​រាជបណ្ឌិត្យសភាកម្ពុជា មាន​តួនាទី​សំខាន់​ចំនួន​ពីរ​ធំៗ​គឺ ការបណ្តុះបណ្តាល និង​ការសិក្សា​ស្រាវជ្រាវ​

ភ្នំពេញ: ​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ផ្ទេរតំណែង​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ និង​ពិធី​ប្រកាស​គោរមងារ និង​ការចូល​កាន់តំណែង​អនុប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ថា រាជបណ្ឌិត្យសភាកម្ពុជា មាន​តួនាទី​សំខាន់​ចំនួន​ពីរ​ធំៗ​គឺ ការបណ្តុះបណ្តាល និង​ការសិក្សា​ស្រាវជ្រាវ ហើយ​សកម្មភាព​ទាំងពីរ​នេះ​ជួយ​ពង្រឹង​គ្នា​ទៅវិញទៅមក ដើម្បី​ឧត្តមភាព​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាម​ជា​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​របស់​ជាតិ និង​ជា​គ្រឹះស្ថាន​អប់រំ​ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា​។​

​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន បាន​បន្ថែមថា ក្នុងន័យនេះ រាជបណ្ឌិត្យសភាកម្ពុជា ត្រូវ​លើកកម្ពស់​ការសិក្សា​ស្រាវជ្រាវ​ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ប្រសិទ្ធភាព​ក្នុងការ​បង្រៀន និង​សម្រាប់​ផ្សារភ្ជាប់​ទ្រឹស្តី​នៅ​នឹង​ការអនុវត្ត​ជាក់ស្តែង ហើយ​លទ្ធផល​នៃ​ការស្រាវជ្រាវ​ត្រូវ​ទទួលបាន​ការលើកទឹកចិត្ត ឱ្យ​បោះពុម្ព​ក្នុង​ទិនានុប្បវត្តិ​វិទ្យាសាស្ត្រ ជាពិសេស​ទិនានុប្បវត្តិ​វិទ្យាសាស្ត្រ​ដែល​ទទួលស្គាល់​ក្នុង​តំបន់ និង​អន្តរជាតិ​។ ឯកឧត្តម​បាន​គូសបញ្ជាក់ថា ដើម្បី​ធានាឱ្យមាន​គុណភាព​ខ្ពស់ និង​ទទួលបាន​ការបោះពុម្ពផ្សាយ​ជា​អន្តរជាតិ ឯកសារ​ស្រាវជ្រាវ​គួរ​ត្រូវបាន​ត្រួតពិនិត្យ ដោយ​អ្នកឯកទេស ឯករាជ្យ​លើ​ប្រធានបទ ស្រាវជ្រាវ នោះ ហើយ​ត្រូវ​បញ្ជៀ​ស​ឱ្យបាន​ទាំងស្រុង​នូវ​ការបង្កើត​ទិន្នន័យ​ដោយ​ខ្លួនឯង ដោយ​គ្មាន​ការចុះ​អង្កេត​ផ្ទាល់​តាម​លក្ខណៈ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​ត្រឹមត្រូវ ព្រោះថា​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​គឺ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​គុណភាព​នៃ​ទិន្នន័យ ដែល​ប្រើប្រាស់​ក្នុង​ការសិក្សា​ស្រាវជ្រាវ​។ ប្រសិនបើ​ទិន្នន័យ​គ្មាន​គុណភាព នោះ​លទ្ធផល​ដែល​ទទួលបាន​ពី​ការយក​ទិន្នន័យ​នេះ​ទៅប្រើ​ប្រាស់​នឹង​ពិតជា​លទ្ធផល​ក្លែងក្លាយ គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​។ អំពើ​បែបនេះ​នឹង​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​ការប្រើប្រាស់​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ ក្នុងការ​តាក់តែង​គោលនយោបាយ​នានា ហើយ​ធ្វើឱ្យប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​កិត្តិនាម​របស់ខ្លួន​ផ្ទាល់ របស់​ស្ថាប័ន​ដែល​ខ្លួន​បម្រើការ និង​ប្រទេសជាតិ​របស់ខ្លួន​។​

​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន បានផ្តល់​ជា​អនុសាសន៍​ថា អ្នកសិក្សា​ស្រាវជ្រាវ​គួរប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​ក្រមសីលធម៌​អាជីព​រៀងៗ​ខ្លួន ដើម្បី​ជៀសវាង​ឱ្យ បាន​នូវ​ការប្រើប្រាស់​ស្នាដៃ​របស់​អ្នកស្រាវជ្រាវ​ដទៃទៀត ដោយ​ពុំមាន​ផ្តល់នូវ​ប្រភព​ត្រឹមត្រូវ និង​ដើម្បី​លើកកម្ពស់​សុចរិត​ភាព​ក្នុង​ការសិក្សា​ស្រាវជ្រាវ​។ អ្នកស្រាវជ្រាវ​ពូកែ​ត្រូវមាន​ចំណេះដឹង​ខ្ពស់ ទាំង​ផ្នែក​ទ្រឹស្ដី និង​វិធីសាស្ត្រ​ស្រាវជ្រាវ​ទូលំទូលាយ ព្រមទាំង​មានការ​អភិវឌ្ឍ​ខ្លួន​ជាប្រចាំ​តាមរយៈ​ការសិក្សា​លើ​អត្ថបទ​ស្រាវជ្រាវ​ថ្មីៗ​នានា និង​ការធ្វើ​បទ​បង្ហាញ​នៅក្នុង​សន្និសីទ​វិទ្យាសាស្ត្រ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ចំណេះដឹង​ក្នុង​ជំនាញ​ឯកទេស​នៃ​ការស្រាវជ្រាវ​របស់ខ្លួន​។​

​សូមបញ្ជាក់​ផងដែរ​ថា តាមរយៈ​ប្រសាសន៍​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ការផ្ទេរ​តំណែង​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ប្រគល់​តួនាទី​ភារកិច្ច​និង​គោរមងារ​ថ្មី​ដល់​បញ្ញជ​ន​ទាំង​ពីររូប គឺ លោក​បណ្ឌិត ច័ន្ទ សំណព្វ និង លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច នៅ​រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ គឺ​ពិតជា​កម្លាំងចលករ​ប្រកបដោយ​ឋា​ម​ពល​បន្ថែមទៀត ដែល​អាច​រុញច្រាន​ឱ្យ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​និង​រាជបណ្ឌិត្យសភាកម្ពុជា កាន់​តែមាន​សន្ទុះ​ទ្វេ​ឡើង​៕

​រាជបណ្ឌិត្យសភាកម្ពុជា មាន​តួនាទី​សំខាន់​ចំនួន​ពីរ​ធំៗ​គឺ ការបណ្តុះបណ្តាល និង​ការសិក្សា​ស្រាវជ្រាវ​

​រាជបណ្ឌិត្យសភាកម្ពុជា មាន​តួនាទី​សំខាន់​ចំនួន​ពីរ​ធំៗ​គឺ ការបណ្តុះបណ្តាល និង​ការសិក្សា​ស្រាវជ្រាវ​

​រាជបណ្ឌិត្យសភាកម្ពុជា មាន​តួនាទី​សំខាន់​ចំនួន​ពីរ​ធំៗ​គឺ ការបណ្តុះបណ្តាល និង​ការសិក្សា​ស្រាវជ្រាវ​