ជនសង្ស័យ​ឆក់​ត្រី​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅពេល​កំពុង​ប្រព្រឹត្តិ​បទល្មើស​

​ខេត្តកំពង់ឆ្នាំង​៖ ជនសង្ស័យ​ចំនួន​៥​នាក់ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​សហការគ្នា​ព័ទ្ធ​ចាប់ខ្លួនបាន ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព ហ៊ុំ​សម្រាស់​ឆក់​ត្រី​នៅក្នុង​បឹង​ភ្លង ស្ថិត​នៅក្រោយ​ក្នុងភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសារ ស្រុក​ជល​គី​រី ។​ករណី​បង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​២៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​។​

លោក ប្រាក់ លាង​ហួរ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ជនសង្ស័យ​ទាំង​៥​នាក់​ដែល​សមត្ថកិច្ច ចម្រុះ​បាន​ឃាត់ខ្លួន​មានឈ្មោះ ១.​ស៊ឹម គឿន អាយុ​៣៤​ឆ្នាំ​, ២.​វ៉ាន់ សុខា អាយុ​២៥​ឆ្នាំ​, ៣. សួ អឺ​ន អាយុ​៣៥​ឆ្នាំ​, ៤.​ឈន ឆូ​យ អាយុ​៤៤​ឆ្នាំ និង​ទី​៥​ឈ្មោះ ស៊ឹម វណ្ណៈ អ្នក​ទាំង​៥​នាក់​រស់នៅ​ក្នុងភូមិ​ទន្លេ​ក្រៅ ឃុំ​ជលសារ ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។ វត្ថុតាង​ដែល​សមត្ថកិច្ច​ចម្រុះ រឹបអូស​បានរួម​មាន អាំង​វែក​ទ័​រ​ឆក់​២​គ្រឿង អាគុយ​៤០​អំពែរ​១​គ្រឿង ដង​ឆក់​២ ត្រី​៥០​គីឡូក្រាម និង​គោយន្ត​១​គ្រឿង​។​

​លោក ប្រាក់ លាង​ហួរ បាន​អោយដឹងទៀតថា​៖ នៅក្នុង​កិច្ច​បង្ក្រាប​បទល្មើស​ខាងលើនេះ សមត្ថកិច្ច​ចំរុះ​បាន​ប្រើប្រាស់​កម្លាំង ប្រមាណ​ជាង​១០​នាក់ រួមមាន​ផ្នែក និង​សង្កាត់រដ្ឋបាល​ជលផល​កំពង់​ប្រសាទ កម្លាំង​សឹក​រង​ស្រុក​ជល​គី​រី នគរបាល​ប៉ុស្តិ​រដ្ឋបាល​ជលសារ និង​កម្លាំង​សហគមន៍​នេសាទ​ក្នុង​មូលដ្ឋាន​។ ក្រោយពី​ទទួល​ព័ត៌មាន​អំពី​សកម្មភាព​បទល្មើស​ខាងលើ សមត្ថកិច្ច​ចំរុះ​បាន​ចុះ​ឡោមព័ទ្ធ និង​ស្ទាក់​ចាប់បាន​ជនសង្ស័យ​ទាំង​៥​នាក់​កំពុង​ឆក់​ត្រី​ក្នុង​សម្រាស់​របស់​ពួកគេ​១​កន្លែង​នៅក្នុង​បឹង​ភ្លង​។​

ដោយឡែក​ជនសង្ស័យ​ឈ្មោះ ស៊ឹម គឿន ជា​ម្ចាស់​សម្រាស់​បាន​សារភាពថា​៖ ក្នុងពេល​ហ៊ុំ​សម្រាស់​ដែលមាន​ទំហំ​ប្រមាណ​១០០ ម៉ែត្រការ៉េ ដោយសារ​មាន​ត្រី​ច្រើន​ចាប់​មិនទាន់ ពួកគេ​ក៍បាន​ប្រ់​អាំង​វែក​ទ័​រ​ឆក់​ត្រី​២​គ្រឿង យកមក​ឆក់​ត្រី​អោយ​វា​សន្លប់ ដើម្បី​ងាយ ស្រួល ចាប់​ត្រី​។​ដោយឡែក​គោយន្ត​១​គ្រឿង​នោះ ពួកគេ​បាន​ហៅ​ឈ្មោះ ស៊ឹម វ​ណ្ណះ ពី​ភូមិ​អោយ​បើក​មកជួយ​ដឹកយករ​ត្រី​ដែល​ឆក់​បាន ហើយក៏ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។​

​ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវបាន​សមត្ថកិច្ច​ខ័​ណ្ឌ​រដ្ឋបាល​កំពង់ឆ្នាំង​កសាង​សំណុំរឿង​រឿង​តាម​នីតិវិធី​បញ្ជូន​ខ្លួន និង​វត្ថុតាង​ទៅ​តុលាការខេត្ត ដើម្បី​ចំណាត់ការ​តាមផ្លូវ​ច្បាប់ និង​ផ្តន្ទា​ស​ទោស​តាមច្បាប់​ស្តីពី​ជលផល​៕​ ​រិ​ទ្ធិ ជ័យ

KA-27-02-2016-40 KA-27-02-2016-41 KA-27-02-2016-43