ជាថ្មីម្តងទៀត គណបក្សទាំងពីរ បដិសេធ ចំពោះការដាក់វត្តមាន លោក ប៉ុល ហំម ក្នុងតំណែង ឯកឧត្តម កឹម សុខា

ភ្នំពេញៈ ចាប់តាំងពីដើមខែកុម្ភៈ ឆ្នំា២០១៦នេះ មានការលេចឮដំណឹងថា ប្រធានបក្សទាំងពីរ បានឯកភាពគ្នាជាសម្ងាត់ ក្នុងការដាក់បេក្ខភាព លោក ប៉ុល ហំម មន្រ្តីនយោបាយជើងចាស់របស់បក្សប្រឆាំង ទៅក្នុងមុខតំណែងអនុប្រធានទី១ រដ្ឋសភា របស់ឯកឧត្តម កឹម សុខា ជាថ្នូរនឹងការដោះលែង សកម្មជនគណបក្សប្រឆាំងទាំង១៥រូប នៅក្នុងពន្ឋនាគារ។ ទោះបីជាមានការបដិសេធ ម្តងរួចមកហើយពីបក្សទាំងពីរនេះ ក៏ប៉ុន្តែពាក្យចចាមអារ៉ាម នៅតែស្ថិតក្នុងក្តីចម្ងល់របស់អ្នកវិភាគសង្គម និងពលរដ្ឋខ្មែរ។  

សូមបញ្ជាក់ថា កាលពីឯកឧត្តមកឹម សុខា មិនទាន់ទទួលបានតំណែង ជាអនុប្រធានទី១នៃរដ្ឋសភា ក៏មានពាក្យចចាមអារ៉ាមកើតឡើងដែរ។ ជាលទ្ធផលបក្សទាំងពីរ បានព្រមព្រៀងគ្នា ប្រគល់តំណែងនេះ ឲ្យទៅឯកឧត្តម កឹម សុខា មែន។ ងាកមកចាប់អារម្មណ៍ ពីរឿងលោក ប៉ុល ហំម នេះវិញ ក៏មានការបញ្ជាក់ថា លិខិតដែលស្នើដាក់ទៅកាន់សភានោះ បក្សកាន់អំណាចបានទទួលយកហើយ ហើយក៏គ្រោងនឹងបោះឆ្នោត គាំទ្របេក្ខភាពលោក ប៉ុល ហំម ជំនួសឯកឧត្តម កឹម សុខា។

អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ច្រានចោលចំពោះព័ត៌មាននេះ។ រីឯអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញឫទ្ធិ អះអាងថា ព័ត៌មាននេះមិនពិតទេ៕