ស្លាប់ ១០នាក់ របួស ១៧នាក់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី២៧កុម្ភៈ ម្សិលមិញ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ បានបណ្ដាលឲ្យមនុស្សចំនួន ១០នាក់ បានស្លាប់បាត់បង់ជីវិត និង១៧នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។

យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ កើតឡើងចំនួន ១៤លើក, ស្លាប់ ១០នាក់, របួសធ្ងន់ ១៣នាក់ និងរបួសស្រាល ៤នាក់ បណ្តាលឲ្យខូចខាត ម៉ូតូចំនួន ១៤គ្រឿង, រថយន្តធុនតូច ៥គ្រឿង, រថយន្តធុនធំ ២គ្រឿង, យានផ្សេងៗ ២គ្រឿង និងថ្មើរជើង ១នាក់។ មូលហេតុបណ្តាលមកពី បើកបរក្នុងល្បឿនលឿនចំនួន ៧លើក, ស្រវឹង ៣លើក, មិនប្រកាន់ស្តាំ ៣លើក និងមិនគោរពសិទ្ធិ ១លើក។

នៅថ្ងៃទី២៧ កុម្ភៈនោះ លទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូកគោក មានមធ្យោបាយចូលគោលដៅចំនួន ៤៣.០៦៦គ្រឿង (ម៉ូតូ ៦៥ភាគរយ), មធ្យោបាយល្មើស ៨.៥០៨គ្រឿង (ម៉ូតូ ៦៩ភាគរយ), ធ្វើការងារអប់រំចំនួន ៣.៤២៨គ្រឿង ស្មើនឹង ៤០ភាគរយ, ពិន័យចំនួន ៥.០៨០គ្រឿង (បង់ប្រាក់ ៨៨ភាគរយ) និងធ្វើការអប់រំឲ្យ ពាក់មួកសុវត្ថិភាព ពេលជិះម៉ូតូ បានចំនួន ១.៧៨៩នាក់៕

ស្លាប់ ១០នាក់ របួស ១៧នាក់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី២៧កុម្ភៈ ម្សិលមិញ