ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​យោធា​ផ្កាយ​១​នៅ​ក្រសួងការពារជាតិ​ បាន​បើករថយន្ត Lexus RX 330 ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ទៅ​​ប៉ះ​ម៉ូតូ​វី​វ៉ា ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​អ្នក​រត់​ម៉ូតូឌុប​ពេល​រាត្រី​ម្នាក់​បន្តិចបន្តួច ហើយ​មិន​ព្រម​ចុះ​ពីលើ​រថយន្ត​មក​ដោះស្រាយ​ទេ ធ្វើ​ឲ្យ​ជន​រង​គ្រាះ​ខឹង​ក៏​ជិះ​ម៉ូតូ​ទៅ​ទះ​ក្បាល​រថយន្ត និង​ស្រែក​ស្តីបន្ទោស ធ្វើ​ឲ្យ​ម្វា​ស់​រថយន្ត Lexus នោះ​ខឹង ដក​កាំភ្លើងខ្លី​បាញ់​១​គ្រាប់​សំដៅ​ទៅ​លើ​បុរស​អ្នក​រត់​ឌុ​ប​នោះ តែ​មិន​ត្រូវ ហើយ​ក៏​បាន​បើករថយន្ត​ព្យាយាម​រត់គេច​ខ្លួន បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដេញ​តាម​ចាប់​ផ្អើល​ទីក្រុង​ភ្នំពេញ​ទាំង​យប់ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ និង​បណ្តាល​ឲ្យ​ផ្ទុះអាវុធ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

មន្ត្រី​អាវុធហត្ថ​បាន​លួច​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌​មាន​ឲ្យដឹងថា អ្នក​បើករថយន្ត Lexus RX 330 ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 02-6882 ដែល​បាន​បាញ់ប្រហារ​ទៅ​លើ​បុរស​រត់​ម៉ូតូឌុប​នៅ​មុខ​ផ្សារ​ហេង​លី​នោះ​ឈ្មោះ ហេង គឺជា​យោធា​ពាក់​ផ្កាយ​១ បម្រើ​ការងារ​នៅ​ខាង​ភស្តុ​ភារ​នៃ​ក្រសួងការពារជាតិ (​កំពុង​រត់គេច​ខ្លួន​) ។ ចំណែក​ជន​រង​គ្រាះ​ឈ្មោះ រៀម ឃួ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរប​រត់​ម៉ូតូឌុប ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1I-2354 ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ការ​ឲ្យ​ដឹង​ពី​ជន​រង​គ្រាះ​ជា​អ្នក​រត់​ម៉ូតូឌុប​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​តាម​ផ្លូវ​១៨២ ឡើង​មក​ផ្លូវ​២៧១ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​រថយន្ត Lexus RX 330 ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 02-6882 ​បើក​ស្រប​ទិស​គ្នា​មក​ប៉ះ​ម៉ូតូ​គាត់​បន្តិចបន្តួច​បណ្តាល​ឲ្យ​ដួល ធ្វើ​ឲ្យ​គាត់​ខឹង​ក៏​យកដៃ​ទៅ​ទះ​ក្បាល​រថយន្ត​ហើយ​និយាយ​ថា បើកឡាន​ឈ្លើយ​ម្ល៉េះ ពេល​នោះ​ភាគី​ខាង​ម្ចាស់​រថយន្ត​ឮ​ដូច្នេះ​ក៏​បើកទ្វារ​រថយន្ត​ហើយ​បាញ់​គាត់​មួយ​គ្រាប់​តែ​មិន​ត្រូវ ព្រោះ​គាត់​លោត​ពីលើ​ម៉ូតូ​ទាន់ រួច​ម្ចាស់​រថយន្ត​បាន​ព្យាយាម​បើក​រត់គេច​សំដៅ​ទៅ​ផ្ទះ​លេខ​៨២​របស់​ខ្លួន​រហូត​ដល់​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ។ ស្រប​ពេល​នោះ​ដែរ​ក៏​បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​មក​ដល់​ផ្ទះ​លេខ​៨២ តែ​ពេល​អាវុធហត្ថ​មក​ដល់​ឃើញ​តែ​រថយន្ត Lexus RX 330 ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ខាងលើ តែ​មិន​បានឃើញ​ម្ចាស់​ទេ ។

ក្រោយ​កើតហេតុ ស្រាប់តែ​មាន​បុរស​ម្នាក់​កាន់​កូនសោរ​រថយន្ត​បង្កហេតុ​មក​ចាក់​ទ្វារ​យក​អីវ៉ាន់ ក៏​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន ហើយ​ដឹក​តាម​រថយន្ត​យក​ទៅ​សួរនាំ​បន្ត​ទៀត​ផង​ដែរ ។

រយៈពេល​ជាង​២​ម៉ោង​ក្រោយ​ពេល​នាំ​ខ្លួន​បុរស​នោះ​ទៅ​សាកសួរ ទើប​អាវុធហត្ថ​រាជធានី​ភ្នំពេញ​លួច​បង្ហើប​ប្រាប់​ក្រុម​អ្នក​ព័ត៌មាន​ឲ្យ​ដឹង​ថា អ្នក​បើករថយន្ត Lexus RX 330 ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 02-6882 ដែល​បាន​បាញ់ប្រហារ​ទៅ​លើ​បុរស​រត់​ម៉ូតូឌុប​នៅ​មុខ​ផ្សារ​ហេង​លី​គឺជា​យោធា​ពាក់​ផ្កាយ​១​បម្រើ​ការងារ​នៅ​ខាង​ភស្តុ​ភារ​នៃ​ក្រសួង​ការពារជាតិ ឈ្មោះ​ហេង ហើយ​ពេល​នេះ​កម្លាំង​កងរាជអាវុធហត្ថ​កំពង់​តាម​ប្រមាញ់​ចាប់ខ្លួន​ផង​ដែរ ៕