ​ពិធី​នេះ​​ឡើង​ញឹកញាប់​ដើម្បី​ដាស់​ស្មារតី​ពួកគាត់»

តួលេខ​ប៉ាន់​ប្រមាណ​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី បង្ហាញ​ថា យ៉ាង​ហោច​ប្រជាពលរដ្ឋ​ក្រុង​បានលុង បញ្ចេញ​ចោល​កាកសំណល់ និង​សំរាម​ជាង ៥០​តោន​ក្នុង​មួយ​ថ្ងៃៗ។

អភិបាល​ក្រុង​បានលុង លោក អ៊ុក សំអុល ដែល​បាន​ចូល​រួម​ក្នុង​ទិវា​ផ្សព្វផ្សាយ​ទីក្រុង​ស្អាត​នេះ​ដែរ ថ្លែង​បញ្ជាក់​ថា ទិវា​ជាតិ​ក្រុង​ស្អាត រៀបចំ​ឡើង​ដោយ​គណៈកម្មការ​វាយ​តម្លៃ​ទីក្រុង​ស្អាត​ដែល​មាន​ក្រសួង​ទេសចរណ៍ ជា​ប្រធាន ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​ពលរដ្ឋ​មាន​សុខុមាលភាព និង​អនាម័យ​ល្អ រួម​ចំណែក​ទាក់ទាញ​​វិស័យ​ទេសចរណ៍​សម្រាប់​ខេត្ត​រតនគិរី បច្ចុប្បន្ន៖ «ទី​មួយ​ទីក្រុង​យើង​ស្អាត វា​ពាក់ព័ន្ធ​ទៅ​ដល់​សុខុមាលភាព​សង្គម។ អ៊ីចឹង​ឲ្យ​គាត់​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​អស់ ព្រោះ​ការងារ​នេះ​មិន​មែន​ជា​របស់​ក្រុង ឬ​មួយ​របស់​​ខេត្ត​របស់​សង្កាត់ គឺ​លុះ​ត្រា​ចូលរួម​ទាំង​អស់​គ្នា​បាន​ទៅ​រួច»

ក្រុង​បានលុង ខេត្ត​រតនគិរី បាន​ទទួល​ចំណាត់ថ្នាក់​ផ្កា​រំដួល​មួយ​ទង​ដែល​ជា​ចំណាត់ថ្នាក់​ទី​បី ក្នុង​ការ​​​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត​ទូទាំង​ប្រទេស​របស់​ក្រសួង​ទេសចរណ៍ កាល​ពី​ឆ្នាំ​២០១៤។របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ឲ្យ​ដឹង​ថា កំណើត​អ្នក​ទេសចរ​ក្នុង​ឆ្នាំ​២០១៥ កន្លង​ទៅ កើន​ដល់​ជិត ១០​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។