គណបក្សសុំបង្កើតថ្មីមាន9 មានតែ គណបក្សអំណាចខ្មែរសុំចុះបញ្ជី

ភ្នំពេញ:

គណបក្សនយោបាយដែលបានស្នើសុំបង្កើតគណបក្សមកក្រសួងមហាផ្ទៃ នៅចុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦ ដែលត្រូវបានក្រសួងអនុញ្ញាតឲ្តបង្កើតនោះ គឺមានចំនួន៩គណបក្ស ក៏ប៉ុន្តែគឺមានតែមួយគណបក្សតែប៉ុណ្ណោះ ដែលបានសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ គឺគណបក្ស អំណាចខ្មែរ ដែលមានលោកសួន សេរីរដ្ឋា ជាប្រធាន។
គណបក្សដែលក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យបង្កើតថ្មី នៅក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៦ មានចំនួន៩គណបក្ស រួមមានៈ ១.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ២.គណបក្សខ្មែរសាមគ្គី។ ៣.គណបក្សយុត្តិធម៌ជាតិខ្មែរ។ ៤.គណបក្សអំណាចខ្មែរ។ ៥.គណបក្សយុវជនកម្ពុជា។ ៦.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។ ៧.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ ៨.គណបក្សកម្ពុជាសេរីភាព និង៩.គណបក្សខ្មែររួបរួមជាតិ។ហើយក្នុងចំណោមគណបក្សទាំង៩ ដែលទទួលបានការអនុញ្ញាតឲ្យបង្កើតគណបក្សនេះ គឺមានតែគណបក្សអំណាចខ្មែរ មួយប៉ុណ្ណោះដែលបានសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
គិតមកដល់ចុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦នេះ គណបក្សនយោបាយមានចំនួន៦៣គណបក្ស ក្នុងនោះគណបក្សដែលបានបង្កើតតែមិនទាន់បានសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ២២គណបក្ស និងគណបក្សនយោបាយដែលបានចុះបញ្ជី៤១គណបក្ស។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៤ គណបក្សនយោបាយមានចំនួន ៥៦គណបក្ស ក្នុងនោះគណបក្សបានបង្កើតតែមិនបានសុំចុះបញ្ជីមាន១៥គណបក្ស និងគណបក្សនយោបាយដែលបានចុះបញ្ជីមានចំនួន៤១គណបក្ស។ ដោយឡែកគណបក្សនយោបាយដែលបានលុបឈ្មោះចេញពីបញ្ជីមានចំនួន២៤គណបក្ស ដោយមិនបានរាប់បញ្ចូលក្នុងស្ថិតិខាងលើ៕